ដូចតាមការគ្រោងទុក អ្នកវិភាគសង្គមនិងនយោបាយ លោក គឹម សុខ បានចូលបំភ្លឺចំពោះមុខតំណាង​អយ្យការ​អម​សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដោយលោក គឹម សុខ ធ្វើដំណើរមក​បំភ្លឺ​ដោយថ្មើរជើងចេញពីវត្តចាស់ក្នុងសង្កាត់ជ្រោយចង្វារទីដែលដាក់តម្កល់សពលោកបណ្ឌិត កែម ឡី ។

សេចក្តីរាយការណ៍បានបន្តថា ការធ្វើដំណើរដោយថ្មើរជើងមកបំភ្លឺនេះ ក៍មានព្រះសង្ឃនិងអ្នកគំាទ្រជាច្រើន​បាន​និមន្ត​​អមដំណើរ​លោក គឹម សុខ មកតុលាការដែរ ប៉ុន្តែព្រះសង្ឃនិងអ្នកគាំទ្រនោះ ត្រូវបានសមត្ថកិច្ចរារំាង​មិនឲ្យ​ធ្វើដំណើរ​ជាមួយលោក គឹម សុខ ដោយហេតុផលតែមួយគត់គឺប៉ះពាល់សណ្តាប់សង្គម ។

យ៉ាងណាក៍ដោយ ការរារំាងរបស់សមត្ថកិច្ចនេះ ពុំមានអំពើហិង្សាណាមួយកើតឡើងនោះទេ ហើយនៅវេលា​ម៉ោង​៩និង៤៥នាទីព្រឹកថ្ងៃសុក្រដដែលនេះ លោក គឹម សុខ និងអ្នកអមដំណើរ កំពុងធ្វើដំណើរមកជិតដល់​បរិវេណសាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីចូលបំភ្លឺតាមការកំណត់របស់លោក សៀង សុខ ព្រះរាជ​អាជ្ញា​រង បន្ទាប់ពីលោក សៀង សុខ មិនអនុញ្ញាតឲ្យលោក គឹម សុខ ពន្យារពេលចូលបំភ្លឺដោយហេតុផលពុំទាន់​រក​បានមេធាវីការពារក្តីជូនលោក ។

អ្នកវិភាគសង្គមនិងនយោបាយរូបនេះ បានត្រូវលោក គី តិច មេធាវីតំណាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដាក់ពាក្យប្តឹងពីបទបរិហេកេរ្ត៍ពាក់ព័ន្ឋនឹងការអត្ថាធិប្បាយរបស់លោក គឹម សុខ នៅវិទ្យុអាស៊ីសេរី ដែលលោក ហ៊ុន សែន ចាត់ទុកការវិភាគរបស់លោក គឹម សុខ ជាការបង្ខូចកិត្តិយសគណបក្សប្រជាជនកម្ពុជា ពាក់ព័ន្ឋនឹង ការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ។ ក្នុងបណ្តឹងនេះ លោក ហ៊ុន សែន បានទាមទារឲ្យតុលាការផ្តន្ទា ទោសលោក គឹម សុខ និងឲ្យលោក គឹម សុខ សងជំងឺចិត្តគណបក្សប្រជាជនកម្ពុជាចំនួន២ពាន់លានរៀល ប្រមាណ៥០ម៉ឺនដុល្លារ ។

ដោយឡែក ទំនងជាមិនទាន់អស់កំហឹង កាលពីថ្ថៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៍បានសម្រេចប្តឹងលោក គឹម សុខ មួយករណីផ្សេងទៀត ពាក់ព័ន្ឋការអត្ថាធិប្បាយរបស់អ្នកឃ្លំាមើលសង្គមនិង នយោបាយរូបនេះលើកឡើង​នៅ​វិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ថា«គេនេះគឺសំដៅ ទៅលើប្រព័ន្ធ…. ប្រព័ន្ធមួយ​ក្រោមការគ្រប់គ្រងនៃរដ្ឋាភិបាលបច្ចុប្បន្នហ្នឹង វាបណ្តោយឲ្យមាន ប្រព័ន្ធមួយ ដែលមានការសម្លាប់​មនុស្សហើយ រួចហើយរកមុខឃាតកមិនឃើញ មិនត្រឹមតែលោក បណ្ឌិត កែម ឡី ទេ អ្នកតស៊ូមតិ​មុនៗ….»៕