មិនមែនទើបតែជាលើកដំបូងនោះឡើយ ដែលរឿងផឹកស្រាថ្នំាំ ស្រាស កើតមានបញ្ហាជាញឹកញាប់នៅកម្ពុជា ជាពិសេសអ្នកជនបទ ស្រុកស្រែចំការ ជាដើម ។ ក្នុងពិធីមង្គលការ ឬកំដរ បុណ្យសព អ្នកស្រុកភូមិតែងតែ នំាគ្នាផឹកស្រាសរ និងស្រាថ្នំា ដែលជាហេតុនំាអោយ ពុល ដេកព្យាបាលនៅមន្ទីពេទ្យជាច្រើននាក់ ហើយរហូតដល់ស្លាប់ក៍មានដែរ។

បន្ថែមពីនោះវាបានក្លាយ​ជា​ទំនៀម​ទម្លាប់​របស់​ប្រជាជន​ខ្មែរ​ទៅ​ហើយ ឱ្យ​តែ​ស្រ្តី​មាន​ផ្ទៃ​ពោះ និង​ទើប​សម្រាល​កូន​រួច​តែង​នាំ​គ្នា ត្រាំ​ស្រា​ថ្នាំ​មាន​ផ្លែ​ឈើ​គ្រប់​មុខ​ ឬ​ត្រាំ​ឫស​ឈើ​ផឹក​ ព្រោះ​គិត​ថា​ផឹក​ហើយ​នាំ​ឱ្យ​មាន​សាច់​ស្អាត ការពារ​មិន​ឱ្យ​ជាំ​មុខ ពេល​ចាស់​ទៅ​មិន​ញញី​ញញ័រ​ ឆាប់​រឹង​ដៃ​រឹង​ជើង​ជាដើម​។

​លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល បានបញ្ចាក់ថានេះគឺជាការយល់ ​ខុស​ទាំង​ស្រុង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។

លោក​វេជ្ជបណ្ឌិត បានបញ្ជាក់​ថា ការ​ត្រាំ​ស្រា​​មាន​ផ្លែ​ឈើ​ ឬ​ក៏​ឫស​ឈើ​នេះ មិន​ទាន់​មាន​ការ​ស្រាវ​ជ្រាវ​ឱ្យ​ច្បាស់លាស់​ពី​រូបមន្ត​ផ្សំ តាម​បែប​វេជ្ជសាស្ត្រ​នោះ​ទេ គឺ​ចេះ​តៗ​គ្នាប៉ុណ្ណោះ។

ស្រ្តី​មាន​ផ្ទៃ​ពោះ និង​ទើប​សម្រាល​កូន​ហើយ​ប្រសិន​បើ​ផឹក​ស្រា​ថ្នាំ​នោះ​ច្រើន​លើស​កម្រិត​នឹង​នាំ​ឱ្យ​ប៉ះពាល់​សុខភាព​ជា​ច្រើន​ដូចជា៖ លើស​ឈាម ក្រិន​ថ្លើម រលាក​តម្រង​នោម ប៉ះពាល់​ក្រពះ​ពោះ​វៀន​​។ លើស​ពី​នេះ​ទៀត​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​អ្នក​សម្រាល​កូន​រួច ​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​​សុខភាព​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​កូន​ក្នុង​ផ្ទៃ អាច​ធ្វើ​ឱ្យ​ប៉ះពាល់ ថ្លើម​កូន ខួរក្បាល ពេល​កូន​នោះ​កើត​មក​ខ្សោយ​បញ្ញា​​ភ្លេច​ភ្លាំង​ជាដើម តាម​រយៈ​ឈាម និង​ការ​បំបៅ​ដោះ​កូន​។

​​វេជ្ជបណ្ឌិត រូបនេះ​បន្ត​ទៀត​ថា ជា​ការ​ពិត​ការ​ផឹក​ស្រា​ថ្នាំ​នេះ អាច​ជួយ​ឱ្យ​គេង​លក់​ បាយ​បាន​ កាត់​បន្ថយ​ឈឺ​សន្លាក់​។ នេះ​គ្រាន់​តែ​ជា​ជំនួយ​នៃ​ជាតិ​សុរា​ដែល​មាន​ជាតិ​អាល់កុល​ប៉ុណ្ណោះ ប៉ុន្តែ​ស្រា​ថ្នាំ​មិន​បាន​ជួយ​ឱ្យ​មាន​សម្រស់​ស្អាត ឬ​រឹង​មាំ​នៅ​ថ្ងៃ​អនាគត​ដូច​ការ​យល់​ឃើញ​របស់​អ្នក​ពិសា​នោះ​ឡើយ​ គឺ​មាន​ឥទ្ធិពល​តែ​ពេល​ផឹក​ប៉ុណ្ណោះ​។

​​​លោក​ក៏​សំណូម​ពរ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ចូលចិត្ត​ពិសា​ស្រា​ស​ ឬ​ស្រា​ថ្នាំ​នេះ​សូម​កុំ​ចេះ​តែ​ពិសា​ផ្ដេសផ្ដាស​ ព្រោះ​ស្រា​ដែល​លក់​ថោក​ៗ​នោះ​ប្រាកដ​ជា​មាន​មូលហេតុ​អាច​ជា​ស្រា​ពុល​ជា​ដើម​។ ម្យ៉ាង​វិញ​ទៀត​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ ឬ​ទើប​សម្រាល​កូន​រួច​មុន​សម្រេច​ចិត្ត​ត្រាំ​ស្រា​ថ្នាំ​ផឹក សូម​ទៅ​ពិគ្រោះ​ជាមួយ​​គ្រូ​ឱសថ​បុរាណ ដែល​ទទួល​ស្គាល់​ដោយ​ក្រសួង​សុខាភិបាល​ជៀស​វាង​ចេះ​តែ​ផ្សំ​ថ្នាំ​ខ្លួន​ឯង ប្រយ័ត្ន​គ្រោះ​ថ្នាក់​៕​ ​ ​

Comments

comments