ព្រឹត្តិការណ៍​កីឡា​មហាជន​រត់​ចម្ងាយ​ឆ្ងាយ​ចំនួន ១២៨ គីឡូម៉ែត្រ នៅ​ជុំវិញ​តំបន់​ខេត្ត​សៀមរាប​អង្គរ ឈ្មោះថា Ultra Trail d’Angkor លើកទី ២ ​គ្រោង​រៀបចំ​ឡើង​នៅ​ថ្ងៃទី ២០ និងទី ២១ ខែ​មករា ឆ្នាំ ២០១៧ ខាងមុខនេះហើយ​រហូតមកដល់ពេលនេះ ទទួលបាន​អ្នក​ចុះឈ្មោះ​រួចចំនួន ៥០០ នាក់​ហើយ ដែល​មកពី ៣៧ ប្រទេស។

ថ្លែងក្នុងសន្និសិទ្ធសារពត៍មាន កាលពីពេលថ្មីនេះ លោក​វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា មាន​ប្រសាសន៍​ថា សម្រាប់ការប្រកួតដែលធ្វើឡើងនៅខេត្តសៀមរាបនេះក្នុងចំណោម ប្រទេស​ដែល​ចូលរួម​ច្រើន​ជាងគេ​នោះគឺ​ប្រទេស​បារាំង ពីព្រោះ​អ្នករៀបចំ​នេះ​ជាជនជាតិ​បារាំង​ដែល​ខិតខំ​ខ្លាំង​ជាងគេ ក្នុងការ​បង្កើត​ឲ្យមាន​ព្រឹត្តិការណ៍​បែបនេះ​កើតឡើង ក្រៅពីនោះ​មកពី​ចក្រភព​អង់គ្លេស​អាល្លឺម៉ង់ និង​សហរដ្ឋអាមេរិក។

«នេះជា​ព្រឹត្តិការណ៍​កីឡា​និង​ទេសចរណ៍ ដែល​គាំទ្រ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​ទេសចរណ៍ ព្រមទាំង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ខណៈ​អង្គភាព​ទាំងបី​បាន​សហការ​ជាមួយ​អ្នករៀបចំ ដើម្បី​លើកកម្ពស់​សកម្មភាព​កីឡា និង​ទេសចរណ៍»។

អ្វីដែលគួរអោយចាប់អារម្មណ៍ហើយប្លែកនោះ គឺអ្នកចូលរួមចាប់ផ្តើមរត់នៅម៉ោង១១យប់ ថ្ងៃទី២០រហូតដល់ថ្ងៃទី២១ ដោយឆ្លងកាត់ភូមិអ្នកស្រុក វាលស្រែ ប្រាសាទបុរាណនានា ដែលមានធម្មជាតិស្រស់ស្អាតដ៍ទាក់ទាញថែមទៀតផង។

ចំពោះ​វិញ្ញាសា​ដែល​នឹង​ត្រូវដាក់​ឲ្យប្រកួត​ក្នុង​ព្រឹត្តិការណ៍ Ultra Trail d’Angkor លើកទី ២ មានការ​ប្រកួត​រត់​លើចម្ងាយ​ផ្លូវ ១៦ គីឡូម៉ែត្រ ៣២ គីឡូម៉ែត្រ ៦៤ គីឡូម៉ែត្រ ១២៨ គីឡូម៉ែត្រ និងដើរ​កម្សាន្ត​សប្បុរសធម៌​ចម្ងាយ ៨ គីឡូម៉ែត្រ បន្ថែមទៀត។

សម្រាប់​ការប្រកួត​រត់ចម្ងាយ ១៦ គីឡូម៉ែត្រ អ្នកចូលរួម​ ​ត្រូវបង់​សិទ្ធិ​ប្រកួត ដោយ​ជនបរទេស ត្រូវ​បង់ប្រាក់ ៤៣ ដុល្លារ​អាមេរិក ខណៈដែល​ប្រជាជន​កម្ពុជា ត្រូវ​ចំណាយ ២០ ដុល្លារ​អាមេរិក​ក្នុង​មួយនាក់។

​រត់ចម្ងាយ ៣២ គីឡូម៉ែត្រ ជនបរទេស​បង់ ៦៣ ដុល្លារ ខណៈ​ប្រជាជន​ក្នុងស្រុក​ត្រូវបង់ ២០ ដុល្លារ ខណៈ​ដែល​ជនបរទេស​ត្រូវ​បង់ប្រាក់​ចំនួន ៩០ ដុល្លារ​ ដើម្បី​ចូលរួម​ប្រកួតរត់​ចម្ងាយ ៦៤ គីឡូម៉ែត្រ ហើយ​ជនជាតិ​កម្ពុជា ត្រូវបង់ ៣០ ដុល្លារ។

​រត់​ចម្ងាយ ១២៨ គីឡូម៉ែត្រ ជនបរទេស​ត្រូវតែ​បង់ប្រាក់ ១៦០ ដុល្លារ​អាមេរិក ខណៈដែល​ជនជាតិ​កម្ពុជា ត្រូវបង់ ៥០ ដុល្លារ រីឯ​ថវិកា​​ដែល​បានមកពី​ព្រឹត្តិការណ៍​នេះ នឹងត្រូវ​ផ្តល់ជូន​ដល់អង្គការមនុស្សធម៍នៅកម្ពុជា ។

សូមរំលឹកថា «កាលពី​ឆ្នាំ ២០១៦ កន្លងទៅ មានអ្នក​ចូលរួម​រត់​ចំនួន​ជាង ៣០០ នាក់ មកពី ២៦ ប្រទេស ប៉ុន្តែ នៅ​ឆ្នាំ២០១៧ នេះ យើង​ទទួលបាន​អ្នក​ចុះឈ្មោះ​មាន​ចំនួន​ជាង ៥០០ នាក់​ហើយ ដែល​មកពី ៣៧ ប្រទេស ក្នុងនោះ​មាន​ជាង ៥០ ភាគរយ​ជាស្ត្រី»៕

 

Comments

comments