តាមគម្រោង កីឡាករខ្សែប្រយុទ្ឋមុតស្រួចរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និង ក្លឹបបឹងកេតអង្គរ លោក ចាន់ វឌ្ឍនាកា នឹងចាកចេញពីប្រទេសកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧​ដើម្បីទៅចូលរួមជាមួយ​ក្លឹបលីគ​(League)លំដាប់ទី៣របស់ជប៉ុន Fujieda MYFC ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយឆ្នាំ ។

ដោយឡែក សេចក្តីរាយការណ៍បានឲ្យដឹងថា មុនពេលចាកចេញទៅជប៉ុននៅថ្ងៃអាទិត្យចុងសបា្តហ៍​នេះ​កីឡាករ​វ័យ២៣ឆ្នាំដែលមានដើមកំណើតនៅខេត្តកំពតរូបនេះ បានត្រូវឯកអគ្គរដ្ឋទូតជប៉ុបប្រចំាកម្ពុជា អនុញ្ញាត​ឲ្យជួប​សំណេះសំណាល និងធ្វើ​សវនាការដើម្បីយល់ដឹងអំពីប្រពៃណីផ្សេងៗរបស់ជនជាតិជប៉ុន និងផ្តល់​អនុសាសន៍​មួយចំនួន នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ។

ខ្សែប្រយុទ្ឋ ចាន់ វឌ្ឍនាកា បានក្លាយជាកីឡាករបាល់ទាត់ដំបូងបង្អស់ដែលទៅចូលរួមលេងបាល់ទាត់​នៅក្លឹប​របស់ជប៉ុន Fujieda MYFC បើទោះបីជាក្នុងកិច្ចសន្យាខ្ចីជើងពីក្លឹបបឹងកេតអង្គររយៈពេល០១ឆ្នាំក៍ដោយ ។ ការទៅលេងនៅជប៉ុននេះ មិនទាន់មានព័ត៌មានលម្អិតពីតម្លៃខ្លួនរបស់កីឡាករ វឌ្ឍនាកា នៅឡើយទេ ប៉ុន្តែ​ប្រភពមិនច្បាស់ការណ៍មួយចំនួនបានបង្ហើបថា តម្លៃខ្លួន ខ្សែប្រយុទ្ឋដែលមានឪពុកជាអភិបាលខេត្តកំពតរូបនេះ មិនក្រោម១ម៉ឺនដុល្លារក្នុង១ខែនោះទេ ៕

Comments

comments