ខេត្តបន្ទាយមានជ័យ ​៖ បុរស​ម្នាក់​បានវាយ​នារី​រង​គ្រោះជា​សង្សារ​​ដោយសារ​រឿង​ប្រច័ណ្ឌ ដោយសារ​ទូរស័ព្ទ​ទៅ​នាងរីរង​គ្រោះ មិន​លើក​ទូរស័ព្ទសោះ ពេលដើររកក៏ប្រទះឃើញ ​នាង​អង្គុយ​នៅ​ក្បែរ​ប្រុស​ផ្សេង សាសង​រឿង​ស្នេហា ថែមទៀតធ្វើអោយជន​ដៃដល់​ឃើញ​បែប​នោះ​ ទ្រាំ​ពុំ​បាន​ឈឺចិត្ត​ក្តៅក្រហាយ​ក៏​ស្ទុះ​វាយ​នាង​ជា​សង្សារ​ជា​ច្រើន​កណ្តាប់ដៃ​ចំ​ផ្ទៃមុខ និង​មាត់​បណ្តាល​ឱ្យ​បាក់​ធ្មេញ​មុខ​ចំនួន​២​ផង​ដែរ ​។

ជន​ដៃដល់​ត្រូវ​បាន​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ធ្វើការ​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៦ ជាប់​ពាក់ព័ន្ធ​និង​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​ ទៅ​លើ​នារី​ម្នាក់​ដែល​ជា​សង្សារ​របស់​ខ្លួន​ ក្រោយពី​ស្ត្រី​រង​គ្រោះ​បាន​មក​ដាក់​ពាក្យ​ប្តឹង​ទៅ​លើ​ជន​ដៃដល់​ដែល​បាន​វាយ​នាង​បាក់​ធ្មេញ និង​ស្នាម​មុខ​ខណៈ​ដែល​នាង​អង្គុយ​និយាយ​សាសង​ជាមួយ​ប្រុស​ផ្សេង​ក្នុង​ពិធី​មង្គលការ​មួយ​កន្លែង កាលពី​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៦ ស្ថិត​ក្នុងភូមិ​ប្រជា​ធម្ម សង្កាត់​ផ្សារ​កណ្តាល​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ឱ្យ​ដឹង​ថា ជន​ដៃដល់មានឈ្មោះ ហេវ ផ​ល្លី អាយុ​២៣​ឆ្នាំ រស់នៅ​ផ្ទះ​ជួល​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​។​ចំណែក​នារី​រង​គ្រោះ​មានឈ្មោះ​ប្រម ពិសី អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​អូរ​ឫស្សី​ក្រោម សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​ ។ ជន​ដៃដល់​ត្រូវ​បាន​ចាប់​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​យក​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់​៕