ថ្ងៃ​១៤ កុម្ភៈ គឺជា​ថ្ងៃ​ប្រារព្ធ​ទិវា​នៃ​ក្តី​ស្រឡាញ់​ (​ឬ​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់​) ដែល​ជា​ភាសា​អង់គ្លេស ហៅ​ថា «Valentine» បាន​ឈាន​ចូល​មក​ដល់​ហើយ គឺជា​ថ្ងៃ​ដែល​គេ​ប្រារព្ធ​ធ្វើ​ឡើង ដើម្បី​រំឭក​ដល់​ការ​ស្លាប់​របស់​បព្វជិត​សាសនា​គ្រិស្ដ​ជនជាតិ​រ៉ូ​ម៉ាំង​ម្នាក់​ឈ្មោះ Saint Valentine (​ក្នុង​ភាសា​Latin គឺ​Valentinus) ដែល​រូប​គាត់​ត្រូវ​បាន​គេ​កាត់ទោស​ប្រហារជីវិត ដោយសារ​បុព្វហេតុ​ការពារ​ទំនាក់ទំនង​ស្នេហា ។

នៅ​ប្រទេស​កម្ពុជា វប្បធម៌​បរទេស​មួយ​នេះ​ក៏​បាន​និង​កំពុង​រីក​រាលដាល​ក្នុង​ស្រទាប់​យុវវ័យ រហូត​អ្នកខ្លះ​បាន​ហៅ​ថ្ងៃនេះ​ថា ​ជា​ថ្ងៃ​បុណ្យ​សង្សារ និងក្លាយជា​ការ​ពេញ​និយម​សម្រាប់​ស្រទាប់​យុវវ័យ​ប្រមាណ​ជិត​១​ទសវត្សរ៍​ចុង​ក្រោយ​នេះ ។ នៅ​ក្នុង​ទិវា​នៃ​ក្តី​ស្រឡាញ់​នេះ ក្រុម​យុវជន​មួយ​ចំនួន ពួក​គាត់​បាន​ជូន​ជា​វត្ថុ​អនុស្សាវរីយ៍ ឬ​ជា​ផ្កា​កុលាប​ដល់​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត​និង​ស្រឡាញ់ ។

តើ​មានរឿង​អ្វីខ្លះ ដែល​បង្កប់​នៅ​ពីក្រោយ ក្នុង​ទិវា​នៃ​ក្តី​ស្រឡាញ់ ១៤ កុម្ភៈ ក្នុង​ស្រទាប់​យុវវ័យ​ខ្មែរ​យើង​នោះ ?

អត្ថន័យ ទិវា​នៃ​ក្តី​ស្រឡាញ់ ត្រូវ​បាន​ក្រុម​យុវវ័យ​មួយ​ចំនួន​តូច​យល់​ច្រឡំ និង​ហៅ​ថា​ ជា​ថ្ងៃ «​បុណ្យ​សង្សារ​» ជា​ថ្ងៃ​ដែល​នារី​គូស្នេហ៍​ត្រូវ​ប្រគល់​ខ្លួនប្រាណ​ឲ្យ​បុរស​ជា​សង្សារ​ទៅ​វិញ ។ យុវជន​មួយ​ចំនួន​តូច​ដែល​មានគំនិត ចង់​កេង​ចំណេញ​លើ​នារី​ជា​គូសង្សារ​របស់​ខ្លួន ក៏​បាន​ប្រើប្រាស់​ថ្ងៃនេះ​ដើម្បី​ឆក់​យក​ព្រហ្មចារី ឬ​ខ្លួនប្រាណ​របស់​នាង ដោយ​ប្រើប្រាស់​គ្រប់​វិធីសាស្ត្រ ។ ការ​យល់​ឃើញ​ដូច​ខាងលើ​នេះ គឺ​ពិតជា​ការ​យល់​ខុស​ទាំងស្រុង​សម្រាប់​អត្ថន័យ ទិវា​នៃ​ក្តី​ស្រឡាញ់​នេះ ។

