នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៤រសៀលនេះ ថ្នាក់ដឹកនាំនៃគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ នឹងធ្វើការប្រគល់ពានរង្វាន់ IOC President’s Trophy ជូនដល់លោកនាយករដ្ធមន្រ្តី ហ៊ុន សែន នៅវិមានសន្តិភាព ខណៈដែលពានរង្វាន់នេះត្រូវបាននាំមកដល់ កម្ពុជាកាលពីម្សិលមិញនេះ ។

មុននេះបន្តិចថ្នាក់ដឹកនំា សំខាន់ៗ​និង កីឡាករ កីឡាការិនី ជាច្រើននាក់បានធ្វើដំណើរទៅកាន់វិមានសន្តិភាព ដើម្បីត្រៀមចូលជួបនិងសម្តែងនូវការអបអរសាទរដល់ លោក ហ៊ុនសែន ដែលបានទទួលនូវពានរង្វាន់ដ៍ធំមួយនេះ។

បើតាមការលើកឡើងរបស់លោក Ser Miang សមាជិកប្រតិបត្តិនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ឲ្យដឹងថា មានមូលហេតុ ៤ យ៉ាងដែលនាំឱ្យ IOC សម្រេចប្រគល់ពានរង្វាន់ថ្នាក់ខ្ពស់បំផុតជូនដល់លោកហ៊ុនសែន រួមមាន៖

– ទី១ កាលពីឆ្នាំ​២០១៣ កន្លងទៅ នាយករដ្ធមន្រ្តីរូបនេះ បានកែប្រែអនុក្រឹត្យផ្តល់ប្រាក់រង្វាន់អន្តរជាតិនានា ដល់ជ័យលាភី ដោយមានការ​កើនឡើងជិត​ ២០០%

– ទី២ ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធកីឡាថ្មីៗដូចជា៖ អាគារ NOCC, ពហុកីឡដ្ឋានកំពង់ចាម,​ ពហុកីឡដ្ឋានមរតក តេជោ ជាដើម

– ទី៣ លោក ហ៊ុនសែន បានសម្រេចកំណត់យកឆ្នាំ២០២៣ ធ្វើម្ចាស់ផ្ទះ​ព្រឹត្តិការណ៍ SEA Games និង ទី៤ លោកបានចំណយពេលវេលា​ និងថវិកា​ចូលរួមលើកទឹកចិត្តសកម្មភាពកីឡាផ្សេងៗយ៉ាងសកម្មបំផុត ។

លោក វ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ សម្រេចផ្ដល់ពានដ៏វិសេសវិសាលដល់ លោកនាយករដ្ធមន្រ្តី ហ៊ុន សែន នាពេលនេះ ដើម្បីឆ្លើយតបនឹងការខិតខំ ប្រឹងប្រែង របស់លោកនៅក្នុងការរួមចំណែកគាំទ្រដល់ចលនាអូឡាំពិក ឆ្ពោះទៅរកពិភពលោកមួយប្រកបដោយ សន្តិភាព និងល្អប្រសើរតាមរយៈកីឡា និងឧត្តមគតិអូឡាំពិក ។

ហើយនេះគឺជាមហាកិត្តិយស ដ៏ធំធេងបំផុតសម្រាប់ មហាគ្រួសារកីឡាជាតិ ប្រជាពលរដ្ឋខ្មែរ និងសង្គមជាតិកម្ពុជា ទាំងមូលដែលគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ បានស្គាល់ និងដឹងច្បាស់ពីភាពរីកចម្រើននៃវិស័យកីឡា ក្នុងប្រទេសកម្ពុជាក្រោមការចង្អុលបង្ហាញ និងចូលរួមគ្រប់សកម្មភាពពីសំណាក់ នាយករដ្ឋមន្ដ្រី ពិសេសគឺការជំរុញឆ្ពោះទៅត្រៀមធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០២៣តែម្ដង ។

សូមបញ្ជាក់ថា ពានរង្វាន់ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC President’s Trophy ) ដែលនឹងផ្តល់ជូនលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នារសៀលនេះ​គឺជាពានរង្វាន់ដ៏ខ្ពស់បំផុតរបស់ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដែលត្រូវបានផ្តល់ជូនដល់អត្តពលិកដែលមានភាពជោគជ័យដ៏ល្អ ឥតខ្ចោះក្នុងអាជីពកីឡារបស់ខ្លួន ឬជូនដល់បុគ្គលណាម្នាក់ដែលមានស្នាដៃក្នុងវិស័យកីឡា ឬបានជួយគាំទ្រដល់ចលនាអូឡាំពិកឆ្ពោះទៅរកការកសាងពិភពលោកមួយប្រកបដោយសន្តិភាព និងល្អប្រសើរតាមរយៈកីឡា និងឧត្តមគតិអូឡាំពិក ៕

 

Comments

comments