ខណៈរដូវកាលថ្មីនៃការប្រកួតកីឡាបាល់ទាត់បាននិងកំពុងតែចាប់ផ្តើមក្នុងឆ្នំា២០១៧នោះ សហព័ន្ធ​បាល់ទាត់​កម្ពុជា​ (FFC )កាល​ពី​រសៀល​ថ្ងៃ​ទី​២២ ខែ​មករា ម្សិល​មិញ បាន​ប្រកាស​​បង្កើត​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា ​ ដើម្បីធ្វើ​ការ​​ត្រួត​ពិនិត្យ​ រាល់ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ​លីគ​កំពូល​កម្ពុជា​ និង​ Hun Sen Cup ​ ​តទៅ។

​ថ្លែងប្រាប់អ្នកសារពត៍មាន ក្នុងសណ្ធាគារសុខា លោក ឆាំង ពិសិដ្ឋ ដែលត្រូវបានតែងតាំង​ជា​លេខា​ប្រតិបត្តិ​​ CNCC បាន​ឲ្យ​ដឹង ​ថា គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​នេះ​ (​CNCC) ​គឺមាន​លោក​ ឌី វិជ្ជា ជា​ប្រធាន​​ បន្ថែមពីលើនោះ​​គណៈកម្មការ​​​មាន​សិទ្ធ​ត្រួត​ពិនិត្យ និង​រៀប​ចំ​ការ​ប្រកួត​បាល់ទាត់​​ចំនួន​ពីរ​ក្របខ័ណ្ឌ​គឺ លីគ​កំពូល​កម្ពុជា និង​ Hun Sen Cup។

​លេខា​ប្រតិបត្តិ​រូប​នោះ​បន្ថែម​ថា ​ទោះ​បី CNCC ​​នៅ​ដោយ​ឡែក​​ជា​នាយកដ្ឋាន​​មួយ​ ​ប៉ុន្តែ​​​ស្ថិត​ក្រោម​ការ​​ឃ្លាំ​មើល​​របស់​ FFC ដដែល។ ដោយយើងមាននូវ​គោល​បំណង​ក្នុង​ការ​បង្កើត​នាយកដ្ឋាន​នេះ​ គឺ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ ចង់​ពង្រឹង​​ការ​ប្រកួត​​ទាំង​ពីរ​ក្របខ័ណ្ឌ​ខាង​លើ បូក​​​​រួម​ទាំង​ក្បួន​ច្បាប់​ប្រកួត អោយកាន់តែមានគុណភាព​។

​​គួរ​បញ្ជាក់​ថា ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​ ឬ​ CAMBODIAN NATIONAL COMPETITIONS COMMITTEE (CNCC) ​ត្រូវ​បាន​​ប្រជុំ​សម្រេច​​បង្កើត​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (FFC ) ​កាល​​​ខែ​វិច្ឆិកា ឆ្នាំ​២០១៦កន្លងទៅ។

ដោយឡែកសម្រាប់​​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​ចាប់​ផ្ដើម​ចន្លោះ​ថ្ងៃ​ទី​១៨ ​ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី​២ ​ខែ​ធ្នូ ឆ្នាំ​២០១៧ ដែលមានក្រុមបាល់ទាត់ចំនួន១២ធ្វើការប្រកួតប្រជែង រីឯ ​ពាន​រង្វាន់​សម្ដេច​​ធ្វើ​ការ​ប្រកួត​ចន្លោះ​ថ្ងៃ​ទី​១៨ ខែ​មករា ​ដល់​ថ្ងៃ​ទី​១​ ខែ​កក្កដា ឆ្នាំ​២០១៧ដោយមាន៤តំណាក់កាល ដែលរួមបញ្ចូលជាមួយក្រុមចំនួន១០ក្នុងលីកទី២  ​និង១២ក្រុមទៀតដែលនៅក្នុងការប្រកួតមិត្តហ្វូនខេមឌានលីក៕

 

Comments

comments