តាម​ពិត​ទៅ ទិវា​នៃ​ក្តី​ស្រឡាញ់​គឺជា​ថ្ងៃ​ដែល​យើង​ទាំងអស់​គ្នា​បង្ហាញ​ទឹកចិត្ត ក្តី​ស្រឡាញ់​របស់​យើង​ទៅ​មនុស្ស​ជាទី​ស្រឡាញ់​ទូទៅ​ដែល​មាន​ជា​អាទិ៍ ក្តី​ស្រឡាញ់​ចំពោះ​អ្នក​មានគុណ (​មាតាបិតា​) ចំពោះ​បងប្អូន មិត្តភក្តិ ស្វាមី​ឬ​ភរិយា លោកគ្រូ​អ្នកគ្រូ ដែល​បាន​ផ្តល់​ចំណេះដឹង​មក​ដល់​យើង​ក៏​ដូច​ជា​គូសង្សារ​ផង​ដែរ ដោយ​ការ​ជូន​ជា​បាច់ផ្កា ជា​វត្ថុ​អនុស្សាវរីយ៍​ជួបជុំ​គ្នា​ញ៉ាំអាហារ​ផ្សេង​ៗ​ជាដើម ពោល​គឺ​មិនមែន​សម្រាប់​តែ​គូសង្សារ​ដែល​ត្រូវ​បូជា​ព្រហ្មចារី ឬ​ខ្លួនប្រាណ​ដល់​បុរស​ជា​គូសង្សារនោះ​ទេ ។

មិត្ត​ៗ​នារី​ប្រយ័ត្ន​បង់ប្រាណ​ដោយសារ​មានការ​យល់​ខុស និង​នៅ​តែ​មាន​មនុស្ស​កេង​ចំណេញ ដែល​ជា​ចរិត​ប្រុស​ព្រាន​យក​ថ្ងៃ​១៤ កុម្ភៈ ធ្វើ​ជា​ថ្ងៃ​ដែល​ក្រុម​បុរស​ប្រភេទ​ខាងលើ​នេះ ចង់​ប្រមាញ់​យក​ខ្លួនប្រាណ​គូសង្សារ​របស់​ខ្លួន ។ ពួក​គេ​តែងតែ​ព្យាយាម​ប្រើប្រាស់​គ្រប់​ឧបាយកល គ្រប់​វិធី​លួងលោម ដើម្បី​អន្ទង​ចិត្ត​នារី​ជា​សង្សារ​ឲ្យ​ធ្លាក់​ចូល​ក្នុង​ស៊ង​របស់​ពួក​គេ (​បាន​ខ្លួនប្រាណ​) ដូច​បំណង​ដែល​ចង់បាន ជា​អាទិ៍​មាន​ដូច​ជា «​ការ​ជូន​ជា​វត្ថុ​មាន​តម្លៃ​ថ្លៃ​ៗ ហើយ​លួង​យក​ខ្លួនប្រាណ​ជា​ការ​ប្តូរ​មក​វិញ​» «​ការ​ប្រើប្រាស់​ពាក្យ​សម្តី​បញ្ចុះបញ្ចូល​ថា បើ​មិន​ប្រគល់​ខ្លួនប្រាណ​ឲ្យ​ទេ គឺ​ភាគី​ខាង​ស្រី​មិន​បាន​ស្រឡាញ់​ខ្លួន​ឡើយ ឬ​ក៏​ស្នេហា​យើង​មិន​បាន​គង់វង្ស ឬ​មិនមែន​ជា ស្នេហា​ពិត​…» « ការ​នាំ​ដើរ​លេង ញ៉ាំ​អាហារ អូស​ក្រឡា​ដល់​យប់​ជ្រៅ ហើយ​បបួល​ចូល​ដេក​នៅផ្ទះ​សំណាក់ ដោយ​សំអាង​ថា ពេល​នេះ​យប់​ជ្រៅ​ហើយ គ្មាន​អ្នក​ណា​បើកទ្វារ​ផ្ទះ​ឲ្យ​ចូល​ទេ​» ឬ​ក៏ «​នាំ​ទៅ​ដើរ​លេង​នៅ​កន្លែង​ស្ងាត់ ហើយ​ធ្វើ​សកម្មភាព​ចាប់បង្ខំ​យក​ខ្លួនប្រាណ​តែ​ម្តង បើ​ទោះជា​ដៃគូ​ខាង​ស្រី​មិន​យល់ព្រម​ក៏​ដោយ​» … និង​នៅ​មាន​ឧបាយកល និង​ការ​លួងលោម​ជា​ច្រើន​ទៀត ។

