លោក ម៉ាសេរី ដែលជាប្រធានផ្នែកកីឡានៅស្ថាប័ន CBS របស់បណ្តាញស្ថានីយ៍ទូរទស្សន៍ (CTN, CNC ,MY TV) បានធ្លាក់ខ្លួនឈឺជាទម្ងន់ហើយកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ ខ្មែរ សូវៀត ។

វាហាក់ដូចជាដំណឹងមួយដែលលឿនពេក សម្រាប់អ្នកដែលទើបតែបានឃើញនូវការចុះផ្សាយរបស់បណ្តាញសារពត៍មាននានា ក្នុងថ្ងៃទី២៨មករា បន្ទាប់ពីកូនប្រុសរបស់លោកបានធ្វើការបង្ហោះជាសារធារណៈ ថ្លែងអំណរគុណដល់មន្រ្តីរបស់ក្រសួងអប់រំ និង ប្រធានសហព័ន្ធកីឡាប្រដាល់ដែលបានមកសួរសុខទុក្ខ និងនំាយកនូវការចូលរួមថិការមួយចំនួនរួចមក។

តាមពិតទៅលោកម៉ាសេរី បានធ្លាក់ខ្លួនឈឺជាច្រើនខែកន្លងមកហើយ ប៉ុន្តែស្ថានភាពមិនសូវធ្ងន់ដូចជា១ខែចុងក្រោយនោះឡើយ បើតាមការបញ្ចាក់ប្រាប់ របស់លោកស៊ីថូ ណាថាន់ ជា​ពិធីករ​​ប្រចាំ​ CBS ។

លោក​ ម៉ា សេរី មាន​ជំងឺ​ថ្លើមធ្ងន់ធ្ងូរ និងបានរាលដាលដល់ ប្រម៉ាត់ និង ក្រពះ ហើយស្ទើរតែ៩៩ភាគរយទៅហើយ នៃថ្លើមរបស់លោក ត្រូវបានមេរោគឆ្លងពាសពេញ​ ដោយបច្ចុប្បន្ននេះ ពិសារអ្វីក៍មិនបានដែរ។

កន្លង​មក​ លោក​ក៍ធ្លាប់​ទៅ​ព្យាបាល​ដល់​សិង្ហបុរី ថៃ​ វៀតណាម​​ក៏​នៅ​តែ​មិន​ជា​សះ​ស្បើយ ​ ។

បន្ទាប់​ពី​បង្ហាញ​ប្រាប់​ជា​សាធារណៈ​ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ មិនថាអ្នកកីឡា សិល្បះ មន្រ្តីសំខាន់ៗនៃសហព័ន្ធកីឡាខ្មែរ ទេ សូម្បីតែលោក នាយករដ្ធមន្រ្តី ហ៊ុន សែន ក៍បានទទួលនូវដំណឹងនេះដែរ មិនត្រឹមតែប៉ុណ្ណោះ លោកក៍បាន ផ្តល់ជាជំនួយទៅដល់ក្រុមគ្រួសារលោកម៉ាសេរី នូវទឹកប្រាក់ចំនួន៣០.០០០ដុល្លារ ដើម្បីដោះស្រាយនូវការចំណាយផ្សេងៗផងដែរ។

អាចនិយាយបានថា លោក ម៉ាសេរី គឺជាស្ថាបនិកមួយរូប ដែលបានជួយលើកស្ទួយវិស័យកីឡាប្រដាល់ខ្មែរ អោយមានសកម្មភាពជាហូរហែរ ទំាងថ្នាក់ជាតិ និងអន្តរជាតិ ។ លោកក៍ធ្លាប់បានដឹកនាំយកកីឡាករកម្ពុជា ទៅធ្វើការប្រកួតនូវប្រទេសថៃ និង ជាពិសេស លោកតែងមានសណ្តានចិត្តយ៉ាងល្អ ក្នុងការជួយដោះស្រាយនូវទុកលំបាក របស់កីឡាករប្រដាល់មួយចំនួន ដែលមានបញ្ហា ដូចជា បញ្ហារបួស លោកបានចំណាយនូវថវិការផ្ទាល់ខ្លួនជួយចេញថ្លៃព្យាបាលជា ដើម។

បន្ថែមពីនេះបើតាមប្រភពជិតស្និទ្ធបានឲ្យដឹងថា ប្រធានផ្នែកម្នាក់នេះក្រៅពីជួយផ្នែកកីឡាហើយ សូម្បីតែសិល្បៈក៍លោកធ្លាប់បានជួយមនុស្សជាច្រើនអោយមានការងារធ្វើ និង ធ្លាប់និពន្ធបទចម្រៀងអោយតារាមួយចំនួនច្រៀង និងទទួលបាននូវភាពល្បាញល្បីថែមទៀតផង។

មូលហេតុនេះហើយ បានជាធ្វើអោយមនុស្សមួយចំនួនធំ បានស្គាល់នូវឈ្មោះរបស់លោក ម៉ាសេរី ទំាងវោហាស័ព្ទ     អាត្ថាធិប្បាយ ទំាងទំនាក់ទំនង ក្នុងនិងក្រៅប្រទេស ទំាងជួយមនុស្សនៅជុំវិញខ្លួន ពិសេសអ្នករត់រកជំនួយពីលោក គឺ លោកមិនដែលបដិសេធ ទើបធ្វើឲ្យមានការសោកស្តាយស្ទើរតែគ្រប់គ្នា និងល្បីល្បាញកាន់តែច្រើនឡើងៗ។

តំាងនាមឲ្យបណ្តាញសារពត៍មាន អង្រុត គ្មានអ្វីក្រៅពីពាក្យជូនពរ សូមអោយទេវតា ឆ្នំាថ្មី ជួយបីបាច់ថែរក្សាលោក ម៉ាសេរី អោយបានជាសះស្បើយ​និងមានសុខភាពល្អដូចដើម និងជួយវិស័យកីឡាខ្មែរអោយកាន់តែរីកចម្រើនថែមទៀត៕

 

Comments

comments