មកដល់ពេលនេះមិនទាន់មានចម្លើយពីអ្នកជំនាញវិភាគអន្តរជាតិណាម្នាក់អះអាងថា សង្រ្គាមលោកលើកទី៣​នឹង​អាចផ្ទុះ ហើយបើកើតមានឡើងមែនតើចេញពីទ្វីបអឺរ៉ុប ឬ ក៍ទ្វីបអាស៊ីនោះទេ ខណៈពេលដែលស្ថានភាព​នៅតំបន់ជម្លោះទំាងនៅអឺរ៉ុបនិងអាស៊ីបាននឹងកំពុងឡើងកម្តៅ? ។

គេហទំព័រ Freebeacon និង Asia Times កាលពីថ្ងៃទី១០ ខែមករា បានដកស្រង់ សម្តីអ្នកឯកទេស Sun Tzu បញ្ជាក់ថា ចិន កំពុងតែអនុវត្តយុទ្ធសាស្ត្រសង្គ្រាមព័ត៌ មាននៅក្រៅប្រទេសដូចជាផ្នែកមួយនៃការ ខិតខំគ្រប់គ្រង ដែនសមុទ្រចិនភាគខាងត្បូង ដោយមិនចាំបាច់ផ្ទុះអាវុធមួយគ្រាប់ណាឡើយ។តាមប្រសាសន៍របស់លោក Sun Tzu ចិនបានធ្វើការវាយប្រហារតាមបណ្តាញជាទ្រង់ទ្រាយធំទៅលើ ប្រទេស ក្នុងតំបន់ និងពង្រីកឥទ្ធិពល នយោបាយនៅលើពិភព លោកដោយព្យាយាមបញ្ចុះបញ្ចូលសហ គមន៍អន្តរជាតិឲ្យ ទទួលស្គាល់តំបន់សមុទ្រ ចិនភាគខាងត្បូងគឺជាដែនទឹករបស់ប្រទេស ចិន។

កាលពីសប្តាហ៍កន្លងមកប្រធានក្រុមចារកិច្ចអាមេរិកលោក James Clapper បាន បញ្ជាក់ថា ការវាយប្រហារ តាមបណ្តាញរបស់ចិនកំពុងតែត្រូវបានអនុវត្ត។ លោក បន្តទៀតថា ចិនបានតាមដានរដ្ឋាភិបាល អាមេរិក និង ប្រទេសសម្ពន្ធមិត្តក៏ដូចជា ក្រុមហ៊ុនធំៗរបស់អាមេរិក។ បច្ចុប្បន្នប្រទេសមហាអំណាចនៅលើពិភពលោក កំពុង តែ ធ្វើសង្គ្រាមជាសម្ងាត់ដែលពលរដ្ឋនៅលើភពផែនដីទាំងអស់ មិនបានដឹងនោះគឺការវាយប្រហារតាម បណ្តាញដែលអាចធ្វើឲ្យប្រទេសមួយគ្រប់គ្រងប្រទេសមួយទៀតបានដោយមិនដឹងខ្លួន។ ជាក់ស្តែងប្រសិនបើ ការវាយប្រហារតាមបណ្តាញរបស់រុស្ស៊ីចូលក្នុងការបោះឆ្នោតអាមេរិកដោយជោគជ័យនោះនៅ ពេលអនាគត អ្នកដែលចង់ក្លាយជាប្រធានាធិបតីអាមេរិកត្រូវតែយកចិត្តរុស្ស៊ី ទើប អាចជាប់ឆ្នោតបាន។កន្លងមកអាមេរិក បាន រកឃើញថា ចោរ អុីនធើណេតរុស្ស៊ីបានប៉ុនប៉ងជ្រៀតចូលទៅក្នុងបណ្តាញ គ្រប់គ្រងរោងចក្រអគ្គិសនី មួយកន្លែងរបស់អាមេរិក។ ជាថ្មីម្តងទៀត រុស្ស៊ីត្រូវបានអាមេរិកចោទប្រកាន់ថា ជាអ្នកនៅពីក្រោយការវាយ ប្រហារអុីនធើណេតនៅអាមេរិក។ ការវាយប្រហារអុីនធើណេតទៅលើរោង ចក្រអគ្គិសនីអាមេរិកមិនបាន បង្កឲ្យ មានការខូចខាតអ្វីនោះទេ ។ គេមិនដឹងថា តើចោរអ៊ីនធើណេតរុស្ស៊ីមានគោលបំណងអ្វីពិតប្រាកដ ដែលបាន លួចចូល ទៅគ្រប់គ្រង បណ្តាញរោងចក្រអគ្គិសនីអាមេរិក។ តើ ពួកគេចង់ធ្វើតេស្តសាកល្បងប្រព័ន្ធការពារ អុីនធើណេត ឬមួយក៏សំងំចាំយកពិសដើម្បី ធ្វើសកម្មភាពនៅថ្ងៃណាមួយខាងមុខ?

