សាក្សី ៣​នាក់​ដែល​ស្ថិត​ក្នុង​ហេតុការណ៍​ផ្ទាល់​នៅ​ក្នុង​វិវាទ​រវាង​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា និង​នាយរង​ប៉ូលិស​អន្តោប្រវេសន្ត​ម្នាក់​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ចូល​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​ចៅក្រម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ជា​បន្តបន្ទាប់​គ្នា តាំង​ពី​ព្រឹក​រហូត​ដល់​រសៀល​ថ្ងៃ​ទី​១០ ខែ​មករា។

សាក្សី​ដែល​បាន​ចូល​បំភ្លឺ​នៅ​​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ អះអាង​​ថា ពួកគាត់​មាន​ឱកាស​បាន​បកស្រាយ​ការ​ពិត​ទាំង​អស់​នៅ​ចំពោះ​មុខ​តុលាការ​​ដូច​ការ​គ្រោង​ទុក។

​​​​​​សាក្សី​ម្នាក់ លោក​ អ៊ុន ជីវ័ន​ ឲ្យ​ដឹង​ក្រោយ​ចេញ​ពី​ធ្វើ​សក្ខីកម្ម​នៅ​សាលា​ដំបូង​ខេត្ត​ក្នុង​សំណុំ​រឿង​លោក ឌិន ពុទ្ធី ដែល​អាជ្ញាធរ​ចោទ​ប្រកាន់​ថា បើក​ឡាន​បុក​​នាយ​រង​ប៉ុស្តិ៍​ប៉ូលិស​អន្តោប្រវេសន្ត​​​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត នៅ​ថ្ងៃ​ទី​១០ ខែ​មករា ថា ចៅក្រម​ស៊ើបសួរ​អម​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ​ បាន​សាកសួរ​រូប​លោក​ប្រមាណ ៣​ម៉ោង ដោយ​ពុំ​មាន​ការ​បង្ខិតបង្ខំ​ឡើយ។ លោក​អះអាង​ថា​ សំណួរ​ខ្លះ​តុលាការ​បាន​សួរ​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​ ដូច​ជា​តើ​លោក​បាន​ឃើញ​ឡាន​បុក​លោក​ ឈាន ពិសិដ្ឋ ឬ​ប៉ូលិស​រូប​នេះ​ដួល​ដោយ​ខ្លួន​ឯង​ជា​ដើម? លោក​ឆ្លើយ​​ថា​ ឡាន​របស់​លោក ឌិន ពុទ្ធី មិន​បាន​បើក​បុក​លោក ឈាន ពិសិដ្ឋ នោះ​ទេ។

លោក អ៊ុន ជីវ័ន មាន​ជំនឿ​ថា​ ចម្លើយ​របស់​លោក​នឹង​អាច​ដោះ​បន្ទុក​ឲ្យ​ជន​ត្រូវ​ចោទ​បាន៖ «ខ្ញុំ​និយាយ​នោះ​សុទ្ធតែ​ជា​ការពិត​ជាក់​ស្ដែង​ទាំង​អស់​ដែល​ខ្ញុំ​បាន​ឃើញ​​ផ្ទាល់​ភ្នែក។ ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រមុខ​រដ្ឋាភិបាល​ និង​ប្រធាន​តុលាការ​ខេត្ត​បន្ទាយមានជ័យ​ មេត្តា​ជួយ​លើកលែង​ទោស​លោក ឌិន ពុទ្ធី ព្រោះ​គាត់​ជា​មនុស្ស​តែង​ជួយ​ដល់​ប្រជាពលរដ្ឋ​មាន​បញ្ហា​ជា​ច្រើន​នាក់​នៅ​ក្នុង​ប៉ោយប៉ែត»

សាក្សី​ដែល​បាន​ចូល​បំភ្លឺ​តុលាការ​ទាំង ៣នាក់​ រួម​មាន​លោក អ៊ុន ជីវ័ន ចូល​បំភ្លឺ​នៅ​ពេល​ព្រឹក លោក ហ៊ិន សេង អឿន និង​លោក ញ៉ែត នាង ចូល​បំភ្លឺ​ពេល​រសៀល។

ទោះ​ជា​យ៉ាង​នេះ​ក្ដី​មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (Licadho)ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​ លោក ភុន ឈិន មាន​ប្រសាសន៍​ថា បន្ទាប់ពី​សាក្សី​បាន​ចូល​បំភ្លឺ​តុលាការ​ហើយ បញ្ហា​នេះ​អាច​នឹង​ជួយ​ដោះបន្ទុក​ឲ្យ​លោក ឌិន ពុទ្ធី​ ឲ្យ​មាន​សេរីភាព​ឡើង​វិញ​បាន​ ប្រសិន​បើ​ដើម​បណ្ដឹង​ពុំ​មាន​ភស្តុតាង​បន្ថែម​ ដើម្បី​បង្ហាញ​ទៅ​តុលាការ​នោះ។

