កម្មវិធី «ស្ដ្រី និងកីឡា រត់ដើម្បីសេចក្ដីស្រឡាញ់» លើកទី៤ ដែលបានចាប់ផ្តើមនាព្រឹកព្រលឹម ថ្ងៃទី១២ ខែកុម្ភៈនៅកោះពេជ្រម្សិលមិញនេះ ទទួលបានការចូលរួមពីមហាជនច្រើនកុះករជាងឆ្នាំមុនៗ និងជាពិសេសកីឡាការិនីស្រស់ស្អាត ឆ្នើមរបស់កម្ពុជា ក៍បានចូលរួមរត់កម្សាន្តផងដែរ ។

ក្នុងព្រឹត្តិការណ៍នេះមានវិញ្ញាសារត់សម្រាប់ប្រភេទអាយុ១៧ឆ្នាំចុះ៥គីឡូម៉ែត្របុរស-នារី រត់ ៥គីឡូម៉ែត្រ អាយុ១៨ឆ្នាំឡើងបុរស-នារី ។ដើរចងជើងជាគូរចម្ងាយ២០០ម៉ែត្រ ។ល្បែងកំសាន្ដដើរ១០០ម៉ែត្រកៀបប៉េងប៉ោង ក្បាលទល់ក្បាលជាដើម ។

ថ្លែងក្នុងឱកាសដ៏សប្បាយរីករាយនោះ លោកជំទាវ ម៉ក វណ្ណស៊ីថា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍រត់ដើម្បី សេចក្ដីស្រឡាញ់ឆ្នាំនេះ មានការចូលរួមច្រើនខុសពីឆ្នាំមុនៗ បើទោះបីពុំមានការផ្ដល់ប្រាក់រង្វាន់ចំណាត់ ថ្នាក់ជ័យលាភីក៏ដោយ ។

នេះបង្ហើញឲ្យឃើញពីការចាប់អារម្មណ៍ និងការចូលរួមលេងកីឡារបស់ស្ដ្រី ដើម្បីក្លាយជាចលករមួយ ក្នុងការលើកស្ទួយ និងជំរុញ វិស័យកីឡាកម្ពុជាឲ្យកាន់តែរីកចម្រើន ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

គួរកត់សំគាល់ផងដែរថា គោលបំណងដ៍សំខាន់នៅក្នុងការរៀបចំកម្មវិធី «រត់ដើម្បីសេចក្ដីស្រលាញ់» នេះ ក្រៅពី បំផុសស្ដ្រីឲ្យចូលរួមលេងកីឡានោះ គឺដើម្បីចែក រំលែកសេចក្ដីស្រឡាញ់ថ្ងៃទី១៤-កុម្ភៈ ចៀសវាងការយល់ ខុសពី អត្ថន័យ នៃថ្ងៃ១៤-កុម្ភៈ ដែលជាថ្ងៃបុណ្យសង្សារទៅវិញ ។

សូមបញ្ចាក់ថានេះគឺជាលើកទី៤ហើយដែលរៀបចំអោយមានព្រឹត្តការណ៍នេះគឺដោយសារមានការជ្រោមជ្រែងពី​គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងមានកិច្ចសហការជាមួយគណៈកម្មការស្រ្តីនិងកីឡា ។ ជាក់ស្ដែងគឺការចូលរួមរត់ដើម្បីសេចក្ដីស្រឡាញ់ថ្ងៃនេះ បានបង្ហាញឲ្យឃើញពីការផ្សារភ្ជាក់ទំនាក់ទំនងល្អក្នុងសង្គម តាមរយៈការ ចែករំលែកសេចក្ដីស្រឡាញ់ឲ្យគ្នាទៅវិញទៅមក ៕

Comments

comments