ខាងលើនេះជាការលើកឡើងរបស់លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង ។ បើតាមលោក សម រង្ស៊ី ដែល​កំពុងនិរទេសខ្លួននៅក្រៅប្រទេស «អ្នកទោសនយោបាយនៅប្រទេសកម្ពុជា គ្រាន់តែជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន ដែលគាត់(លោក ហ៊ុន សែន) ប្រើប្រាស់ជាថ្នូរ ដើម្បីបង្ខំគណបក្សសង្គ្រោះជាតិ ឲ្យធ្វើអ្វីៗតាម​តែគាត់​ចង់បាន ។

លោក សម រង្ស៊ី បានយកអត្ថបទទំាងស្រុងរបស់ខេមបូឌាដេលី ដែលមានចំណងជើងថា​«លិខិតបែកធ្លាយ​បង្ហាញ​ថា បក្សប្រជាជន​ព្យាយាមបំបែកបំបាក់បក្សសង្គ្រោះជាតិ»និងភ្នំពេញប៉ុស្តិ៍ «មានការលើកឡើងថាលោក ហ៊ុន សែន បន្តបំបែក CNRP មកធ្វើការពិចារណានិងសន្និដ្ឋានផ្ទាល់ខ្លួនខាងលើនេះ ដែលអត្ថបទរបស់កាសែត​បរទេសទំាងពីរមានអត្ថន័យទំាងស្រុងថា«

កាលពីម្សិលមិញ អ្នកនយោបាយមកពីគណបក្សធំៗទាំងពីរលើកឡើងថា ពួកគេមិនជាប់ពាក់ព័ន្ធនឹងសេចក្ដីព្រាងសេចក្តីថ្លែង ការណ៍បែកធ្លាយមួយ ដែលទំនងជាត្រូវបានរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចដើម្បីឱ្យលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិចុះហត្ថលេខានោះឡើយ។

សេចក្ដីថ្លែងការណ៍នោះដែលច្បាប់ចម្លងត្រូវបានផ្ញើទៅកាសែត ខេមបូឌា ដេលី ថ្កោលទោសចំពោះការប្រមាថណាមួយមកលើក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាពិសេសការលើកឡើងដែលថា លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកជាកូនរបស់លោកស្រី ប៊ុន រ៉ានី ស្ត្រីទី១ និងឧត្ដមសេនីយ៍វៀតណាម។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និងក្រសួងមហាផ្ទៃសុទ្ធតែបដិសេធថា មិនបានដឹងពីសេចក្ដីថ្លែងការណ៍នេះទេ។

សេចក្ដីថ្លែងការណ៍ដែលបែកធ្លាយចុះថ្ងៃទី៧ ខែមករានេះ ចាប់ផ្ដើមដោយប្រើពាក្យពេចន៍ថា “កាលពីយប់មិញសម្ដេច ហ៊ុន សែន បានស្នើឱ្យលោក កឹម សុខា ចេញសេចក្ដីថ្លែងការណ៍មួយទៀត… សេចក្ដីព្រាងនៃសេចក្តីថ្លែងការណ៍នោះមានខ្លឹមសារដូចខាងក្រោម៖ ក្នុងនាម គណបក្សសង្គ្រោះជាតិ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនអគិតិដែលបានប្រមាថមកលើគ្រួសារលោក ហ៊ុន សែន គឺប្រៀបបានទៅនឹងជនពាលមិនស្មើនឹងសត្វតិរច្ឆាន”។

សេចក្ដីថ្លែងការណ៍ដដែលនេះបន្តថា ”ក្នុងករណីដែលអ្នកមានចេតនាអាក្រក់ទាំងនេះត្រូវបានរកឃើញថា ជាសមាជិករបស់គណបក្សសង្គ្រោះជាតិ គណបក្សមានសិទ្ធិបណ្ដេញជនទាំងនេះចេញ។

