អ្នកវិភាគសង្គមនិងនយោបាយ លោក គឹម សុខ បាននិយាយថា «នៅពេលនេះ ទ្រព្យសម្បត្តិរបស់លោក គឺមាន​លុយ២៤៦ដុល្លារនៅក្នុងកុងធនាគារ ម៉ូតូ០១គ្រឿង អាយផេត១ និងអាយហ្វូន(គេទិញឲ្យ) ០១គ្រឿង តែបើចង់​បានយកក៍យកទៅចុះ ឯ៥០ម៉ឺនដុល្លារនោះអត់មានទេ ។

លោក គឹម សុខ ឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែតខាងលើបែបនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ខណៈលោកបានធ្វើដំណើរដោយថ្មើរជើងពីវត្តចាស់នៅជ្រោយចង្វារឆ្ពោះទៅសាលាដំបូង​រាជធានី​ភ្នំពេញដើម្បីចូលឆ្លើយបំភ្លឺចំពោះមុខតំណាងអយ្យការតាមពាក្យបណ្តឹងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។

បើតាមលោក គឹម សុខ ប្រសិនបើចាញ់ក្តីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងសំណុំរឿងដែលមេធាវីតំណាង​លោក ហ៊ុន សែន ប្តឹងពីបទបរិហាកេរ្ត៍ពាក់ព័ន្ឋនឹងការអត្ថាធិប្បាយរបស់លោកនៅវិទ្យុអាស៊ីសេរី​ចំពោះការ​ស្លាប់​របស់លោក កែម ឡី ហើយត្រូវសងជំងឺចិត្តគណបក្សប្រជាជនកម្ពុជា៥០ម៉ឺនដុល្លារ តាមការទាមទាររបស់លោក ហ៊ុន សែននោះ លោកមិនឲ្យប្រជាពលរដ្ឋរៃអង្គាសប្រាក់ដើម្បីជួយលោកនោះទេ ព្រោះជារឿងផ្ទាល់ខ្លួនរបស់​លោក លោកមិនចង់ឲ្យប្រជាពលរដ្ឋលំបាកជាមួយលោកនោះទេ៕

Comments

comments