ពីខេត្តស្ទឹងត្រែងមានសេចក្តីរាយការណ៍មិនផ្លូវការមកថា គិតត្រឹមព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ រដ្ឋាភិបាលឡាវបាន​បន្ថែមកងកម្លំាងនៅព្រំដែនស្រុកសៀមប៉ាង​ជាង២កងពលស្មើនឹងជាង២០០០នាក់ បន្ទាប់ពីទាហានឡាវរារំាងកង​កម្លំាងវិស្វកម្មខ្មែរមិនឲ្យស្ថាបនាផ្លូវមិនបាន ។

ទាហានឡាវជាច្រើននាក់ប្រដាប់ដោយអាវុធគ្រប់ដៃ បានចូល​មក​រា​រាំង​ក្រុម​ទាហាន​កងវិស្វកម្ម​ខ្មែរ ដែលកំពុង​ឈូសឆាយដីធ្វើ​ផ្លូវ​បង្កឲ្យមានភាពតានតឹងប្រឈមខាង​ប្រដាប់​អាវុធដាក់គ្នាកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចព្រំដែន​អូរតាឡាវ ស្ថិតក្នុងឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​ ។​

ក្រោយមានសភាពការណ៍ដែលទាហានឡាវក្នុងខេត្តអាថៈពឺចូលមករារំាងបែបនេះ កងកម្លាំង​ទាហាន​ការពារ​វរៈព្រំដែន លេខ​១០១​ កម្លាំង​នគរបាល​ការពារ​វរៈ​ព្រំដែន​លេខ​៧០១ និងកង​កម្លាំង​វិស្វកម្ម​ស្ថាបនា​ផ្លូវខាងភាគី​ខ្មែរ បានទៅ​ណែនាំ​មិនឱ្យ​ទាហានចូលដីខ្មែរដោយមានកាន់អាវុធនោះទេ ​។​

បើតាមភាគីខ្មែរ​បាន​អះអាងថា ត្រង់ចំណុច​ទាហាន​ឡាវចុះមក​ហាមឃាត់តាមបញ្ជារបស់ថ្នាក់លើគេ​នោះគឺ​ស្ថិតនៅក្នុង​បូរណភាពទឹកដី​របស់ខ្មែរ ​​។

សេចក្តីរាយការណ៍បានបន្តថា នៅពេលនេះទាហានឡាវបានបន្ថែមកម្លំាងកាន់តែច្រើនឡើងៗ ដោយមិនស្តាប់​ការ​បកស្រាយនិងណែនំាពីសំណាក់កម្លំាងព្រំដែនខ្មែរឡើយ ។

កម្ពុជាបានស្ថាបនាផ្លូវយុទ្ធសាស្ត្រក្រវាត់ព្រំដែនប្រវែង២៥៧គីឡូម៉ែត្រ ពីក្រុងស្ទឹងត្រែងទៅស្រុក​សៀមប៉ាង តាមបណ្ដោយព្រំដែន ដែលការស្ថាបនានេះបានចាប់ផ្ដើមតាមពីឆ្នាំ២០១៥ និងស្ថាបនាផ្លូវចម្ងាយប្រហែល​១៥០គីឡូម៉ែត្រហើយ ហើយពេលនេះបែរជាទាហានឡាវចូលហាមខ្មែរដែលកំពុងសាងសង់ផ្លូវ​ក្នុងបូរណភាព​ទឹកដីរបស់ខ្លួន។

យ៉ាងណា ប្រភពបន្តថា បន្ទាប់ពីឡាវបានបន្ថែមកងកម្លំាងច្រើនបែបនេះ ខាងភាគីខ្មែរក៍បានត្រៀមរួចរាល់​ហើយដែរ ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន ។

«អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយបានទេពីអ្នកនំាពាក្យក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ឯក ឈុំ សុជាតិ ក៍ដូចជាមន្រ្តីពាក់ព័ន្ឋនានាសាលាខេត្តស្ទឹងត្រែង ៕

Comments

comments