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលរស់នៅក្នុងភាពនិរទេសខ្លួនក្នុងប្រទេសបារាំងនោះបានមានប្រសាសន៍ថា លោកសង្ស័យថា រដ្ឋាភិបាលកំពុងរិះរកមធ្យោបាយធ្វើយ៉ាងណាឱ្យមានការបណ្ដេញរូបលោកចេញពីគណបក្ស បើទោះជាការអះអាងដែលថា លោក ហ៊ុន សែន “បានទិញ” សមាជិកគណបក្សរបស់លោកមួយចំនួនឱ្យរិះគន់មកលើរូបលោកក៏ដោយ។

លោក សម រង្ស៊ី បានមានប្រសាសន៍ថា ប្រសិនបើលោក កឹម សុខា ចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍នោះ សមាជិកទាំងនោះនឹងអះអាងថា លោកបានប្រមាថក្រុមគ្រួសារ លោក ហ៊ុន សែន មែន។

លោកបានថ្លែងថា ”យើងមានឈ្មោះសមាជិកគណបក្សសង្គ្រោះជាតិដែលលោក ហ៊ុន សែន បានទិញហើយ និងអ្នកដែលគ្រោងបរិហារកេរ្តិ៍ សម រង្ស៊ី ប៉ុន្តែយើងមិនទាន់ចេញឈ្មោះពួកគេនៅពេលនេះទេ”។

ការបែកធ្លាយនេះបានកើតឡើង ខណៈដែលមានកិច្ចព្រមព្រៀងសម្ងាត់មួយធានាឱ្យមានការដោះលែងអ្នកទោសប្រាំនាក់ ដែលទំនងជាមានភាពជាប់គាំង។ អ្នកទោសទាំងនេះគឺបួនរូបមកពីសមាគមសិទ្ធិមនុស្សអាដហុក និងមួយរូបទៀតមកពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជាប់ពាក់ព័ន្ធនៅក្នុងករណីដែលគេធ្វើឡើងប្រឆាំងលោក កឹម សុខា កាលពីឆ្នាំមុនដែលមជ្ឈដ្ឋានទូទៅ ចាត់ទុកថាជាហេតុផលនយោបាយ។

ជាផ្នែកមួយនៃទំនាក់ទំនងល្អប្រសើរឡើងវិញ ផ្នែកនយោបាយមួយគួរឱ្យភ្ញាក់ផ្អើលកាលពីខែមុន លោក កឹម សុខា ត្រូវបានព្រះមហាក្សត្រព្រះរាជទានលើកលែង ទោសតាមសំណើរបស់លោក ហ៊ុន សែន ជាមួយនឹងការរំពឹងទុកថា មន្ត្រីប្រាំរូបទៀតនឹងត្រូវបានដោះលែងកាលពីដំណាច់ឆ្នាំមុនដែរ។ ប៉ុន្តែគណបក្សសង្គ្រោះជាតិនៅតែរង់ចាំជំនួបជាច្រើនទៀតជាមួយមន្ត្រីរដ្ឋាភិបាល។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា ”យើងចង់ឱ្យមានការដោះលែង​ពួកគាត់”។ លោកបានបន្ថែមថា គណបក្សសង្គ្រោះជាតិរង់ចាំការជួបប្រជុំគ្នា។ “អ្នកដែលអាចធ្វើរឿងនេះបាន​គឺគណបក្សប្រជាជនកម្ពុជា”។

