SONY DSC

លោក មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ​មាន​ប្រសាសន៍​ ​​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​តំណាង​ក្រុមហ៊ុន​ផ្សាយ​ពាណិជ្ជ​ប៉ាណូ​ទាំងអស់​នា​ព្រឹក​ថ្ងៃ​ទី​៣ មក​រា នេះ​ថា ចំពោះ​របា​កាត់​ទទឹង​ផ្លូវ​ទាំងអស់​នឹង​ត្រូវ​បញ្ឈប់​ការ​អនុញ្ញាតិ និង​បញ្ចប់​សុពលភាព​ប្រើប្រាស់​ហើយ​ម្ចាស់​ក្រុមហ៊ុន​ពាក់​ព​ន្ធ័ ត្រូវ​រុះរើ​ចេញ​ក្នុង​រយៈពេល​១​ខែ​បន្ទាប់​ពី​ផុតកំណត់​កាលបរិច្ឆេទ​អនុញ្ញាតិ ។

ទាក់ទិន​ទៅ​នឹង​បញ្ហា​ខាងលើ​នេះ​មាន​ក្រុមហ៊ុន​ធំ​ៗ​ក្នុងស្រុក​ចំនួន​៤ សុទ្ធ​សឹង​ក្រុមហ៊ុន​សេវាកម្ម​បាន​សម្តែង​មតិ​ដូច​ៗ​គ្នា ដោយ​ធ្វើការ​ចោទប្រកាន់​ថា បាន​ប្រគល់​សេវាកម្ម​យក​ថ្លៃ​លើ​ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ប្រចាំឆ្នាំ​នៅ​រាជធានី ដោយ​មិន​ដាក់​ឱ្យ​ដេញថ្លៃ គឺ​ស្ងាត់​ៗ​ចេញ​អុង​បី​ស៊ីដាច់​…​។

មាន​ក្រុមហ៊ុន​ខ្លះ​ទម្លាយ​ឱ្យ​ដឹង​ថា ពួក​គេ​បាន​ចំណាយ​ក្រៅ​ជិត​មួយ​លាន​ដុល្លារ​ រត់ការ​យក​ថ្លៃ​សេវាកម្ម​ប៉ាណូ​…​នឹក​ថា​បាន ប៉ុន្តែ​នៅ​តែ​យក​មិន​បាន បែរ​ទៅ​ចេញ​លេខ​ញ៉ុ​ក​១០​គត់​ទៅ​វិញ ។ ពួក​គេ​មាន​សំណួរ​ថា តើ​គេ​ចាយ​អស់​ប៉ុន្មាន​ទើប​មានសំណាង​អី​ធំ​ម្ល៉េះ បាន​ទទួល​សិទ្ធិ​ផ្តាច់មុខ​១០​ឆ្នាំ ២០​ឆ្នាំ ដោយ​គ្មាន​ការ​ដេញថ្លៃ​នេះ ? ស្ងាត់​ៗ​ចេញ​អុង​បី ស៊ីដាច់​ម៉ាត់ ។

មន្ត្រី​ដែល​ស្និត​ជាមួយ​សាលាក្រុង​ភ្នំពេញ​បាន​និយាយ​ថា ឧកញ៉ា​ម្នាក់​ជា​អ្នកមាន​សំណាង​បាន​ទទួល​សិទ្ធិ​ម៉ៅ​ការ​យក​ថ្លៃ​ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​យីហោ​ផ្សេង​ៗ​ទូ​ទាំង​រាជធានី​ភ្នំពេញ​រយៈពេល​១០​ឆ្នាំ ។

ប្រភព​ដដែល​បញ្ជាក់​ថា ក្នុង​មួយ​ឆ្នាំ​ក្រុមហ៊ុន​ម៉ៅ​ការ​បង់​ចំណូល​រដ្ឋ​២៥​ម៉ឺន​ដុល្លារ ។ ចំពោះ​ទូ​ទាំង​រាជធានី​ភ្នំពេញ​ដែល​រីក​កាន់តែ​ធំ​នេះ តាម​ការ​ប៉ាន់ស្មាន​អាច​ប្រមូល​ចំណូល​បាន​លើស​ពី​៣​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ។ មន្ត្រី​ដដែល​និយាយ​ថា ក្នុង​ជំនាន់​ក្រុមហ៊ុន​ចាស់​ម៉ៅ​ការ​អាច​បាន​ចំណូល​ជិត​២​លាន​ដុល្លារ ដែល​កាលនោះ​គេ​បង់​បាន​តែ​១៥​ម៉ឺន​ដុល្លារ​ទេ​ក្នុង​១​ឆ្នាំ ។

ប៉ុន្តែ​ពេល​នេះ​ទីក្រុង​កាន់តែ​រីក​ធំ សេដ្ឋកិច្ច​កាន់តែ​រីក​ចំរើន ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​កាន់តែ​ដុះដាល​ទូលំទូលាយ ប្រ​សិន​បាន​ដាក់​ឱ្យ​ដេញថ្លៃ​អាច​បាន​ចំណូល​ច្រើន​ជាង​នេះ​២​ទៅ​៣​ដង ។

មិន​អាច​ស្វែងរក​ការ​បំភ្លឺ​ពី​ប្រភព​ណាមួយ​បាន​ទេ ក៏​ដូច​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ ។ ចំណែក​ថៅកែ​ក្រុមហ៊ុន​ម៉ៅ​ការ​ដែល​មានសំណាង​ដូច​ទេវតា​ប្រទាន បាន​ទទួល​សិទ្ធិ​ដោយ​អត់​ដេញថ្លៃ ឬ​ក៏​អ្នកតំណាង​កាន់តែ​មិន​អាច​សុំ​ការ​បំភ្លឺ​បាន ដែល​សន្មត់​ថា ចប់​ទៅ​ហោង​…​៕

SONY DSC