ការវាយប្រហារទៅលើប្រព័ន្ធគ្រប់គ្រងរបស់រោងចក្រអគ្គិសនីធ្លាប់កើតមានម្តង នៅប្រទេសអ៊ុយក្រែន កាលពី អំឡុងសង្រ្គាម ឆ្នាំ២០១៥ ដែលកាលណោះបណ្តាញផ្គត់ផ្គង់អគ្គិសនីមួយផ្នែកធំត្រូវបានកាត់ផ្តាច់ ដោយការវាយ ប្រហារតាមប្រព័ន្ធអុីនធើណេតដែលគេចោទទម្លាក់ទៅលើរុស្ស៊ីថា ជាអ្នកនៅពីក្រោយ។ទោះជាការវាយប្រហារ របស់ចោរអុីនធើណេតលើកនេះមិនបានបង្កការខូចខាតអ្វីមែនដល់រោងចក្រអគ្គិសនីអាមេរិក ប៉ុន្តែ វាបញ្ជាក់ពី ចំណុចខ្សោយនៃប្រព័ន្ធការពារអាមេរិកនៅចំពោះមុខការវាយប្រហារតាមអុីនធើណេត។ កន្លងមកអាមេរិកក៏ បាន ចោទប្រកាន់ចិន ថា បានវាយប្រហារបណ្តាញលួចយកឯកសារពីអាមេរិកជាច្រើនផងដែរ។

ដើម្បីសម្រេចគោលដៅគ្រប់គ្រងដែនសមុទ្រចិនភាគខាងត្បូងចិនត្រូវប្រើប្រាស់គ្រប់វិធីសាស្ត្រក្នុងនោះមានទាំងការវាយប្រហារតាមបណ្តាញតាមព័ត៌មាន និងការដាក់ពង្រាយយន្តហោះគ្មានមនុស្សបើកតាម ដានរាល់​សកម្មភាពដែលកើតឡើងនៅ សមុទ្រចិនភាគខាងត្បូងនិងខាងកើត។នៅពេលនេះចិនមានសមត្ថភាព​គ្រប់គ្រាន់​ក្នុងការផលិតនិងដាក់ពង្រាយយន្តហោះគ្មានមនុស្សបើកនៅគ្រប់ទិសទីក្នុង តំបន់សមុទ្រចិនភាគខាងត្បូង និងភាគខាង កើតដែលកំពុងតែមានវិវាទរវាងចិននឹង ប្រទេសជិតខាង។

