អ្នកបើកបររថយន្តដឹកអ្នកដំណើរនិងទំនិញ ១២៩នាក់ ក្នុងចំណោមអ្នកបើកបរ៦៦៥នាក់​ដែលបានត្រួតពិនិត្យ​គឺមាន​ផ្ទុកសារធាតុញៀន ។

តួលេខនេះត្រូវបានបង្ហាញឡើងនៅក្នុងកិច្ចប្រជុំបូក​សរុបលទ្ធផល​ត្រួតពិនិត្យការអនុវត្ត​ច្បាប់ចរាចរណ៍​ផ្លូវគោក​ឆ្នាំ២០១៦ និងទិសដៅ​ការងារឆ្នាំ​២០១៧ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃ០២ ខែមករា ឆ្នាំ២០១៧ ។ យ៉ាងណារបាយការណ៍​មិនបានបង្ហាញថា អ្នកបើកបររថយន្ត​ដឹកអ្នកដំណើរ និងដឹក​ទំនិញ​ដែលរកឃើញផ្ទុកសារជាតិញៀន (អ្នកញៀនថ្នំា)ខាងលើនេះមិនដឹងជាបុគ្គលិកក្រុមហ៊ុន​ណាខ្លះ​នោះទេ ។

បើតាមរបាយការណ៍ដែលត្រូវបានផ្សព្វផ្សាយនៅព្រឹកថ្ងៃចន្ទដដែលនេះបានបញ្ជាក់ទៀតថា នៅឆ្នាំ២០១៦ សមត្ថកិច្ចបានរកឃើញយានយន្តល្មើសល្បឿនចំនួន ៣៥៩,៨៨១ គ្រឿង និងល្មើសជាតិស្រវឹង ២៧៨,២១៨នាក់ ក្នុងនោះអ្នកបើកបរល្មើស​ទាំងនេះ​ត្រូវបានអប់រំ និងពិន័យ​តាមច្បាប់ និងឃាត់ខ្លួនបញ្ជូន​សំណុំរឿង​ទៅតុលាការ មាន៦០៥ នាក់ (អ្នកបើកបររថយន្ត ១៣៤នាក់ ស្រី៤នាក់ និងអ្នកបើកបរម៉ូតូ ៤៧១នាក់) ៕