នៅក្នុងការព្យាយាមឱ្យមានការចាប់ផ្តើមការចរចាអំពីអ្នកទោសទាំងនេះ កាលពីសប្ដាហ៍មុនលោក កឹម សុខា បានស្នើឱ្យមានជំនួបមួយជាមួយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ យោងតាមលិខិត​មួយច្បាប់ដែល​បង្ហោះក្នុងទំព័រហ្វេសប៊ុករបស់លោក កឹម សុខា លោក ស ខេង បានឯកភាពក្រៅផ្លូវការ ប៉ុន្តែមិនទាន់មានការ​កំណត់កាលបរិច្ឆេទ ឬរបៀបវារៈនៅឡើយទេ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបដិសេធការដែលថា ការពិភាក្សារវាងគណបក្សធំៗ​ទាំងពីរនេះបានបរាជ័យ។ លោកបានមានប្រសាសន៍ថា “គ្មានបញ្ហាទេជាមួយវប្បធម៌សន្ទនា។ វប្បធម៌សន្ទនា នៅអនុវត្តនៅឡើយ”។ ចំណែកអត្ថបទភ្នំពេញប៉ុស្តិ៍មានខ្លឹមសារថា«

មានការលើកឡើងថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជននៅតែកំពុងរិះរកគ្រប់វិធីដើម្បីបំបែកថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដោយនៅពេលនេះលោកកំពុងតែបង្ខំឲ្យលោក កឹម សុខា សរសេរលិខិត ឬសេចក្តីថ្លែងការណ៍តែម្នាក់ឯងឲ្យគាត់មួយច្បាប់ដែលក្នុងនោះគេឲ្យលោក កឹម សុខា សន្យាថានឹងបណ្តេញចេញពីគណបក្សសង្គ្រោះជាតិចំពោះបុគ្គលណាដែលបានជេរប្រមាថលោក ហ៊ុន សែន ភរិយាគាត់ និងកូនប្រុសច្បងរបស់គាត់ឈ្មោះ ហ៊ុន ម៉ាណែត ពាក់ព័ន្ធទៅនឹងការមួលបង្កាច់មួយដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសគ្រួសាររបស់លោកនាយករដ្ឋមន្ត្រី។ នេះបើតាមសារមួយដែលផ្ញើចេញពីអាសយដ្ឋាន អ៊ីមែល របស់លោក សម រង្ស៊ី មកកាន់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញ។

សារនេះបានអះអាងថាកាលពីយប់ថ្ងៃសៅរ៍លោក ហ៊ុន សែន បានស្នើឲ្យលោក កឹម សុខា ចេញសេចក្តីថ្លែងការណ៍មួយទៀតក្នុងនាមគណបក្សសង្គ្រោះជាតិ ប៉ុន្តែមិនឲ្យប្រើឈ្មោះលោក សម រង្ស៊ី ដែលជាប្រធានគណបក្សដែលកំពុងតែនិរទេសខ្លួនឯងនៅក្រៅប្រទេសនោះឡើយ។

បើតាមសេចក្តីព្រាងសេចក្តីថ្លែងការណ៍ ដែលគេចង់ឲ្យលោក កឹម សុខា ចេញនោះសរសេរថា «ក្នុងនាមគណបក្សសង្គ្រោះជាតិ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនអគតិដែលបានប្រមាថមកលើភរិយារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថា ជាស្រីរបស់អតីតមេដឹកនាំវៀតណាម លោក ឡេ ដឹកថ និងថែមទាំងបានចោទបុត្រារបស់សម្តេច តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតគឺលោក ហ៊ុន ម៉ាណែត ថាជាកូនរបស់លោក ឡេ ដឹកថ ថែមទៀត។ ទង្វើដ៏ថោកទាបខាងលើពិតជាមិនអាចទទួលយកបានទេ។ ក្នុងនាមគណបក្សសង្គ្រោះជាតិ និងខ្លួនខ្ញុំផ្ទាល់សូមថ្កោលទោសជាសាធារណៈចំពោះក្រុមជនប្រមាថទាំងនេះប្រៀបបានទៅនឹងជនពាលមិនស្មើនឹងសត្វតិរច្ឆានហើយសាហាវជាងសត្វអសិរពិសដែលមានចរិតបំបែកបំបាក់ និងមើលងាយមេដឹកនាំជាតិសាសន៍ឯង»។

សេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍នេះបញ្ជាក់ថា៖ «ក្នុងករណីជនអគតិទាំងនេះជាសមាជិកគណបក្សសង្គ្រោះជាតិ គណបក្សមានសិទ្ធិបណ្តេញចេញពីបក្ស»។

បើតាមសារដែលផ្ញើចេញពីអ៊ីមែលរបស់លោក សម រង្ស៊ី នេះ បានអះអាងទៀតថា តាមគម្រោងដែលលោក ហ៊ុន សែន ទើបតែបានរៀបចំថ្មីៗនេះ បន្ទាប់ពីលោក កឹម សុខា បានសរសេរលិខិត ឬសេចក្តីថ្លែងការណ៍ដូចខាងលើរួចហើយលោក ហ៊ុន សែន នឹងជំរុញឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ១ ឬ ២ នាក់ដែលគាត់ទិញបានឲ្យចេញមុខមួលបង្កាច់ លោក សម រង្ស៊ី ម្តងវិញថា លោក សម រង្ស៊ី បាននិយាយមួលបង្កាច់ក្រុមគ្រួសារលោក ហ៊ុន សែន ពិតមែននៅក្នុងកិច្ចប្រជុំណាមួយកន្លងមករបស់គណបក្សសង្គ្រោះជាតិ។

សារនេះបញ្ជាក់ទៀតថា៖ «ពេលនោះលោក ហ៊ុន សែន នឹងតម្រូវឲ្យលោក កឹម សុខា គោរពពាក្យសន្យារបស់ខ្លួនដូចមានចែងក្នុងលិខិត ឬសេចក្តីថ្លែងការណ៍ខាងលើហើយលោក ហ៊ុន សែន នឹងតម្រូវឲ្យលោក កឹម សុខា រៀបចំនីតិវិធីដើម្បីបណ្តេញលោក សម រង្ស៊ី ចេញពីជួរគណបក្សសង្គ្រោះជាតិ។ យើងស្គាល់ឈ្មោះអ្នកដែលបានលក់ខ្លួនឲ្យគេក្នុងជួរគណបក្សសង្គ្រោះជាតិហើយត្រៀមមួលបង្កាច់លោក សម រង្ស៊ី តែយើងសុំមិនទាន់បញ្ចេញឈ្មោះអ្នកនោះនៅពេលនេះទេ»។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ និងលោក យ៉ែម បុញ្ញឫទ្ធិ ព្រមទាំងតំណាងរាស្ត្រលោក អេង ឆៃអ៊ាង មិនអាចទាក់ទងសុំការបញ្ជាក់ពីបញ្ហាខាងលើនេះបានទេកាលពីម្សិលមិញ។

អ្នកនាំពាក្យគណបក្សប្រជាជនលោក សុខ ឥសាន ប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថាលោកសុំមិនអត្ថាធិប្បាយថាជាលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មែន ឬមិនមែនទេ។ តែលោកបានចាត់ទុកថាករណីនេះជារឿងមួយបង្កើតឡើងដោយលោក សម រង្ស៊ី។

លោកបញ្ជាក់ថា៖ «ខ្ញុំថារឿងហ្នឹងជាល្បិចរបស់ សម រង្ស៊ី ទេព្រោះខ្លាច កឹម សុខា ដេញក្បាលចោលអ៊ីចឹងទេបានបង្កើតរឿងនេះមក។ ខ្ញុំមើលទៅគឺអ៊ីចឹងព្រោះ សម រង្ស៊ី ពូកែប្រើល្បិចណាស់រឿងអត់មានធ្វើឱ្យមានហើយអត់មានការទទួលខុសត្រូវអ្វីទាំងអស់»។

