នាយរងប៉ុស្តិ៍ប៉ូលិសអន្តោប្រវេសន៍ប្រចំាច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោកវរៈសេនីយ៍ត្រី (ស័ក្តិ៤) ឈាន ពិសិដ្ឋ អាចនឹងប្រឈមការផ្លាស់ប្តូរទីកន្លែងការងារ ។

នេះបើយោងតាមអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក សួន បវរ ដែលនិយាយនៅក្នុងកិច្ច​ប្រជុំ​​គណៈបញ្ជាការឯកភាពខេត្តកាលពីរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ ។

បើតាមលោកអភិបាលខេត្តបន្ទាយមានជ័យដដែល ដើម្បី​ឱ្យ​មាន​​ភាព​ស្ងប់ស្ងាត់​ថ្នាក់ដឹកនាំ​បានឱ្យ​​លោក​ស័ក្តិ​៤ ឈាន ពិសិដ្ឋ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ប្រទេស​ថៃ ​ត្រូវ​មក​ធ្វើការ​ដោះស្រាយ ​និង​សម្របសម្រួល​ជាមួយ​លោកឌិន ពុ​ទ្ធី ឱ្យ​បញ្ចប់រឿង​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មាន​ភាព​ស្ងប់​អា​រម្មណ៍ គឺ​លោក​ស័ក្តិ​៤ ឈាន ពិសិដ្ឋ អនុ​ប៉ុស្តិ៍​នគ​រ​បាល​អន្ត​ប្រវេ​សន៍​ច្រក​ទ្វា​រ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ អាច​ប្រឈម​ការ​ផ្លាស់​ប្តូរ​ចេញ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ​។

អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោកនាយឧត្តមសេនីយ៍ សុខ ផល មិនអាចទាក់ទងតាមទូរស័ព្ទ​ដើម្បី​សុំការ​អត្ថាធិប្បាយបានទេនៅរសៀលថ្ងៃទី១០ ខែមករានេះ ។

ដោយឡែកពីខេត្តបន្ទាយមានជ័យក៍មានសេចក្តីរាយការណ៍មកដែរថា នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ សាក្សី០៣នាក់​ ឃើញហេតុការណ៍កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦​ ដែលលោកស័ក្តិ៤ ឈាន ពិសិដ្ឋ​បាន​ចោទលោក ឌិន ពុទ្ឋី ហៅ ម៉ង់ ពុទ្ឋី ប្រធានសមាគម​ពង្រឹង​សេដ្ឋកិច្ចក្រៅប្រព័ន្ឋ​ប្រចាំក្រុង​ប៉ោយ​ប៉ែត​​ថាបាន​បើករថយន្ត Luxus RX 300 បុកលោកខណៈនាយរងប៉ូលិសអន្តោប្រវេសន៍រូបនេះកំពុងរៀបចំសណ្តាប់ធ្នាប់​នៅលើស្ពានមិត្តភាពកម្ពុជា-ថៃប៉ោយប៉ែត​ បានចូលខ្លួនទៅបំភ្លឺតាមការកោះហៅរបស់​មន្រ្តី​សាលាដំបូងខេត្ត​បន្ទាយ​មានជ័យ ខណៈដែលប្អូនប្រុសលោក ឌិន ពុទ្ឋី សាច់ញាតិនិងអ្នកគំាទ្រប្រធានសមាគមនេះ បានព្រមាន​ថានឹងធ្វើមហាបាតុកម្មឲ្យមានការដោះលែងលោក ឌិន ពុទ្ឋី មិនហួសពីថ្ងៃទី១៧ មករានេះ ។

ក្រុមអ្នកវិភាគសង្គមបានលើកឡើងថា កុំថាឡើយដល់ទៅផ្លាស់ប្តូរកន្លែងការងាររបស់លោក ឈាន ពិសិដ្ឋ បើទោះ​បីជា​ដក​តំណែង ឬ បឈ្ឈរជើងលោកនាយរងប៉ុស្តីអន្តោប្រវេសន៍រូបនេះ ក៍សំណុំរឿងគ្រោះថ្នាក់​ចរាចរណ៍ដ៍ល្បីល្បាញនៅចុងឆ្នាំ២០១៦មួយនេះ នៅតែជះឥទ្ឋិពលអាក្រក់ដល់ស្ថាប័នប៉ូលិសជាតិទំាងមូល ជាពិសេសគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច ៕