យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីខែ​វិច្ឆិកា ឆ្នំា២០១៦កន្លងមកនេះបានបង្ហាញថា លោក សុត វណ្ណី និងលោក ម៉ៅ ហឿន ​​ដែលទើបចេញពី​ពន្ឋនាគារ​​​ពីបទប្រើហិង្សាវាយតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិនោះ បានត្រូវដំឡើង​ឋានន្តរស័ក្តិពី​វរៈសេនីយ៍ទោទៅវរៈសេនីយ៍ឯក​ ។

គួររំឮកថា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ញ៉យ ចំរើន និងលោក គង់ សភា បានរងការវាយ​ទាត់​ធាក់​កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥កន្លងមក នៅមុខរដ្ឋសភាជាតិ ចំពេលដែលក្រុមបាតុករ ដែលគេ​ដឹង​ថាគាំទ្រគណបក្សកាន់អំណាច បានតវ៉ាទាមទារឲ្យទម្លាក់លោក កឹម សុខា ពីតំណែងអនុប្រធានទី១រដ្ឋសភា។

ក្រោយមកមនុស្ស ៣នាក់ មានឈ្មោះ ម៉ៅ ហឿន អាយុ ៣៤ឆ្នាំ សុត វណ្ណី អាយុ ៤៥ឆ្នាំ និង ឆាយ សារិទ្ធ អាយុ ៣៣ឆ្នាំ ដែលគេស្គាល់ថាជាអង្គរក្សលោក ហ៊ុន សែន បានចេញមុខសារភាពនិង​ទទួលខុសត្រូវចំពោះអំពើ​ហិង្សានេះ។

កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឲ្យពួកគេ​ជាប់​ទោសតែ ១ឆ្នាំប៉ុណ្ណោះ ដោយព្យួរទោស ៣ឆ្នាំ ប៉ុន្តែចៅក្រមមិនបានបញ្ជាក់ពីមូលហេតុនៃការព្យួរទោស​នោះ​ទេ។​ សាលក្រមក៏បានបង្គាប់ឲ្យពួកគេបង់ប្រាក់ជំងឺចិត្តជូន លោក គង់ សុភា ៤០លានរៀល និងលោក ញ៉យ ចំរើន ៤០លានរៀលនិងបង្គាប់ឲ្យបង់ប្រាក់ពិន័យ៦លានរៀលក្នុងម្នាក់ៗចូលរដ្ឋផងដែរ ។

យ៉ាងណាក៍ដោយ នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នំា​២០១៦នេះ​«អង្រុត»​មិនអាចរកការសុំអត្ថាធិប្បាយបញ្ជាក់ បន្ថែម​បានទេពីលោកនាយឧត្តមសេនីយ៍​ ហ៊ីង ប៊ុន​ហៀង មេបញ្ជាការកងអង្គរក្សលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៍ដូចជាលោកឧត្តមសេនីយ៍ឯក ឈុំ សុជាតិ អ្នកនំាពាក្យក្រសួងការពារជាតិ ជុំវិញការដំឡើងឋានន្តរស័ក្តិ ជនដៃដល់ដែលវាយទាត់ធាក់អ្នកតំណាងរាស្រ្តបក្សប្រឆំាងខាងលើនេះ ៕