បច្ចុប្បន្នចិនមានយន្តហោះយាមល្បាតប្រភេទ ZC-5B និង ZC-10 ជាប្រភេទ យន្តហោះបំបាំងកាយអាចគេច​ផុត​ពី​ប្រព័ន្ធ រ៉ាដារបស់សត្រូវ។ យន្តហោះគ្មានមនុស្ស បើកប្រភេទ ZC-5B អាចហោះហើរបានចម្ងាយ​១.៤០០​គីឡូម៉ែត្រ និងហោះហើរ បានរយៈពេល៣០ម៉ោង។ គោលដៅគឺការ ពារផលប្រយោជន៍របស់ចិន និងតាម​ដានសកម្មភាពយោធារបស់សត្រូវ។ ក្រុមអ្នកវិភាគបញ្ជាក់ថា សកម្មភាព ខាងលើរបស់ចិនគឺដើម្បីបង្កើន​កម្លាំង​ក្នុង​ការគ្រប់គ្រងដែនសមុទ្រដែលមានវិវាទជាមួយប្រទេសជិតខាង ។ រយៈពេលកន្លងមកចិនបានពង្រឹងសកម្ម ភាពនៅក្នុងតំបន់សមុទ្រចិនភាគខាងត្បូងដោយមានសកម្មភាពយោធាជាច្រើននៅទីនោះក្នុងនោះមានការធ្វើសមយុទ្ធទាហាន ជើងទឹកជាទ្រង់ទ្រាយធំជាមួយរុស្ស៊ី។ សមយុទ្ធនោះមានឈ្មោះថា “Joint Sea-2016” គឺជា​សមយុទ្ធទ្រង់ទ្រាយបំផុតដែលមិនធ្លាប់មានរវាងចិននឹងរុស្ស៊ី ។យោងតាមសេចក្តីប្រកាសរបស់កងទ័ព ជើងទឹក​ចិន​ដែលបានបញ្ជាក់បន្ថែមថា សមយុទ្ធនេះមានការចូលរួមពីសំណាក់ នាវាចម្បាំងនាវាមុជទឹកព្រមទាំង​យន្តហោះ​ចម្បាំងជាច្រើនគ្រឿង ហើយនៅក្នុង សមយុទ្ធនេះកងទ័ពចិន និងរុស្ស៊ីនឹងធ្វើការ ហាត់សមអំពីការ​ធ្វើប្រតិបត្តិការទ័ព រួមគ្នាទាក់ទងនឹងប្រតិបត្តិការសង្រ្គោះការការពារទល់នឹងការវាយប្រហារ​ពីសត្រូវប្រតិបត្តិការ​ប្រមាញ់នាវាមុជទឹកសត្រូវប្រតិបត្តិការវាយលុកដណ្តើមកាន់កាប់កោះ ព្រមទាំងប្រតិបត្តិការយោធា​ជាច្រើនផ្សេង​ទៀត ក៏ប៉ុន្តែបើទោះបីជាយ៉ាងណាក្តីសមយុទ្ធ ដែលធ្វើឡើងនៅក្នុងសមុទ្រចិនខាងត្បូង ក្នុងបរិបទនៃជម្លោះដ៏​តានតឹងបែបនេះចង់ ឬមិនចង់ប្រាកដជានឹងធ្វើឲ្យគេសម្លឹង ឃើញថា គឺជាការបង្ហាញសាច់ដុំដាក់ប្រទេស ដែលជាប់ជម្លោះ ហើយម្យ៉ាងទៀតការណ៍ដែលចិនចាប់ដៃជាមួយរុស្ស៊ីនៅក្នុងការធ្វើសមយុទ្ធនេះ​ទំនងជាដើម្បី​ឆ្លើយតបទៅ នឹងសហរដ្ឋអាមេរិកដែលកំពុងតែព្យាយាម ចងសម្ពន្ធភាពជាមួយប្រទេសក្នុងតំបន់ ដើម្បីមក​ប្រជែង​ជាមួយចិន។

