១១ឆ្នំានៃការរង់ចំាមិនមែនលឿននោះឡើយ វាពិតជាយូរខ្លាំងណាស់ ហើយក៍វាស្ទើរតែធ្វើឲ្យតារា​​ចម្រៀង​ស្រគត់​ស្រគំ​ ឈិត សុវណ្ណបញ្ញា ដែលប្រិយ៍មិត្តភាពច្រើនបានស្គាល់តាមរយះបទ Mouse love Rice ជ្រក​ក្នុង​ផលិតកម្ម​រស្មី​ហង្សមាស​​នោះ ត្រូវបានគេភ្លេចមុខក៍ថាបាន។

យើងនៅចំាមិនភ្លេចជាមួយនិងការចេញវត្តមានសម្តែងដំបូង ធ្វើឲ្យកេរ្ត៍ឈ្មោះរបស់នាង មានភាពលេចធ្លោ ល្បីមិនចេញតារារៀមច្បង ពេជ្យ សោភា គឹម លក្ខណានោះទេ មិនត្រឹមតែប៉ុណ្ណោះ បទចម្រៀងរបស់នាង គឺចេញច្រើន​ហើយមានអ្នកគាំទ្រកាន់តែច្រើនឡើង។

ប៉ុន្តែក្រោយពីផលិតកម្ម ​រស្មី​ហង្សមាស ចាប់ផ្តើមមានអ្នកចម្រៀង ចំណូលថ្មីកាន់តែច្រើនមក ធ្វើឲ្យតារាចម្រៀងដែលមិនសូវមានរឿងអាស្រូវមួយនេះ ចាប់ផ្តើមបាត់មុខបន្តិចម្តងៗ រហូតមានអ្នកគិតថា នាងប្រហែលជាឈប់ពីសិល្បះផងក៍មិនដឹង។

ប៉ុន្មានឆ្នំាចុងក្រោយនេះពោលគឺប្រហែលជាឆ្នំា២០១៥ មកដល់បច្ចុប្បន្នតាមរយះការទិញយកនូវកម្មវិធី លំដាប់ពិភពលោកល្បីកាន់តែច្រើននោះ ធ្វើឲ្យផលិតកម្មដ៍ធំជាងគេនៅកម្ពុជា មួយនេះ ពោរពេញទៅដោយធនធានតារាចម្រៀង  ក្មេងៗ និងមានសមត្ថភាព កាន់តែច្រើន ទើបធ្វើអោយទីផ្សារចម្រៀង ហាក់មានភាពចង្អៀតសម្រាប់អ្នកចាស់។

ក្រោយពី សម្រេច​ចិត្ត​ចាក​ចេញ​ពី​ ហង្សមាសរួចមក សុវណ្ណបញ្ញាត្រូវបានបណ្តាញសារពត៍មានក្នុងស្រុកនានា ចាប់ផ្តើមចុះផ្សាយព្រោងព្រាត មានទំាងអ្នកអាណិត សោកស្តាយ និងកោតសរសើរដែលនាងមានការតស៊ូរង់ចំារហូតដល់ទៅ១១ឆ្នំា ដែលយូៗឃើញលេចចេញនូវបទចម្រៀងមួយបទប៉ុណ្ណោះ។

បញ្ញានាងបានឲ្យដឹងថា តាំង​ពី​នាង​ក្លាយ​ជា​តារា​ចម្រៀង​របស់​ផលិតកម្ម ហង្សមាស​ប្រមាណ​១១ ឆ្នាំ​មក​នេះ​ នាង​ពុំ​ទាន់​មាន​ឱកាស​ចេញ​​អាល់ប៊ុម​ទោល​ផ្ទាល់​ខ្លួន​នោះ​ទេ ទោះ​បី​នាង​ស្នើ​សុំ​ទៅ​អ្នក​គ្រប់​​គ្រងក៏​ដោយ។ “និយាយ​ទៅ​អ្នក​គាំទ្រ​ទាំង​អស់​គាត់​ដឹង​ហើយ​ថា​ ១១ ឆ្នាំ​នេះ​ខ្ញុំ​គ្មាន​​អាល់ប៊ុម​ផ្ទាល់​ខ្លួន​នោះ​ទេ ប្រហែល​ក្រុម​ហ៊ុន​គិត​ថា​ខ្ញុំ​គ្មាន​សមត្ថភាព​គ្រប់​គ្រាន់”។

