ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចំាប្រទេសខ្មែរ លោក William A. Heidt បានអញ្ជើញប្រធានស្តីទី​គណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា ទៅកាន់ស្ថានទូតនៅភ្នំពេញដើម្បីពិភាក្សាគ្នានៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ។

មិនមានប្រភពច្បាស់ការណ៍ណាមួយបញ្ជាក់លម្អិតពីជំនួបសម្ងាត់ខាងលើនេះ ថាតើភាគីទំាងពីរនឹងជជែកគ្នាទៅ​លើរបៀបវារៈអ្វីនោះទេ ប៉ុន្តែបញ្ហាវិវត្តន៍នៃនយោបាយនៅក្នុងប្រទេសខ្មែរ អាចជាប្រធានបទសំខាន់នៅក្នុង​ជំនួបដែលគេមិនបញ្ជាក់ពីពេលវេលាច្បាស់លាស់នេះ ។

យ៉ាងណាក៍ដោយ«អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយបន្ថែមបានទេពីមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ក៍ដូចជាមន្រ្តីស្ថានទូតអាមេរិក នៅព្រឹកថ្ងៃព្រហស្បតិ៍ដដែលនេះ ។

ការកោះហៅលោក កឹម សុខា ពីសំណាក់លោកឯកអគ្គរដ្ឋទូតដើម្បពិភាក្សាគ្នានេះដែរ បានធ្វើឡើងចំគ្រាដែល​ស្ថានការណ៍នយោបាយបាននិងកំពុងតែឡើងកម្តៅ ពិសេសការលាលែងតំណែងរបស់លោក សម រង្ស៊ី ពី​ប្រធានគណបក្សសង្រ្គោះជាតិ ការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដើម្បីកំណត់ប្រធាន​និង​អនុប្រធានគណបក្សនយោបាយមិនមែនជាទណ្ឌិត(អ្នកទោស) ឬជាប់ពាក់ព័ន្ឋនឹងសំណុំរឿងនៅតុលាការ ការ​ប្តឹងលោក សម រង្ស៊ី និង ការប្តឹងលោក គឹម សុខ អ្នកវិភាគសង្គមនិងនយោបាយពីសំណាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាដើម ។

ក្រៅពីលោក William A. Heidt ឯកអគ្គរដ្ឋទូតអាមេរិកដែលមានភរិយាដើមកំណើតខ្មែរ​ដែលទំនងជាឈឺឆ្អាល​នឹងការវិវត្តនយោបាយ​នាពេល​បច្ចុប្បន្ននេះ សហភាពអឺរ៉ុបឯណោះវិញក៍ចង់​ឃើញ​អាជ្ញាធរ​កម្ពុជា ធានា​បរិយា​កាស​នយោបាយ​ដែល​អាច​អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង ធ្វើ​សកម្មភាព​ដោយ​សេរី​មុន​ការ​បោះឆ្នោត​ចូល​មក​ដល់ផងដែរ៕

Comments

comments