ស្រ្តីខ្មែរ២នាក់ បានត្រូវគេប្រទះឃើញស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងថ្លុកឈាម បង្កឲ្យមានការភ្ញាក់ផ្អើល​កាលពីម៉ោង៨និង៣០នាទី ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចក្បែស្ថានីយ៍តម្រួតការពារព្រំដែនលេខ ១១៥ ក្នុងស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ ទល់មុខនឹងស្រុកកំរៀង ខេត្តបាត់ដំបង។

បើតាមគេហទំព័រប៉ូលិសខ្មែរបានឲ្យដឹងថា ស្ត្រីរងគ្រោះទំាងពីរនាក់​ដែលត្រូវជនដៃដល់ជាបុរស​ជនជាតិខ្មែរ​ដូចគ្នា​ចាក់​សម្លាប់មិនដឹងមូលហេតុនេះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយថាជនដៃដល់មិនទាន់​ស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនក្រោយធ្វើសកម្មភាពចាក់សម្លាប់នារីរងគ្រោះទំាងពីរនាក់។

សេចក្តីរាយការណ៍ចុងក្រោយបានបន្តថា ក្រុមតម្រួតការពារព្រំដែន បានចេញប្រតិបត្តិការ ដើម្បីតាមប្រមាញ់​ទៅលើជនសង្ស័យ ក្នុងភូមិសាស្ត្រខាងលើ រហូតចាប់ខ្លួនបាន ព្រមទាំងបានប្រគល់ទៅអោយកម្លំាង​ជំនាញ​ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី ដើម្បីចាត់ការតាមច្បាប់៕