ជាទូទៅគេសង្កេតឃើញថា ចិន និង រុស្ស៊ីដែលសុទ្ធសឹងជាប្រទេសសមាជិក អចិន្ត្រៃយ៍មាន សិទ្ធិវ៉េតូ ក្នុងក្រុម​ប្រឹក្សា សន្តិសុខ អ.ស.ប. តែងតែប្រកាន់ជំហរ ស្រដៀងគ្នានៅក្នុងសំណុំរឿងអន្តរជាតិធំៗ ហើយទំនាក់ទំនង​រវាងប្រទេសទាំងពីរនេះហាក់ដូចជាមានភាពកាន់តែស្និទ្ធស្នាល ខ្លាំងឡើងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ ជាពិសេសគឺនៅក្រោយពីចិនមានការប្រឈម​មុខខ្លាំងជាមួយអាមេរិក នៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង ចំណែក ឯរុស្ស៊ីក៏មានភាពចម្រូងចម្រាសខ្លាំងជា មួយអាមេរិកនៅក្នុងវិបត្តិអ៊ុយក្រែន និង ស៊ីរីផងដែរ ។

ដោយឡែករដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក Ash Carter បាន​និយាយថា អា​មេ​រិច​នឹង​បាញ់​ទំលាក់​រាល់​មី​ស៊ី​របស់​កូរ៉េខាងជើង ដែល​បាញ់​តំរង់​មករក​ប្រទេស​របស់ខ្លួន ឬក៏ ប្រទេស​សម្ព័ន្ធមិត្ត​។​​មេដឹកនាំ​កូរ៉េខាង​ជើង គីម ជុង​អ៊ុន បាន​និយាយ​កាលពី​ថ្មីៗ​នេះ​ថា​ទីក្រុង​ព្យុងយ៉ាង អាច​បាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​របស់ខ្លួន បាន​គ្រប់ពេលវេលា​។​
ភាព​តានតឹង​នៅក្នុង​ឧបទ្វីប​កូរ៉េ​បាន​កើនឡើង ចាប់តាំងពី​មេដឹកនាំ​ផ្តាច់ការ បាន​និយាយ ក្នុងកំឡុងពេល​ស្វាគមន៍​ឆ្នាំ​ថ្មី​ថា ប្រទេស​ខ្លួន​ខិតជិត​ដល់​ការបាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប ដែលមាន​សមត្ថភាព​បា​ញ់​ដល់​ទឹកដី​អាមេរិក​។​​នៅក្នុង​សេចក្តី​ថ្លែង​ការ​កាលពី​ថ្ងៃអាទិត្យ​នេះ រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង​បានដាក់​កំហុស​ទាំងអស់​ទៅដល់​អាមេរិក ដែលជា​ដើមហេតុ​ធ្វើអោយ​ប្រទេស​ខ្លួន​មានការ​អភិវឌ្ឍន៍​កម្ម​វិធី​នុយក្លេអ៊ែរ​។​ ​លោក Ash Carter ចាត់ទុក​សារ​របស់​មេដឹកនាំ​គីម ជុង​អ៊ុន​គឺជា​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​។​ ​ប្រទេស​ចិន និង​កូរ៉េខាងត្បូង បាន​ប្រឆាំង​ទៅ​ការគំរាមកំហែង​របស់​កូរ៉េខាងជើង និង​បាន​ប្រមាន​ថា ប្រទេស​កូរ៉េខាងជើង​នឹង​ប្រឈម​នឹង​ទណ្ឌកម្ម បន្ថែមទៀត នៅពេល​ខាងមុខ បើ​មាន​ការបាញ់​សាកល្បង​មី​ស៊ី​ល​។​​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​​កូរ៉េខាងត្បូង Moon Sang-gyun បាន​និយាយថា “​បើសិនជា​កូរ៉េខាងជើង​មិន​យកចិត្តទុកដាក់​ចំពោះ​ការព្រមាន ហើយ​នៅតែ​បន្ត​បាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វី​ទៀត ប្រទេស​ខ្លួន​នឹង​ប្រឈម​នឹង​ទ័​ណ្ឌ​កម្ម​ធ្ងន់ធ្ងរ​បន្ថែមទៀត ព្រមទាំង​ការដាក់​សំពាធ​ពី​សហគមន៍​អន្តរជាតិ​”​។​ ​ទណ្ឌកម្ម​របស់​សហគម​ន៍​អន្តរជាតិ​ប្រឆាំង​កូរ៉េខាងជើង រហូតមកដល់​ពេលនេះ​មិនមាន​ល​ទ្ឋ​ផល​អ្វី​សោះ ហើយ​មិនអាច​ទប់ស្កាត់​ទីក្រុង​ព្យុងយ៉ាង​ពី​ការអភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​បានឡើយ​។
រីឯទីក្រុងតូក្យូនោះវិញ នាយខុទ្ទកាល័យ​រដ្ឋាភិបាល​ជប៉ុន លោក Yoshihide Suga នៅ​ថ្ងៃទី​១០ មករា បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​ថា រដ្ឋាភិបាល​ក្រុង​តូ​ក្យូ បាននិងកំពុង​តែ​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​តបត ក៏ដូចជា តាម ឃ្លាំមើល​ឥរិយាបថ​របស់​កូរ៉េខាងជើង​ដើម្បី​វាយតម្លៃ​ពី​ស្ថានភាព​ដែល​អាច​បង្កឡើង​ដោយ​កូរ៉េខាងជើង​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភ្នាក់ងារ​ព័ត៌មាន Reuters​ ។

