បើទោះសម័យបច្ចុប្បន្ន ហាក់មានភាពស៊ីវីល័យ តាមការវិវត្តន៍នៃសង្គមនិងភាពសម្បូរបែបក៏ពិតមែន ប៉ុន្តែផ្នាត់គំនិត ប្រជាពលរដ្ឋខ្មែរភាគច្រើននូវតែរក្សាតម្លៃវប្បធម៌ ប្រពៃណីបុរាណ ទំនៀមទំលាប់ ទោះស្ថិតក្នុងកាលៈ ទេសៈ ណាក៏ដោយ។

តួយ៉ាងដូចការលើកឡើងរបស់ លោក អគ្គលេខាធិកា សហព័ន្ធកីឡាតេក្វាន់ដូITF បានចាត់ទុកថា ការខ្វះខាតធនធានមនុស្ស ពិសេសស្ត្រីក្នុងវិស័យកីឡា គឺជារបាំងប្រពៃណីដ៏ក្រាស់ ដែលដូនតាខ្មែរគ្រប់ជំនាន់ បានបន្សល់ទុក ។

ដើម្បីតាមទាន់ការរីកចម្រើនរបស់វិស័យកីឡាទូទាំងពិភពលោក រាជរដ្ឋាភិបាលកម្ពុជា បានជំរុញលើកទឹកចិត្ត កីឡាករ -កីឡាការិនី ដោយផ្តល់ជូនកិត្តិយស និងប្រាក់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធប់ តាមរយៈការឈ្នះជ័យលាភី លើឆាកអន្តរជាតិនានា ដូចដែលបានឃើញនាពេលកន្លងទៅ។

លោក គង់រិទ្ធី យ៉ា អគ្គលេខាធិការ សហព័ន្ធកីឡាតេក្វាន់ដូITF ស្ទីលកូរ៉េខាងជើង បានឲ្យដឹងថា សហព័ន្ធមានផែនការ យុទ្ធសាស្ត្រថ្មី សម្រាប់បន្តអភិវឌ្ឍន៍កីឡាតេក្វាន់ដូ ITF គឺជំរុញទាក់ទាញស្ត្រីចូលហ្វឹកហាត់ ឲ្យបានច្រើន ពិសេសលើ វិញ្ញាប្រយុទ្ធ ខណៈដែលស្ត្រីត្រូវរបាំងប្រពៃណី រាំងខ្ទប់ ពីសំណាក់អាណាព្យាបាលហាមឃាត់មិនឲ្យចូលហ្វឹកហាត់។

អគ្គលេខាធិការរូបនេះ បានបញ្ជាក់ថា យុទ្ធសាស្ត្រថ្មីរបស់សហព័ន្ធ ធ្វើយ៉ាងព្យាយាមពន្យល់ មាតាបិតា កីឡាការិនី ឲ្យបានស៊ីជម្រៅ ពាក់ព័ន្ធអត្ថប្រយោជន៍ ដែលបានមកពីការហ្វឹកហាត់កីឡាតេក្វាន់ដូITF ដូចជា ការលេងកីឡា ដើម្បីសុខភាព ជៀសឆ្ងាយពីគ្រឿងញៀន សេពគប់មិត្តភក្តិមិនល្អ ទាំងអស់នេះគឺជាលទ្ធផលវិជ្ជមាន ដែលកូនៗ របស់ពួកគាត់ទទួលបានពីការហាត់កីឡា ។

ជាងនេះទៀត កីឡាករ -កីឡាការិនីត្រូវបានចាត់ទុកជាទូតដ៏មានប្រសិទ្ធភាព ក្នុងទំនាក់ទំនងរវាងប្រជាជនប្រទេសមួយ ទៅប្រជាជនប្រទេសមួយទៀត ។

លោកក៍ បានអំពាវនាវសុំឲ្យមាតាបិតា ពិសេសស្ត្រីខ្លួនឯងត្រូវមានចិត្តក្លាហានឡើង ដើម្បីចូលរួមហ្វឹកហាត់ សម្រាប់មុខមាត់ខ្លួនឯងនិងប្រទេសជាតិ ដែលបានមកពីការប្រកួតប្រជែងជាមួយបណ្តាប្រទេសផ្សេងៗ លើសកលលោក ។

ជាពិសេស ចាប់ពីខែកញ្ញានេះតទៅសហព័ន្ធកីឡាតេក្វាន់ដូITF និងបញ្ជូន កីឡាករ – កីឡាការិនី ទៅចូលរួមប្រកួត កីឡាតេក្វាន់ដូកម្រិតពិភពលោកលើកទី២០ នៅសាធារណៈរដ្ឋប្រជាមាណិតប្រជាធិបតេយ្យកូរ៉េខាងជើង ។ សម្រាប់ការទៅចូលរួមនេះ សហព័ន្ធគ្រោងបញ្ជូនកីឡាករកីឡាការិនី ចូលរួមប្រកួតគ្រប់វិញ្ញាសារ បើសិនមានលទ្ធភាព គ្រប់គ្រាន់ ។

កីឡាករ – កីឡាការិនី ថ្នាលត្រូវបានក្រសួងសម្រេចផ្តល់ជូនសហព័ន្ធឲ្យជ្រើសរើស ចូលរួមហ្វឹកហាត់ត្រៀមមានចំនួន ៦នាក់ ប្រុស៤នាក់ និងស្ត្រី២នាក់ ពួកគេ ត្រូវបាន ជ្រើសចេញពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទើបតែបញ្ចប់កាលពីពេលថ្មីៗកន្លងទៅនេះ ។

ជាមួយគ្នានោះដែរ លោក កែវ រ៉េមមី ប្រធានកិត្តិយស សហព័ន្ធកីឡាតេក្វាន់ដូITFបានទទួលស្គាល់ថា កីឡាករ -កីឡាការិនី ដែលហ្វឹកហាត់ត្រៀមទៅចូលរួមការប្រកួត ជើងឯកពិភពលោក នៅទីក្រុងព្យុងយ៉ាង នាខែកញ្ញាខាងនេះ គឺបច្ចេកទេសប្រកួតនូវមានកម្រិត ដូច្នេះចាំបាច់គ្រូបង្វឹកត្រូវជំរុញនិង កែតម្រូវបន្ថែម ដើម្បីឈានទៅទទួលបាន ជោគជ័យ នាំយក មេដាយជូនជាតិ ត្រឡប់មកវិញ ៕    

Comments

comments