សម័យនេះ​ទៅ​ហើយ នារី​ៗ​មិន​គួរ​ណា​ត្រូវ​ចាញ់បោក​លង់ខ្លួន​ជាមួយនឹង​ការ​លួងលោម​ក្នុង​ឧបាយកល​ផ្សេង​ៗ ដើម្បី​ប្រមាញ់​យក​ខ្លួនប្រាណ​របស់​ខ្លួន​ទៀត​ឡើយ ។ សូម​ចង​ចាំ​ថា បើ​អ្នក​មិន​គិត​ផ្តល់​តម្លៃ​ឲ្យ​ខ្លួនឯង​ផង នោះ​គ្មាន​អ្នក​ណា​ផ្តល់​តម្លៃ​ដល់​ខ្លួន​អ្នក​ឡើយ ។ សេចក្តី​ស្រឡាញ់​ពិត មិនមែន​ទាល់តែ​ប្រគល់​ខ្លួនប្រាណ​នោះ​ទេ ហើយ​ត្រូវ​យល់​ថា បុរស​ដែល​ស្រឡាញ់​ខ្លួន​យើង​ពិតប្រាកដ គឺជា​បុរស​ដែល​តែងតែ​គិត​និង​រក្សា​កិត្តិយស សេចក្តី​ថ្លៃថ្នូរ​របស់​នារី​ជា​គូសង្សារ​ជា​និច្ច គឺ​មិន​ចង់​កេង​ចំណេញ​លើ​គូស្នេហ៍​ខ្លួន​ឡើយ ។

ចំណែក​បុរស​ៗ​ក៏​ប្រយ័ត្ន​ជាប់​ជង់ ទន្ទឹម​នឹង​ភាព​ត្រេកត្រអាល​ជាមួយនឹង​ល្បែង​កាមតណ្ហា​នោះ សូម​បុរស​ៗ​ត្រូវ​ចេះ​ប្រុង​ប្រយ័ត្ន​ខ្លួន​ខ្លះ​ផង ចំពោះ​ល្បិច​ប្រើ​នុយ​ខ្លួនប្រាណ ដើម្បី​ច្របាច់ក​គាប​យក​លុយ​ពី​ខ្លួន​វិញ ។ ប្រហែលជា​អ្នក​ទាំងអស់​គ្នា​ធ្លាប់​បានដឹង​បានឮ​ពី​បងប្អូន មិត្តភក្តិ​ក៏​ដូច​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន ដែល​បាន​និយាយ​ក៏​ដូច​ជា​ការ​ចុះ​ផ្សាយ​ឲ្យ​ដឹង​ពី​ករណី «​ប្រុស​ប្រកែក ស្រី​ប្រកាន់​» និង​ប្រភេទ មនុស្ស​ស្រី​មួយ​ចំនួន​តូច ដែល​បាន​យក​ខ្លួនប្រាណ​ជា​នុយ ដើម្បី​ច្របាច់ក​យក​លុយ​ពី​ភាគី​ខាង​ប្រុស ។

មាន​បុរស​ៗ​ជា​ច្រើន​នាក់​ហើយ ដែល​បន្ទាប់​ពី​សប្បាយ​ភ្លេចខ្លួន​មួយ​ពេល​ហើយ​ក៏​ត្រូវ​ជាប់គុក​ច្រវាក់ បន្ទាប់​រឿងរ៉ាវ​នោះ​ត្រូវ​បាន​ភាគី​ខាង​ស្រី​ប្រាប់​ឪពុក​ម្តាយ បងប្អូន​គេ ហើយ​មូ​យ​ចំនួន​ទៀត​ចូល​ផ្ទះសំណាក់​មិន​ទាន់​ទាំង​បាន​ធ្វើ​អី​ផង ក៏​ត្រូវ​បាន ម៉ែឪ បងប្អូន​ខាង​ស្រី​មក​ជាមួយនឹង​ប៉ូលិស​មួយ​ក្រុម​ចូល​មក​ស្វាគមន៍ អញ្ជើញ​ភាគី​ខាង​ប្រុស​ចូល​បុ​ស្តិ៍​ប៉ូលិស ។ បើសិនជា​មិន​បង់លុយ​តាម​ចំនួន​ដែល​ភាគី​ខាង​ស្រី​ប្តឹង​ចង់បាន​ទេ គឺ​មាន​តែ​ដេក​គុក​ក្នុង​បទចោទប្រកាន់​ចាប់រំលោភ ឬ​ប៉ុនប៉ង​រំលោភ ។