សូម​រម្លឹក​ផងដែរ​ថា នៅ​ថ្ងៃទី​០៨ មករា កន្លងទៅ អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងជើង​ដែល​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ បាន​និយាយថា ក្រុង​ព្យុងយ៉ាង បាន​អភិវឌ្ឍ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ស្តង់ដា​រួចហើយ​ដែរ​។
អ្នកនាំពាក្យ​នោះ បាន​បន្ទោស​អាមេរិក​ថា បាន​បន្តសកម្មភាព​បង្កហេតុ​មកលើ​ខ្លួន ហើយ​រឿងនេះ​ជា​មូល​ហេតុដែល​បង្ខំ​ខ្លួន​ឲ្យ​អភិវឌ្ឍ​អាវុធ​នោះ​។​​អ្វី​គួរកត់សម្គាល់​នោះ ការប្រកាស​ខាងលើនេះ ធ្វើឡើង​ក្រោយពេល​មេដឹកនាំ​កំពូល គីម ជុង​អ៊ុន ប្រកាសថា កូរ៉េខាងជើង បាន​មកដល់​ដំណាក់កាល​ចុងក្រោយ​នៃ​ការរៀបចំ​សាកល្បង​មី​ស៊ី​ល​អន្តរទ្វីប (ICBM) ។ ប្រសិនបើ​សាកល្បង​ជោគជ័យ មី​ស៊ី​ល​អន្តរទ្វីប​នេះ មាន​សមត្ថភាព​បាញ់​ដល់​ទឹកដី​អាមេរិក ដែលមាន​ចម្ងាយ​ជាង​៩​ពាន់​គីឡូម៉ែត្រ​ពី​កូរ៉េខាងជើង​។ មី​ស៊ី​ល​ប្រភេទ​នេះ អាច​បាញ់​គោលដៅ​ក្នុង​រង្វង់​អ​ប្បរមា​៥​ពាន់​គីឡូម៉ែត្រ និង​អាច​បង្កើន​សមត្ថភាព​វាយប្រហារ​គោលដៅ​ចម្ងាយ​លើស​មួយ​ម៉ឺន​គីឡូម៉ែត្រ​ផងដែរ​ ។
ងាកមករដ្ឋ​អាស៊ី​ខាងត្បូង​ប៉ា​គី​ស្ថាន បាន​ឈាន​មួយ​ជំហាន​យ៉ាង​ធំ​ក្នុង​វិស័យ​ការពារជាតិ​របស់ខ្លួន ក្រោយ​ទទួលជោគជ័យ​ក្នុង​ការបាញ់​សាកល្បង​មី​ស៊ី​លបាញ់​ចេញពី​នាវាមុជទឹក (SLCM) ។ មី​ស៊ី​ល Babur-3 បាញ់​ចេញពី​ទីតាំង​ក្រោម​ទឹក​នៃ​មហាសមុទ្រ​ឥណ្ឌា និង​ចំ​គោលដៅ​យ៉ាង​ជាក់លាក់​។ យោធា​ប៉ា​គី​ស្ថាន​អះអាងថា ជោគជ័យ​នេះ នឹង​ជួយ​ជំរុញ​សមត្ថភាព​វាយបក​របស់​កងទ័ព​ប៉ា​គី​ស្ថាន ទល់នឹង​ការ​គំរាម​ពី​ខាងក្រៅ​។​