យ៉ាង​ណា​ក៏​ដោយ​ លោក ភុន ឈិន សង្កត់ធ្ងន់​ថា ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា លោក ឌិន ពុទ្ធី គ្មាន​កំហុស​ទេ គឺ​​​ច្បាប់​មាន​សម្រាប់​ផ្ដន្ទាទោស​ភាគី​ម្ខាង​ទៀត​ដូច​គ្នា​​ ពី​បទ​ប្ដឹង​ធ្វើ​ឡើង​ដោយ​គ្មាន​ការពិត​ដែល​រំខាន​ដល់​អ្នក​ដទៃ​ក្នុង​គោលបំណង​ដើម្បី​ទម្លាក់​កំហុស​ធ្វើ​ឲ្យ​អ្នក​ដទៃ​មាន​បញ្ហា៖ «ហើយ​ធ្វើ​ណា​ព្យាយាម​រក​សាក្សី​ផ្សេង​ទៀត​ដែល​អាច​ផ្ដល់​តុល្យភាព​ដល់​លើ​សំណុំ​រឿង​នេះ​ ធ្វើ​យ៉ាង​ណា​ផ្ដល់​យុត្តិធម៌​ឲ្យ​បាន​ស្មើភាព​គ្នា ព្រោះ​ពលរដ្ឋ​ត្រូវ​ស្ថិត​នៅ​ក្រោម​ច្បាប់​ដូច​គ្នា។ អ៊ីចឹង​ចៅក្រម​​ត្រូវ​រក​ឲ្យ​ឃើញ​​ក្នុង​នាម​អ្នក​ដែល​ផ្ដល់​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ ដើម្បី​ឲ្យ​មាន​តុល្យភាព​ទាំង​អស់​គ្នា»

កន្លង​ទៅ​ឧបនាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក​ ស ខេង​ ធ្លាប់​អះអាង​ថា ការ​សន្និដ្ឋាន​បឋម​របស់​តុលាការ​ខេត្ត​បន្ទាយមានជ័យ ​រក​ឃើញ​ថា នាយ​រង​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន្ត​ច្រក​ទ្វារ​ព្រំដែន​អន្តជាតិ​ប៉ោយប៉ែត លោក ឈាន ពិសិដ្ឋ​ ដែល​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា បើក​រថយន្ត​បុក​ឱ្យ​រង​របួស​ដួល​សន្លប់ កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ គឺ​ជា​ការពិត។ ប៉ុន្តែ​សាក្សី​ដែល​ស្ថិត​នៅ​ក្នុង​ហេតុ​ផ្ទាល់​ជា​ច្រើន​នាក់ អះអាង​ថា​ ឡាន​លោក​ ឌិន ពុទ្ធី មិន​បាន​បុក​ប៉ូលិស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ លោក ឌិន ពុទ្ធី ត្រូវ​បាន​តុលាការ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ កាល​ពី​​រសៀល​ថ្ងៃ​ទី​២៤ ខែ​ធ្នូ។

កាល​ពី​ថ្ងៃ​២៩ ខែ​ធ្នូ សាច់ញាតិ​ និង​អ្នក​គាំទ្រ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ បាន​តវ៉ា​បិទ​ផ្លូវ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ផ្ដល់​យុត្តិធម៌​ជូន​ លោក ឌិន ពុទ្ធី។ ស្របគ្នា​នេះ​ដែរ​ កាសែត​ក្នុង​ស្រុក​ជា​ច្រើន​ចុះ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​ធ្នូ ថា​ អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ គ្រោង​ស្នើ​សុំ​ទៅ​ថ្នាក់​លើ​ផ្លាស់​លោក ឈាន ពិសិដ្ឋ ចេញ​ពី​ច្រក​ប៉ោយប៉ែត នៅ​ពេល​ខាង​មុខ។ ប៉ុន្តែ​អភិបាល​រង​ខេត្ត​បន្ទាយមានជ័យ​ និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត លោក អ៊ុំ រាត្រី អះអាង​ប្រាប់​អាស៊ីសេរី នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​មករា ថា អាជ្ញាធរ​ខេត្ត​ពុំ​មាន​អំណាច​ស្នើ​សុំ​ទៅ​​ថ្នាក់​លើ​ដក​នាយ​រង​ប៉ូលិស​រូប​នោះ​ ដូច​ការ​ចុះ​ផ្សាយ​ឡើយ៕

អត្ថបទនិងរូបភាពទំាងស្រុងពី RFA