ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣បានផ្សាយថា​ គ្រាប់បែកដៃប្រភេទគ្រាប់ផ្លែទឹកដោះគោ M27 សរុប៣០០គ្រាប់ បាន​ត្រូវ​អាជ្ញាធរថៃ ដោះបាននៅតាមបន្ទាត់ព្រំដែនខេត្តស្រះកែវជាប់ព្រំប្រទល់នឹងខេត្តបន្ទាយមានជ័យនិង​បាត់​ដំបង​របស់ខ្មែរ ហើយយកទៅកម្ទេចចោល ។

មេបញ្ជាការព្រំដែនលេខ១២របស់ថៃ លោក ស៊ុតហម សារ៉ាវ៉ាត់ បានត្រូវទូរទស្សន៍ស្រង់សំដីបញ្ជាក់​កាលពី​ថ្ងៃទី​​០៩ ខែមីនា ឆ្នំា២០១៧ថា គ្រាប់បែកខាងលើនេះ ជារបស់ទាហានខ្មែរបានដាក់ពង្រាយ​តាមបន្ទាត់ព្រំដែន ។

ក្រោយការផ្សាយរបស់ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ខាងលើ ស្នងការរងទទួលបន្ទុកព្រំដែនខេត្តបាត់ដំបង លោក ពុំ ចាន់ បាននិយាយ​ច្រានចោលការចោទប្រកាន់របស់មេបញ្ជាការតម្រួតព្រំដែនថៃលេខ១២ ដោយបញ្ជាក់ថា គ្រាប់​បែកដៃ M27 ចំនួន៣០០គ្រាប់ ផលិតនៅប្រទេសអាមេរិកនោះ មិនមែនជារបស់ទាហានខ្មែរទេ ព្រោះគេ​(ថៃ)ដោះក្នុងទឹកដីរបស់គេ ឯខ្មែរឯណាទៅដាក់គ្រាប់បែកដៃនៅក្នុងទឹកដីថៃ ។

ក្រុមអ្នកតាមដានសង្គមបានដាក់ការសង្ស័យថា គ្រាប់បែក៣០០គ្រាប់នេះ ទំនងជាទាហានថៃលួចបង្កៃអំឡុង​ពេលជម្លោះព្រំដែនបា្រសាទព្រះវិហារក្លាយជាសង្រ្គាម បង្កឡើងដោយទាហានឈ្លានពានថៃ ក្រោយ​បា្រសាទ​ព្រះវិហាររបស់ខ្មែរបានត្រូវចុះបញ្ជីជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨​កន្លងមក ៕

Comments

comments