យ៉ាងហោចណាស់មនុស្ស០៩នាក់បានរងរបួសនិងផ្ទះ២ខ្នងបានរលំដោយសារគ្រោះរញ្ចួយដី២កន្លែងផ្សេងគ្នានៅខេត្តអាសេ ( Aceh) ប្រទេសឥណ្ឌូនេស៊ី នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ។

បើតាមមន្រ្តីកាកបាទក្រហមឥណ្ឌូនេស៊ីបាននិយាយឲ្យដឹងជាជំហានដំបូងថា មនុស្ស០៩នាក់ដែលរបួស​នោះ​នៅ​ក្នុង​ស្រុក Trianggadeng រីឯផ្ទះ២ខ្នងដែលបាក់រលំនោះនៅក្នុងស្រុកPidie Jaya និងតំបន់មួយចំនួន​អគ្គិសនី​បានកាត់ផ្តាច់។

យោងតាមក្រុមស្ទង់ខាងភូមិសាស្រ្តរបស់សហរដ្ឋអាមេរិក(USGS)បានឲ្យដឹងថា គ្រោះរញ្ចួយដី២កន្លែងដែល​កើតឡើងនៅវេលាម៉ោង៣ទៀបភ្លឺម៉ោងក្នុងប្រទេសឥណ្ឌូនេស៊ី​ឈានចូលថ្ងៃព្រហស្បតិ៍មាន​កម្រិត៥.១រីស្ទ័រនិង​៥.៦រីស្ទ័រ ។

យ៉ាងណាក៍ដោយ បើតាមមន្រ្តីនៃទីភ្នាក់ងារខាងឧតុនិយមនិងភូមិសាស្រ្តរបស់ឥណ្ឌូនេស៊ីបាននិយាយថា គ្រោះរញ្ចួយដីនេះមិនមានឥទ្ឋិពលបង្កើតជារលកយក្សស៊ូណាមិនោះទេ ។

កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ គ្រោះធម្មជាតិរញ្ជួយដីនៅចំណុចក្នុងភូមិសាស្រ្តខាងលើ​បានសម្លាប់មនុស្សជាង​១០០នាក់ បំផ្លាញអគារជាង១១០០០ខ្នង ដែលក្នុងចំណោមនេះភាគច្រើនជាលំនៅដ្ឋាន ៕