បុរសខ្លំាង ហ៊ុន សែន បានសម្រេចឲ្យលោក គី តិច មេធាវីការពារក្តីរបស់លោក ដាក់ពាក្យប្តឹងលោក គឹម សុខ មួយករណីទៀតហើយ ពាក់ព័ន្ឋនឹងការអត្ថាធិប្បាយរបស់អ្នកឃ្លំាមើលសង្គមនិងនយោបាយរូបនេះលើកឡើង​នៅ​វិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ថា«គេនេះគឺសំដៅទៅលើប្រព័ន្ធ…. ប្រព័ន្ធមួយ​ក្រោមការគ្រប់គ្រងនៃរដ្ឋាភិបាលបច្ចុប្បន្នហ្នឹង វាបណ្តោយឲ្យមានប្រព័ន្ធមួយ ដែលមានការសម្លាប់​មនុស្សហើយ រួចហើយរកមុខឃាតកមិនឃើញ មិនត្រឹមតែលោកបណ្ឌិត កែម ឡី ទេ អ្នកតស៊ូមតិ​មុនៗ….»។

ដោយឡែក នៅលើបណ្តាញសង្គមហ្វេសប៊ុក លោក គឹម សុខ បានបញ្ជាក់ថា«ព្រឹកនេះ(ថ្ងៃទី១៦ ខែកុម្ភៈ) ម៉ោង៩:៣០ ខ្ញុំនឹងទៅដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្នើពន្យាពេលចូលឆ្លើយបំភ្លឺ ដោយ​មូលហេតុមិនទាន់បានពឹងពាក់មេធាវីនៅឡើយ។ ប៉ុន្តែ ខ្ញុំមិនដូរជំហរទេ៖
១/. មិនគេចខ្លួនទៅក្រៅប្រទេស និងនៅតតាំងនឹងបណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជានៃសម្ដេច ហ៊ុន សែន តាមផ្លូវតុលាការ។
២/. មិនដូរដាច់ខាតនូវជំហរអត្ថាធិប្បាយរឿងសង្គមនិងនយោបាយ ទោះមានបណ្ដឹង១០០ទៀត ត្រូវគេដាក់​ទម្លាក់​សង្កត់លើខ្ញុំក៏ដោយ។»។

គួរបញ្ជាក់ថា តាមដីកាកោះរបស់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី  នៅេលាម៉ោង​៩ព្រឹកថ្ងៃទី១៧ ខែកុម្ភស្អែកនេះ លោក គឹម សុខ នឹងចូលទៅឆ្លើយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ឋ​នឹងបណ្តឹងបរិហាកេរ្ត៍ដែលប្តឹងដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ករណីដែលចោទគណបក្សប្រជាជន​កម្ពុជាសម្លាប់លោកបណ្ឌិត កែម ឡី ៕