អ្នក​ផលិត​កម្មវិធី​​កីឡា​​ដ៏​ល្បី​ល្បាញ​​ប្រចាំ​ក្រុម​ហ៊ុន​ CBS លោក​ ម៉ា សេរី ដែលបាន​ទទួល​មរណភាព​កាល​ពី​វេលា​ម៉ោង​៥:៥៤​នាទី​ព្រឹក​នេះ​​នៅ​មន្ទីរ​ពេទ្យ​ខ្មែរ-សូវៀត​ បន្ទាប់​ពី​ជំងឺ​មហារីក​ថ្លើម​របស់​លោក​​ធ្វើ​ទុក្ខ​អស់​រយៈ​ពេល​ជា​យូរ​មកនោះ ស្នាដៃរបស់លោកបន្សល់ទុកពិតជាមិននិកស្មានដល់។

ក្រៅពីជាអ្នកស្រលាញ់វិស័យកីឡាស្នើរជីវិត លោកម៉ាសេរី ក៍ធ្លាប់តែងនិពន្ធបទចម្រៀង មនោសញ្ចេតនា កម្សត់ ​បទ​បែប​យុវវ័យ​ ដល់អ្នកចម្រៀងមួយចំនួនបានច្រៀង មាន៖  លោក ឈឿន ឧត្ដម ជិន សេរីយ៉ា លោក សេន រ៉ានុត កញ្ញា សុគន្ធ និសា​ ជា​ដើម។

បទចម្រៀងដែលលោកម៉ាសេរី តែងនិពន្ធអោយផលិតកម្ម រស្មីស្ទឹងសង្កែរ……

បើតាមការឲ្យដឹងពីអ្នក​ស្រី ស៊ួរ វ៉ាន់នី ម្ចាស់​ផលិតកម្ម​”រស្មី​ស្ទឹង​សង្កែ”បាន​ឲ្យ​ដឹង​​ថា ការសរសេរ​បទ​ចម្រៀង​អោយផលិតកម្ម លោក ម៉ា សេរី មិនមែន​ជា​បុគ្គលិក​ក្នុង​ផលិតកម្ម​អ្នក​ស្រី​ឡើយ គឺ​លោក​បាន​សរសេរ​លក់​ឲ្យក្នុង​១បទ តម្លៃ​១០ ដុល្លារ។

អ្នកស្រីបញ្ចាក់ថាបទ​ដែលតែង​និពន្ធ​ដោយ​លោក ម៉ា សេរី អ្នក​ផលិត​កម្មវិធី​​កីឡា​​ដ៏​ល្បី​ល្បាញ​​ប្រចាំ​ប្រទេសសុទ្ធតែជាបទចម្រៀងដ៍ល្បីក្នុងឆ្នំា២០០១ មកប្រហែលពី២០ទៅ៣០បទ ដែលបទទាំងនោះមានដូចជាបទ​ “រនោច​ខែ​ប្រាំង” បទ”ទឹក​ភ្នែក​ជន​ពាល” បទ”បាត់​ស្នេហ៍​នៅ​បាត់​ដំបង” បទ”អរគុណ​ភាព​ក្រ” និង​ចម្រៀង​ច្រើន​ទៀត ។

នេះគឺជាការបាត់បង់នូវធនធានមនុស្សដ៍មានចំណេះជំនាញ ពូកែម្នាក់ ដែលលោក បានជួយ លើកស្ទួយមិនថា  វិស័យកីឡា សិល្បៈកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែលោកម៉ាសេរី ក៍ធ្លាប់ធ្វើជាគ្រូបង្រៀនអង្លេស និងបណ្តុះបណ្តាលមនុស្សជាច្រើនអោយបានយល់ដឹងជាមួយនិងផ្នែកកីឡា ។

មុននិងលាចាកលោកនេះទៅ លោកនៅតែនិកគិតដល់វិស័យកីឡាប្រដាល់គុនខ្មែរ ព្រោះលោកបានជួយជ្រោមជ្រែង និងលើកស្ទួយដល់វិស័យនេះយ៉ាងក្រាស់ក្រែល ពិសេសការដឹកនាំកីឡាករ ទៅចូលរួមប្រកួតជាលក្ខណៈអន្តរជាតិ នៅក្រៅប្រទេសជាច្រើនលើក។

លោកក៍ធ្លាប់មានវត្តមានជាគណៈអធិបតីក្នុងការប្រកួតប្រដាល់នៅស្ថានីយ៍ទូរទស្សន៍ ប៉ុស្តិ៍លេខ ៧របស់ថៃ ដែលតបតាមការអញ្ចើញរបស់ភាគីថៃថែមទៀតផង ។

ទាំងនេះសបញ្ចាក់អោយឃើញថា មិនត្រឹមតែមានឈ្មោះល្បីល្បាញក្នុងប្រទេសកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់លោក ម៉ាសេរី ក៍មានភាពល្បីលើឆាកអន្តរជាតិផងដែរ។

សូមអោយវិញ្ញាណខ័នរបស់លោក ម៉ាសេរី បានទៅកាន់សុគិតិភព និងសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព្វ លោកម៉ាសេរី ដែលមានទុក្ខជាទំងន់នាពេលនេះ៕

  

Comments

comments