រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ លោក ជា សុផារ៉ា , រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ និង រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ លោក អ៊ុក រ៉ាប៊ុន បានត្រូវអភិបាលនៃគណៈអភិបាលខេត្តរតនគិរី លោក ថង សាវ៉ុន មិនទទួលជួបពិភាក្សាការងារជាមួយ ខណៈរដ្ឋមន្រ្តីទំាង៣រូបខាងលើចុះទៅបំពេញ​បេសកកម្ម​ការងារ​​នៅក្នុងខេត្តរតនគិរីកាលពីពេលថ្មីនេះ ដោយលោកអភិបាលខេត្តរតនគិរីបាន​បា្រប់មន្រ្តីជំនួយការរបស់​ខ្លួន​ឲ្យកុហកថា លោក​ជាប់ប្រជុំជាមួយ​លោក​ឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។

នេះបើយោងតាមលោក ស ខេង ដែលថ្លែងស្តីបន្ទោសលោក ថង សាវ៉ុន ដែលគេស្គាល់ថា​ជាកូនមន្រ្តីជាន់​ខ្ពស់​គណបក្សប្រជាជនកម្ពុជា និងជាអតីតតំណាងរាស្រ្ត លោក ប៊ូ ថង នៅក្នុងកិច្ចប្រជុំបូកសរុបការងារត្រួតពិនិត្យ​ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឆ្នំា២០១៦និងលើកទិសដៅការងារឆ្នំា២០១៧ នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧នេះ ។

នៅចំពោះមុខមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលនិងមន្រ្តីជំនាញពាក់ព័ន្ឋ នៅក្នុងគណៈកម្មាធិការជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោកនៅព្រឹកមិញ​​ លោក ស ខេង បានបញ្ជាក់ថា ការភូតកុហករដ្ឋមន្រ្តី ដែលក្នុងនាមខ្លួនជា​តំណាង​​ឲ្យរាជរដ្ឋាភិបាល តំណាងរាស្រ្តនិងប្រជាពលរដ្ឋនៅខេត្តរតនគិរីទំាងមូលគឺជាអំពើខុសច្បាប់ ហើយថា​លោកមិនបានជាប់ប្រជុំជាមួយអភិបាលខេត្តរូបណានោះទេប៉ុន្មានសប្តាហ៍កន្លងមកនេះ ៕