ទីបំផុតទៅសំណុំរឿងឃាតកម្មអារ.កមនុស្ស៣នាក់នៅយប់ថ្ងៃឆ្លងឆ្នំា នៅក្រុងសៀមរាប​បង្កឲ្យមានការ​ភ្ញាក់​ផ្អើល​ទូទំាងប្រទេសនោះ ជនសង្ស័យជាឃាតករបានសារភាពចំពោះមុខសមត្ថកិច្ចថា មូលហេតុដែលឈាន​ដល់ការ​ប្រើអំពើហិង្សានេះផ្តើមពីក្រុមជនរងគ្រោះបង្ខំទារលុយ២០០០ដុល្លារ ជាថ្នូរនឹងការនំាខ្លួន(ជនសង្ស័យ)​ចូលធ្វើ​ការ​​ក្នុងក្រុមហ៊ុនអាហារបំប៉ន​សុខ​ភា​ព‌ (B.H.I.P) ។

បើតាមសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧នេះថា ករណីឃាតកម្មនេះ​គឺជន​សង្ស័យធ្វើសកម្មភាពតែម្នាក់ឯងដោយលួចដាក់ថ្នំាសណ្តំ រួចចាប់អារ.កសម្លាប់តែម្តង​ ហើយថា​មូលហេតុ​ពិត​ប្រាកដនោះ ជារឿងគំនុំផ្ដើមចេញមុនដំបូង ជនដៃដល់និងជនរងគ្រោះបានស្គាល់គ្នាតាម Facebook រួចហើយ​ជនរងគ្រោះបានប្រាប់ឲ្យចូលបម្រើការងារ ជាបុគ្គលិកក្រុមហ៊ុន អាហារបំប៉ន់ដូចពួកគេ ។ សមត្ថកិច្ចបន្តថា​ពេល​ដែលជនដៃដល់យល់ព្រមចូលបម្រើការងារ ស្រាប់តែក្រុមជនរងគ្រោះបានប្រាប់ឲ្យរូបគេ បង់លុយចំនួន២​ពាន់​​ដុល្លារ តែជនដៃដល់មិនមាន ហើយក្រុមជនរងគ្រោះនៅបន្ដបង្ខំ ទោះទៅខ្ចីលុយគេ ឬសុំពីគ្រួសារ ធ្វើខំឲ្យ​ជនដៃ​ដល់ខឹងដោយសារចាញ់បោក ទើបរៀបចំផែនការសម្លាប់តែម្ដង ។

គួររំឮកថា មនុស្ស២នាក់ស្លាប់ដោយអារ.កនិងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ត្រូវបានគេប្រទះឃើញក្នុងបន្ទប់ជួល បង្កឲ្យមាន​ការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងក្រុមទី៦ ភូមិ​សាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

បើតាមសមត្ថកិច្ចជនរងគ្រោះ២នាក់ដែលស្លាប់ ម្នាក់ឈ្មោះ ឃុន សុឃីន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរធ្វើការ​ក្រុមហ៊ុនអាហារបំប៉នសុខ​ភា​ព‌ (B.H.I.P) មានស្រុកកំណើតនៅស្រុកឈូក ខេត្តកំពត ម្នាក់ទៀតឈ្មោះ វេត រដ្ផា ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើត នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងជនរងគ្រោះរបួសធ្ងន់ ឈ្មោះ ឡេង ស្រីពៅ ភេទស្រី អាយុ២៨ឆ្នាំ ត្រូវជាប្រពន្ឋជនរងគ្រោះឈ្មោះ ឃុន សុឃីន​ ។

ចំណែកជនសង្ស័យជាឃាតករឈ្មោះ ជា សុខ​ជៀន អាយុ​២៣​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​អាហារ​បំប៉ន​សុខ​ភា​ព‌ (B.H.I.P) មាន​ទីលំនៅ​ស្រុក​រលារ​ប្អៀ​រ ខេត្ត​កំពង់​ឆ្នាំ​ង‌ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ក្នុង​ក្រុង​សៀមរាប ត្រូវបាន​សមត្ថកិច្ចចាប់ខ្លួន ​កាលពី​ល្ងាច​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០១៧ នៅ​ស្រុក​ជីក្រែង ខេត្តសៀមរាប ខណៈ​ជនសង្ស័យ​កំពុង​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ផ្លូវជាតិ​លេខ​៦ ។

បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់ ៕