នាងបាន​ប្រើ​ពេល​វេលា​គិត​គូរ​យ៉ាង​ល្អិត​ល្អន់ ទម្រាំ​​សម្រេច​ចិត្ត​​ចាក​ចេញ​​ ព្រោះ​នាង​ស្រលាញ់​ក្រុមហ៊ុន​ខ្លាំង ប៉ុន្តែ​ចុង​ក្រោយ​ត្រូវ​សម្រេច​​ចាក​ចេញ​ទៅ​សាង​អនាគត​ថ្មី ព្រោះ​មិន​ចង់​ចំណាយ​​និង លេងសើច​ជាមួយ​ពេល​វេលា​បន្ត​ទៀត​ ។

បើទោះបីជាត្រូវចាកចេញក៍ពិតមែន ប៉ុន្តែតារាចម្រៀងសម្លេងស្រទន់ ឈិត សុវណ្ណបញ្ញា ​បាន​ថ្លែង​អំណរ​គុណ​ទៅ​ដល់​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​នៃ​ផលិតកម្ម​ហង្សមាស​ និង​រៀម​ច្បង​ទាំង​អស់​ ដែល​តែង​តែ​ ផ្តល់​ដំបូន្មាន​ល្អៗ​ដល់​នាង។

គួរកត់សំគាល់ផងដែរថា តារាចម្រៀង ឈិត សុវណ្ណបញ្ញា មិនងាយនិងបង្ហោះសារទាក់ទងនឹងជីវិតឯកជនរបស់នាងខ្លាំងណាស់ ទោះជាមានរឿងអ្វីក៏ដោយ ក៏នាងនៅស្ងៀម និងមិនងាយទម្លាយរឿងក្នុងចិត្តចេញមកក្រៅនោះទេ តែនៅពេលនេះ ប្រហែលជានាងមិនអាច បៀមលាក់ទុក នូវរឿងទាំងនេះបាន ទើបនាងសម្រេចចិត្ត បញ្ចេញសារមិនសប្បាយចិត្តជាច្រើនលើបណ្តាញសង្គមហ្វេសប៊ុក។

សារ របស់នាង “ខ្ញុំអន់ខ្លាំងណាស់មែនទេ ខ្ញុំគ្មានសមត្ថភាពទាល់តែសោះមែនទេ ??ពេលខ្លះខ្ញុំមិននិយាយមិនមែនខ្ញុំមិនចេះឈឺ”។

“ដោយសារការស្រលាញ់ដូច្នេះខំខាំមាត់សង្កត់ចិត្ត ហើយសង្ឃឹមថាគេនឹងឃើញពីតម្លៃយើងម្តងទៀត តែការទន្ទឹងចាំ១១ឆ្នាំបានត្រឹមតែចាំ សួរមនុស្សយើងមាន១១ឆ្នាំប៉ុន្មានដងទៀត? វាគួរតែដល់ពេលខ្ញុំត្រូវអ្វីដើម្បីអនាគតខ្លួនខ្ញុំម្តងហើយ លាហើយ អគុណគ្រប់យ៉ាងសំរាប់មនុស្សម្នាក់នេះ”។

បើទោះបីជាដើរចេញពីផលិតកម្ម​រស្មី​ហង្សមាសក៍ដោយតែ  ​ បញ្ញា បានសន្យា​ថា​នឹង​នៅ​តែ​បន្ត​ក្នុង​វិថី​សិល្បៈ​ ដរាបណា​ទស្សនិកជន​នៅ​តែ​គាំ​ទ្រ​នាង ប៉ុន្តែមិនទាន់ដឹងថា នាង​នឹង​បន្ត​ជា​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​ណាមួយឡើយ៕

 

Comments

comments