​សារព័ត៌មាន​ឥណ្ឌា Times of India ផ្សាយ​ថា នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន Muhammad Nawaz Sharif  បាន​សាទរ​ជោគជ័យ​នៃ​ការសាកល្បង​មី​ស៊ី​លបាញ់​ចេញ​នាវាមុជទឹក​ជា​លើកដំបូង​នេះ​។ តាមរយៈ​សេចក្ដីថ្លែងការណ៍​នៃ​ការិយាល័យ​នាយករដ្ឋមន្ត្រី លោក Nawaz Sharif និយាយថា ជោគជ័យ​នៃ​ការសាកល្បង​មី​ស៊ី​ល Babur-3 បានបង្ហាញ​ពី​ដំណើរការ​រីកចម្រើន​នៃ​បច្ចេកវិទ្យា​យោធា​របស់​ប៉ា​គី​ស្ថាន ក៏ដូចជា​ការពឹងផ្អែក​ខ្លួនឯង​ផងដែរ​។​
​ភ្លាមៗ​បន្ទាប់ពី​ការបាញ់​សាកល្បង​នេះ គេ​មិនទាន់​ឃើញ​មាន​សេចក្ដីថ្លែងការណ៍​ណាមួយ​ពី​សំណាក់​ឥណ្ឌា​ឡើយ​។ ឥណ្ឌា និង​ប៉ា​គី​ស្ថាន ដែលជា​អតីត​គូសត្រូវ​នឹង​គ្នា​អស់​ពេល​ជា​យូរ​មក នៅតែ​ប្រណាំងប្រជែង​ផ្នែក​សព្វាវុធ ក្នុង​គោលដៅ​ការពារជាតិ​រៀងៗ​ខ្លួន​។ អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ មហាអំណាច​អាស៊ី​ខាងត្បូង​ទាំងពីរ​សុទ្ធ​តែមាន​អាវុធ​នុយក្លេអ៊ែរ​ដូចគ្នា​ដែរ​។ ហើយ​ការទទួល​ជោគជ័យ​នៅពេលនេះ ពិតជា​ធ្វើ​ឲ្យ​ឥណ្ឌា​ព្រួយបារម្ភ​មិន​ខាន​។​