ដូច្នេះ សូមកុំ​ភ្លេចខ្លួន សប្បាយ​មួយ​ពេល​ធ្វើ​ឱ្យ​ខូចអនាគត​របស់​ខ្លួន ឬ​ត្រូវ​លង់ខ្លួន​បង់ប្រាក់​រាប់​ពាន់ រាប់​ម៉ឺន​ដុល្លារ​នោះ ។ ត្រូវ​ចេះ​ការពារ​ខ្លួន បើ​រឿង​នោះ​មិន​អាច​ចៀស​ផុត​ពិត​ណាស់​ថា ថ្ងៃ​១៤ កុម្ភៈ ទិវា​នៃ​ក្តី​ស្រឡាញ់​មិនមែន​ជា​ថ្ងៃ​សម្រាប់​តែ​គូសង្សារ ដែល​ប្រគល់​ខ្លួនប្រាណ ឬ​ព្រហ្មចារី ដល់​បុរស​ជា​គូសង្សារ​នោះ​ឡើយ ប៉ុន្តែ​ការ​រួម​ភេទ​នៅ​ក្នុង​ថ្ងៃ​នោះ គឺ​តែងតែមាន និង​មាន​ច្រើន​ជាង​ថ្ងៃ​ធម្មតា ។ បើសិនជា​រឿង​នេះ​វា​នៅ​តែ​កើត​មាន​ឡើង​នោះ សូម​ដៃគូ​សង្សារ ត្រូវ​គិត​សុវត្ថិភាព​ជា​ចម្បង ។

បើ​ទោះជា​ទើបនឹង​បាន​ស្គាល់គ្នា ឬ​ស្គាល់​យូរយារ​មក​ហើយ​ក្តី យើង​ទាំងអស់​គ្នា​ពិតជា​មិន​អាច​មើល​ដឹង​ថា អ្នក​ណា​មាន​មេរោគ​អេ​ដស៍​តាម​រយៈ​ភ្នែក​ទទេ​បាន​ឡើយ ។ បើសិនជា​មានការ​រួម​ភេទ​កើតឡើង សូម​ប្រើប្រាស់​ស្រោមអនាម័យ​ជា​និច្ច ព្រោះថា​វា​មិន​ត្រឹមតែ​អាច​ការពារ​ខ្លួន​អ្នក​ពី​មេរោគ​អេ​ដស៍ និង​ជំងឺ​កាមរោគ​ផ្សេង​ៗ​ទៀត​បាន​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​អាច​ការពារ​បាន​នូវ​ការ​មាន​ផ្ទៃពោះ​ថែម​ទៀត​ផង ។

សរុបសេចក្តី​មក ទិវា​នៃ​ក្តី​ស្រឡាញ់ គឺ​មិនមែន​ជា «​បុណ្យ​សង្សារ​» មិនមែន​ជា​ថ្ងៃ​ដែល​នារី​ៗ​ត្រូវ​ប្រគល់​ខ្លួនប្រាណ​ឲ្យ​បុរស​ជា​សង្សារ​របស់​ខ្លួន​នោះ​ឡើយ ។ ត្រូវ​ចង​ចាំ​ថា បុរស​ម្នាក់ បើ​ពិតជា​ស្រឡាញ់​ខ្លួន​យើង​ចង់បាន​យើង​ធ្វើ​ជា​ភរិយា​អស់​មួយ​ជីវិត គេ​តែងតែ​ថែរក្សា​កិត្តិយស លើកតម្កើង​ភាព​ថ្លៃថ្នូរ​ដល់​អ្នក តែងតែ​គិត​និង​យល់​ពី​អារម្មណ៍​អ្នក គឺ​មិន​បង្ខំ​រួម​ភេទ​ជាមួយនឹង​អ្នក​នោះ​ឡើយ ។

ទន្ទឹម​នោះ អ្នក​ត្រូវ​តែ​ចេះ​ឲ្យ​តម្លៃ​ខ្លួនឯង​ជា​និច្ច​ផង​ដែរ ព្រោះថា​បើសិនជា​អ្នក​មិន​ទាំង​ឲ្យ​តម្លៃ​ដល់​ខ្លួនឯង​ផង ពិបាក​នឹង​អ្នក​ផ្សេង​គេ​ឲ្យ​តម្លៃ​មក​លើ​ខ្លួន​អ្នក​ណាស់ ។ មិត្ត​នារី​ៗ ត្រូវ​ចេះ​ប្រកាន់ខ្ជាប់​ភាព​ស្អាតស្អំ ថែរក្សា​កិត្តិយស​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​មាន​វិប្បដិសារី​ទៅ​ថ្ងៃក្រោយ​បាត់បង់​កិត្តិយស ទាំង​ខ្លួនឯង​និង​គ្រួសារ ពេល​ដែល​ប្រុស​ព្រាន​ជីវ៉ា​បាន​ប្រាណ​ហើយ​ដោះដៃ ដែល​ករណី​ខ្លះ​ថែម​ទាំង​សល់​ចំណងដៃ កូនឥតខាន់ស្លា ជា​កាដូ​ចុក​ឈាម​ថែម​បន្ទុក​ដល់​ឪពុក​ម្តាយ​របស់​ខ្លួន​ថែម​ទៀត ៕

Comments

comments