គិតត្រឹមវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ស្ថានការណ៍យោធាខ្មែរ-ឡាវ នៅព្រំដែន​ខេត្តស្ទឹងត្រែងមិនមានអ្វីប្រែប្រួលនោះទេ ស្របពេលដែលប្រធានាធិបតីឡាវលោក ប៊ុនញ៉ាំង វរជិត (Bounnhang Vorachith) បាននិងកំពុងផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋថ្ងៃទី១(ថ្ងៃពុធនេះ)នៅក្នុងប្រទេសខ្មែរ តាមការអញ្ជើញរបស់​ព្រះមហាក្្សត្រខ្មែរនរោត្តមសីហមុនី ។

សេចក្តីរាយការណ៍ក្រៅផ្លូវការបានបន្តថា កាលពីថ្ងៃទី២១ ខែកុម្ភៈម្សិលមិញ​ ខណៈដែលទាហានឡាវបាន​បន្ថែមកម្លំាងជាង២ពាន់នាក់នោះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី ស្វាយ ញ៉ន បានសរសេរលិខិតឆ្លើយតបទៅភាគីឡាវដោយបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា «កម្ពុជាមិនអាចដកកងកម្លំាង​យោធា​និងគ្រឿងចក្រចេញពីទឹកដីរបស់ខ្លួនបានឡើយ» ។

សូមរំឮកថា ការប្រឈមដាក់គ្នាខាងប្រដាប់អាវុធរវាងទាហានខ្មែរ-ឡាវ បានកើតឡើងតំាងពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ កងកម្លាំងយោធាឡាវនៃខេត្តអត្តពឺ បានចូលមករារាំងកងកម្លាំងយោធាកងវិស្វកម្មខ្មែរ ដែល​កំពុង​ឈូសឆាយដីស្ថាបនាផ្លូវយុទ្ធសាស្រ្តក្រវាត់ព្រំដែន នៅត្រង់ចំណុចអូរតាង៉ាវ ស្រុកសៀមប៉ាង ដែលការ​កសាង​ផ្លូវនេះ បានត្រូវមន្រ្តីយោធាខ្មែរអះអាងថា ស្ថិតក្នុងបូរណភាពទឹកដីខ្មែរ ។

មកដល់ពេលនេះ កម្ពុជាបានស្ថាបនាផ្លូវយុទ្ធសាស្ត្រក្រវាត់ព្រំដែនប្រវែង២៥៧គីឡូម៉ែត្រ ពីក្រុងស្ទឹងត្រែង​ទៅស្រុក​សៀមប៉ាង តាមបណ្ដោយព្រំដែន ដែលការស្ថាបនានេះបានចាប់ផ្ដើមតាមពីឆ្នាំ២០១៥ និងស្ថាបនាផ្លូវ​ចម្ងាយប្រហែល​១៥០គីឡូម៉ែត្រហើយ ហើយពេលនេះបែរជាទាហានឡាវចូលហាមខ្មែរដែលកំពុងសាងសង់ផ្លូវ​ក្នុងបូរណភាព​ទឹកដីរបស់ខ្លួន៕

Comments

comments