​សូម​រម្លឹកថា ឥណ្ឌា និង​ប៉ា​គី​ស្ថាន ធ្លាប់​ប្រឡូក​ក្នុង​សង្គ្រាម​ជាមួយគ្នា​ចំនួន​បី​លើក​ចាប់តាំងពី​ការទទួល​ឯករាជ្យ​ពី​អង់គ្លេស​ក្នុង​ឆ្នាំ​១៩៤៧ មក​។ ចាប់ពីពេលនោះ​មក ទាំង​ក្រុង​ញូវដែលី ទាំង​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ សុទ្ធតែ​ប្រឹង​អភិវឌ្ឍ​សព្វាវុធ​របស់ខ្លួន ជាពិសេស​មី​ស៊ី​ល​ទាំង​សម្រាប់​បាញ់​លើគោក និង​សម្រាប់​បាញ់​ចេញពី​នាវាមុជទឹក​ជាដើម រហូតមកដល់​ទល់​ឆ្នាំ​១៩៩៨ ដែល​ប្រទេស​ទាំងពីរ មានឈ្មោះ​ជា​មហាអំណាច​នុយក្លេអ៊ែរ​។​​សព្វថ្ងៃ ឥណ្ឌា និង​ប៉ា​គី​ស្ថាន នៅតែ​ប្រឈមមុខ​ផ្នែក​យោធា​នៅឡើយ ជាពិសេស​បញ្ហា​ទឹកដី​នៅ​កា​ស្មៀ ដែល​បែងចែក​មិនទាន់​ដាច់​តាំងពី​អង់គ្លេស​ចាកចេញ​មក​នោះ​។ ជានិច្ចកាល កងទ័ព​ប្រទេស​ទាំងពីរ​តែង​ប៉ះទង្គិច​គ្នា​នៅតាម​បណ្ដោយ​ព្រំដែន​​ក្នុង​តំបន់​មួយ​នេះ និង​បណ្ដាល​ឲ្យ​មនុស្ស​ជាច្រើន​ស្លាប់បាត់​បង់ជីវិត​ទៀតផង​។

ដោយមិននិយាយទៅដល់បញ្ហានៅមជ្ឈឹមបូព៌ពា យើងត្រឡប់ទៅទ្វីអឺរ៉ុបវិញ កងទ័ពសហរដ្ឋអាមេរិក ទើប​ធ្វើដំណើរចូលទៅដល់ ទីក្រុងតូចរបស់ហូឡង់ Drawsko Pomorskie ដែលដំណើរនេះ គឺជាផ្នែកមួយ​នៃកង​ទ័ពប្រដាប់អាវុធដ៏ធំបំផុត ត្រូវបានបញ្ជូនទៅកាន់ទ្វីបអឺរ៉ុប តាំងពីចប់សង្គ្រាមត្រជាក់មក ។

ប្រភពពី UPI បានឲ្យដឹងថា កងទ័ពសហរដ្ឋអាមេរិក ព្រមទាំងរថចម្បាំង៥៣​គ្រឿង រួមមានទាំងរថកាំភ្លើង បាញ់គ្រាប់បែកបុក M109 Paladin បានទៅដល់ហូឡង់ បន្ទាប់ពីធ្វើដំណើរ​កាត់អាឡឺម៉ង់៣ថ្ងៃ ហើយ​ដំណើរយាត្រា កងទ័ពដ៏ធំនេះ គឺធ្វើឡើងដើម្បីបង្ហាញពីការប្ដេជ្ញារបស់អាមេរិក ចំពោះសម្ពន្ធមិត្តអឺរ៉ុបរបស់ខ្លួន នៅក្នុងការប្រឈមមុខចំពោះអ្វី ដែលណាតូហៅថា ជាការគគ្លើនរបស់រុស្ស៊ី ។ គួរបញ្ជាក់ផងដែរថា កងទ័ពនេះ នឹងធ្វើដំណើរវិលជុំហ្វឺកហ្វឺន នៅក្នុងប្រទេសប៊ុលហ្គារី អេស្តូនី ហុងគ្រី ឡេតូនី លីទុយអានី ប៉ូឡូញ រ៉ូម៉ានី និងស្លូវ៉ាគី ក្នុងរយៈពេល៩ខែ ហើយការធ្វើសមយុទ្ធ ក្នុងតំបន់នោះៗ ក៏ត្រូបាន​រចនា​ឡើង ដើម្បីសាកល្បង​របៀប ដែលទ័ពអាមេរិកឆ្លើយតប នឹងជម្លោះដែលអាចកើតឡើងជាមួយនឹងរុស្ស៊ី។

បើដូច្នោះតើសង្រ្គាមលោកលើកទី៣អាចនឹងផ្ទុះដែរឬទេ ហើយបើផ្ទុះចេញពីទ្វីបណា ? ៕

 

Comments

comments