ពីខេត្តស្ទឹងត្រែងមានសេចក្តីរាយការណ៍មកថា ទាហានឡាវមិនទាន់ដកចេញពីទឹកដីកម្ពុជាចំណុចដែល​កង​វិស្វកម្ម​ខ្មែរបាននិងកំពុងស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកសៀមប៉ាងនោះនៅឡើយទេ គិតត្រឹមវេលា​ម៉ោង១និង៤៥នាទីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ទោះបីជាប្រធានាធិបតីឡាវ លោក ប៊ុនញ៉ាង វរជីត បាន​បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាកាលពីថ្ងៃម្សិលមិញនោះក្តី ។

មេបញ្ជាការ​តំបន់ប្រតិបត្តិការ​សឹក​រង​ខេត្ត​ស្ទឹងត្រែង លោក ស្វាយ ញ៉ន បានប្រាប់ RFA ថា ក្នុង​ពេល​ថ្មីៗ​នេះ យោធា​របស់​កម្ពុជា បាន​ផ្ញើ​លិខិត​ជូន​យោធា​ខែត្រ​អាតាពើ (Attapeu)  របស់​ឡាវ ២​លើក​មក​ហើយ ដោយ​ជំរុញ​ឲ្យ​មេបញ្ជាការ​យោធា​ឡាវ ដកទ័ព​ចេញ​ពី​ទឹកដី​របស់​កម្ពុជា។ ដោយ​ឡែក​ភាគី​ឡាវ ក៏​បាន​ផ្ញើ​លិខិត​មក​កម្ពុជា ២​លើក​ដែរ ដោយ​ស្នើ​ឲ្យ​បញ្ឈប់​កសាង​ផ្លូវ​តាម​ព្រំដែន និង​ដកទ័ព​ចេញ​ពី​តំបន់​នោះ។

លោក​ថា កងកម្លាំង​វិស្វកម្ម​របស់​កម្ពុជា មិន​អាច​បញ្ឈប់​ស្ថាបនា​ផ្លូវ​នៅ​តំបន់​នោះ​បាន​ទេ ហើយ​កំពុង​ដំណើរ​ការ​កសាង​ឲ្យ​ដល់​ខែត្រ​រតនគិរី៖ «ធ្វើ​ក្នុង​ទឹកដី​កម្ពុជា ពូ​អត់​ខ្លាច​ឡាវ បាញ់​ទេ គឺ​ធ្វើ​នៅ​ដី​របស់​យើង ប្រសិនបើ​ឡាវ យក​កាំភ្លើង និង​យក​ទ័ព​មក​វ៉ៃ​យើង​ឡាវ គិត​ថា ធ្វើ​ខុស ឬ​ត្រូវ? ខ្សែ​ព្រំដែន​មាន​រួច​ហើយ​​នៅ​សល់​តែ​បោះ​បង្គោល​តើ!»

លោក ស្វាយ ញ៉ន បន្ថែម​ថា ភាគី​ឡាវ បាន​លើក​យក​កំណត់​ហេតុ​ឆ្នាំ​១៩៩៥ របស់​អភិបាល​ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង និង​អភិបាល​ស្រុក​សាន់សៃ (Sanxay District ) នៃ​ខែត្រ​អាតាពើ របស់​ឡាវ ជា​មូលដ្ឋាន​ក្នុង​ការ​ទាមទារ​ដី​មួយ​ផ្នែក​នៅ​ចំណុច​អូរ​តាក់ឡាវ ក៏ប៉ុន្តែ​យោធា​កម្ពុជា បាន​ច្រាន​ចោល​កំណត់ហេតុ​នោះ។ លោក​បញ្ជាក់​ថា ខ្លឹមសារ​ក្នុង​កំណត់ហេតុ​នោះ​បង្ហាញ​ថា អភិបាល​ស្រុក​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា បែក​ចែក​ទឹក​ដី​ម្នាក់​ម្ខាង​រវាង​អូរ​តាក់ឡាវ ខាង​កម្ពុជា និង​អូរ​តាក់ឡាវ ខាង​ឡាវ។ លោក​អះអាង​ថា ខ្សែបន្ទាត់​ព្រំដែន​ដែល​បារាំង បន្សល់​ទុក ពុំ​មែន​រត់​តាម​អូរ​តាក់ឡាវ នោះ​ទេ។

ទោះ​យ៉ាង​ណា លោក​ពុំ​បាន​បញ្ជាក់​លម្អិត​ពី​ចំនួន​កងទ័ព​ឡាវ ប្រដាប់​អាវុធ​ឈរ​ជើង​លើ​ទឹក​ដី​កម្ពុជា នោះ​ទេ ដោយសារ​តំបន់​នោះ​សំបូរ​ដោយ​ព្រៃ​ភ្នំ៖ «ខ្ញុំ​សរសេរ​សំបុត្រ​ទៅ​ថា ពេល​បារាំង ចេញ​ទៅ​គេ​ចែក​ឲ្យ​យើង​មួយ​ចំនួន​រួច​ហើយ ទាំង​ឡាវ ខ្លួន​ឯង​ស្គាល់​ដី​ច្បាស់​លាស់ ហើយ​ខាង​កម្ពុជា ក៏​ស្គាល់​ច្បាស់លាស់​ដែរ ហើយ​ពេល​នេះ​លោក​លូក​ដៃ​យក​លុយ​នៅ​ហោប៉ៅ​របស់​ខ្ញុំ ហើយ​ឲ្យ​ខ្ញុំ​ដកទ័ព​ចេញ​ពី​ទឹក​ដី​កម្ពុជា ដក​ម៉េច​កើត»

កាល​ពី​ឆ្នាំ​២០១៥ រាជរដ្ឋាភិបាល​បាន​សម្រេច​កសាង​ផ្លូវ​តាម​បណ្ដោយ​ព្រំដែន​ឡាវ មាន​ប្រវែង ២៥៧​គីឡូម៉ែត្រ ចាប់​ពី​ផ្លូវ​ជាតិ​លេខ​៧ ខេត្ត​ស្ទឹងត្រែង រហូត​ដល់​ខេត្តរតនគិរី។ មក​ទល់​ពេល​នេះ កសាង​សម្រេច​បាន​ជាង ១៥០​គីឡូម៉ែត្រ ទើបទាហានឡាវកាលពីថ្ងៃទី០៨ ខែកុម្ភៈ បានចូលមករារំាងមិនឲ្យមានការស្ថាបនាផលូវក្រវាត់ព្រំដែន បង្កឲ្យមានការប្រឈមមុខដាក់គ្នាខាងកម្លំាងប្រដាប់អាវុធ ៕

Comments

comments