ទីបំផុតទៅ ចៅសង្កាត់រងទី២សង្កាត់ប៉ោយប៉ែត លោក ចៅ វាសនា បានត្រូវចៅក្រមសាលាដំបូងខេត្តបន្ទាយ​មានជ័យ​សម្រេចឃុំខ្លួនដាក់ពន្ឋនាគារកាលពីវេលាថ្ងៃត្រង់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពីបើកសវនា​ការ​អស់ពេលពេញ​មួយព្រឹក​ថ្ងៃព្រហស្បតិ៍ដដែលនេះ ។

លោក ចៅ វាសនា ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ សម​គំនិត​ក្នុង​អំពើ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស និង​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​នៅ​មុខ​ការិយាល័យ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៥។

បេក្ខជន​ចៅ​សង្កាត់​រូប​នេះ បច្ចុប្បន្ន​ជា​ចៅ​សង្កាត់​រង​ទី​២ មក​ពី​គណបក្ស ​សម រង្ស៊ី នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ និង​ជា​មនុស្ស​​សកម្ម​មួយ​រូបបានអះអាងថា លោកពុំមានការពាក់ព័ន្ឋនឹងការធ្វើបាតុកម្មតវ៉ា​ជាមួយក្រុមកម្មករអូសរទេះកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥នោះទេ ។

សំណុំ​រឿង​នេះ បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៥ ដោយ​ក្រុម​កម្មករ​អូស​រទេះ​ប្រមាណ ១៥០​នាក់ ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​មន្ត្រី​គយ​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត បញ្ឈប់​យក​ពន្ធ​លើ​ការ​ដឹក​ទំនិញ​ចេញ​ចូល​តាម​រទេះ​ខ្ពស់​ហួស​ហេតុ រហូត​បង្ក​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​ក្រុម​កម្មករ​អូស​រទេះ និង​កម្លាំង​សមត្ថកិច្ច បណ្ដាល​ឲ្យ​ខូច​រថយន្ត​របស់​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត ចំនួន ៧​គ្រឿង ព្រម​ទាំង​កញ្ចក់ របង ទ្វារ បង្អួច​នៃ​ទីស្នាក់ការ​គយ ខូចខាត​មួយ​ចំនួន​ទៀត ដោយសារ​ពួក​គេ​ឃើញ​សមត្ថកិច្ច​ចាប់​តំណាង​ក្រុម​អ្នក​តវ៉ា​ម្នាក់​វាយ​ធ្វើ​ទារុណកម្ម ធ្វើ​ឲ្យ​ពួក​គាត់​ខឹង ក៏​ផ្ទុះ​ហិង្សា​ដាក់​គ្នា​តែ​ម្ដង។

បើតាម RFA ដដែល រហូត​មក​ទល់​ពេល​នេះ សមត្ថកិច្ច​ពុំ​ទាន់​ដោះស្រាយ​បញ្ហា​នេះ​បាន​ចប់​សព្វគ្រប់​នៅ​ឡើយ​។ អ្នក​ជាប់​បណ្ដឹង​ក្នុង​សំណុំ​រឿង​នេះ​កន្លង​ទៅ​រួម​មាន ក្រុម​កម្មករ​អូស​រទេះ​ចំនួន ១៥​នាក់ លោក ចៅ វាសនា និង​លោក ឌិន ពុទ្ធី ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា។ ចំណែក​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ក្រុង​ប៉ោយ​ប៉ែត ពុំ​មាន​នៅ​ក្នុង​បណ្ដឹង​នោះ​ឡើយ ៕

Comments

comments