នៅពេលសួរបញ្ជាក់ជាច្រើនសាថា តើសារនេះពិតជារបស់លោកនាយករដ្ឋមន្ត្រី ផ្ញើឱ្យលោក កឹម សុខា មែនទេ? លោក ឥសាន ឆ្លើយថា៖ «ខ្ញុំមិនដឹងទេ បើយើងមិនដឹង ថាមិនដឹង តែខ្ញុំយល់ថាមានតែ សម រង្ស៊ី ទេអ្នកបង្កើតបញ្ហាព្រោះមានការពាក់ព័ន្ធគាត់អ៊ីចឹងគាត់ភ័យខ្លាចគេដេញគាត់ចោលពីគណបក្សសង្គ្រោះជាតិទៀត ឥឡូវគាត់អស់អីពីដៃហើយនៅតែបក្សមួយទេហើយបើបក្សដេញគាត់ទៀតអាហ្នឹងចប់ហ្មងដូចបណ្តែតទូកនៅកណ្តាលសាគរអ៊ីចឹង»។

យ៉ាងនេះក្តី លោក ឥសាន សង្កត់ធ្ងន់ថា ចង់មិនចង់សារនេះអាចនឹងធ្វើឲ្យនយោបាយដែលកំពុងស្ងប់ស្ងាត់មានកម្តៅឡើងវិញ។

លោកថា៖ «សម រង្ស៊ី បង្កើតរឿងរហូតហ្នឹងម្សិលមិញគាត់និយាយរឿង ៧ មករាថាល្បិចរបស់យួន បរិហារកេរ្តិ៍គណបក្សប្រជាជនថារដ្ឋាភិបាលអាយ៉ង អាហ្នឹងរឿង សម រង្ស៊ី បង្កើតខ្លួនឯង»។

យ៉ាងណាក្តីលោក ហ៊ុន សែន បានថ្លែងនៅក្នុងពិធីរំឭកខួបលើកទី ៣៨ ឆ្នាំ ថ្ងៃរំដោះ ៧ មករាដោយលោកបានក្រើនរំឭកដល់គណបក្សដែលជាដៃគូសន្ទនាឲ្យរក្សាភាពស្មោះត្រង់ចៀសវាងការប្រើប្រាស់ពាក្យអសុរោះវាយប្រហារគ្នា និងញុះញង់ បើសិនជាចង់រក្សាវប្បធម៌មួយនេះឲ្យនៅរស់រានបន្តទៀត។

លោកបន្តថា៖ «គណបក្សប្រជាជនកម្ពុជាបន្តអនុវត្តយ៉ាងស្មោះសនូវវប្បធម៌សន្ទនាជាមួយគណបក្សមានអាសនៈក្នុងរដ្ឋសភា និងព្រឹទ្ធសភាតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ…ការញុះញង់បង្កបញ្ឆេះឲ្យមានការគុំកួនចងកំហឹងនឹងគ្នាគឺមិនអាចរក្សាអាយុជីវិតនៃវប្បធម៌សន្ទនាបានឡើយមិនតែប៉ុណ្ណោះវានឹងបំផ្លាញនូវឯកភាពជាតិរបស់យើង»។

គួរបញ្ជាក់ថាកាលពីថ្ងៃទី ៥ ខែមករាលោក កឹម សុខា ប្រធានក្រុមតំណាងរាស្ត្រសំឡេងភាគតិច និង លោក ស ខេង ប្រធានក្រុមតំណាងរាស្ត្រសំឡេងភាគច្រើនបានសរសេរលិខិតឆ្លើយឆ្លងគ្នាដោយបានបង្ហាញពីឆន្ទៈក្នុងការចង់ជួបចរចាគ្នាដើម្បីធ្វើការដោះស្រាយបញ្ហាដែលនៅសេសសល់នៅក្រោយថ្ងៃទី ១១ ខែមករានេះ ប៉ុន្តែ មិនទាន់បានកំណត់ថ្ងៃណាមួយជាក់លាក់ទេដោយនៅក្នុងលិខិតរបស់លោក ស ខេង បានសរសេរថាការខកខានមិនបានណាត់ជួបគ្នាកន្លងមកដោយសារតែរូបលោកមានការមមាញឹកក្នុងការងារ៕

Comments

comments