រាជធានី​ភ្នំពេញ ៖ ទាក់ទង​ទៅ​នឹង​ជំនឿ​ដែល​មាន​តាំងពី​យូរលង់​ណាស់​មក​ហើយ​នោះ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ប្រជាជន​ខ្មែរ​យើង​មួយ​ចំនួន​ហាក់បី​ជា មិនសូវ​មានការ​ចាប់អារម្មណ៍ ជឿ​ច្រើន​ដូច​មុន​ឡើយ ទាំងនេះ​ក៏​ដោយសារ​តែ​បច្ចេកវិទ្យា​ទំនើប​មាន​ភាព​ជឿនលឿន​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់ ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​មួយ​ចំនួន​យល់​ឃើញ​ថា ជំនឿ​មួយ​ចំនួនគ្រាន់តែ​ជា​ការ​លើក​ឡើង​បោកប្រាស់ ឬ​កាឡៃ​តែ​ប៉ុណ្ណោះ ។ ដើម្បី​ជា​ការ​រំលឹក​ឡើង​វិញ​ខ្លះ​ៗ ក្រុមការងារ​អង្រុត​បាន​ធ្វើការ​ស្រាវជ្រាវ​ចងក្រង​ជា​បទ​ពិសោធន៍​ទាក់ទង​ទៅ​នឹង​រឿង «​ម្រេញគង្វាល ជំនាងផ្ទះ និង​ព្រះ​ភូមិ​» ដើម្បី​ចែក​ជូន​មិត្ត​អ្នក​អាន ប៉ុន្តែ​ តើ​វា​គួរ​ជឿ ឬ​មិន​គួរ​ជឿ គឺ​ទៅ​តាម​ជំនឿ​របស់​អស់លោក​-​អ្នក​ខ្លួនឯង​ទេ ។

ព្រះ​ភូមិ ជំនាងផ្ទះ ម្រេញគង្វាល ជាដើម​នោះ ជា​វិញ្ញាណ​សក្តិ​សិទ្ធិ​ទាំងឡាយ នៅ​ក្នុង​ជំនឿ​អ្នកតា ឬ​ជំនឿ​វិញ្ញាណ​និយម ដែល​មាន​អាយុកាល​ជា​យូរអង្វែង​មក​ហើយ នៅ​ក្នុង​ទឹកដី​ខ្មែរ សម័យ​ព្រា​ហ្ម​ញ្ញ​សាសនា មុន​ពុទ្ធសាសនា ។ ហើយ​ក៏​នៅ​មាន​ឥទ្ធិពល បន្ត​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ នៅ​ក្នុង​ទឹកដី​អាស៊ី​អាគ្នេយ៍ មាន​ដូច​ជា ប្រទេស​នៅ​លាវ ថៃ និង​ប្រទេស​ខ្មែរ​ជាដើម ។ នៅ​ក្នុង​ជំនឿ​វិញ្ញាណ​និយម ព្រះ​ភូមិ (​អ្នករក្សា​ដី​ភូមិ​ចំការ​ដំណាំ​) ជំនាងផ្ទះ (​អ្នករក្សា​ការពារ​លំនៅ​ស្ថាន​) ម្រេញគង្វាល (​អ្នករក្សា​កុមារ និង​ជន​ដែល​មិន​អាច​ជួយ​រក្សា​ខ្លួនឯង​បាន ដូច​ជា​អ្នក​ពិការ​និង​ចាស់ជរា​) ។

– ព្រះ​ភូមិ ៖ យើង​ក៏​សង្កេត​ឃើញ​វត្ត​មាននៅ​គ្រប់​ផ្ទះ​ខ្មែរ​ទាំងអស់ មាន​ព្រះ​ភូមិ​មួយ ធ្វើ​អំពី​ឈើ​ប្រក់​ស្បូវ ឬ​គ្រឿង​ស្ថិត​ក្នុង​បរិវេណ​ទីធ្លា​ខាង​មុខ​ផ្ទះ ឬ​នៅ​ក្បែរ​ផ្ទះ ។ នេះ​គឺជា​រាន​ព្រះ​ភូមិ​ដែល​ជា​វិញ្ញាណ ឬ​ព្រលឹង​ដូនតា​ថែរក្សា​ទីតាំង ឬ​កន្លែង​រស់នៅ​របស់​កូនចៅ ។ ចាស់ទុំ​បាន​ឲ្យ​ដឹង​ថា ព្រះ​ភូមិ ត្រូវ​ប្រជានុរាស្ត្រ​ខ្មែរ​ឲ្យ​តម្លៃ​យ៉ាង​ខ្ពស់ ហើយ​ទ​ង្វើ​នេះ​បណ្តាល​មក​ពី​សម្បត្តិ​ដ៏​ល្អ​ប្រពៃ​របស់​ព្រះ​ភូមិ គឺជា​អ្នកមាន​បារមី​ខ្លាំងក្លា​ណាស់ កាលពី​នៅ​រស់ ដោយ​ក្រោយ​ពី​ទទួលមរណៈភាព ក៏​បាន​ទៅ​ជា​ព្រះ​ភូមិ ប្រយោជន៍ និង​បីបាច់​ថែរក្សា​កូនចៅ ក្នុង​លោក​យើង​នេះ​។ បើ​តាម​អ្នកស្រុក អ្នក​ភូមិ ជួនកាល​អ្នកស្រុក​និង​ភូមិ​ទាំងនោះ អាច​នឹង​ធ្វើ​ឲ្យ​គេ​ដឹង​ថា មាន​អ្វី​កើតឡើង​ថែម​ទៀត​ផង ។ ជា​និច្ចកាល ព្រះ​ភូមិ​ដែល​ជា​ប្រភេទ​វិញ្ញាណ​ដូនតា​នោះ មាន​ឥទ្ធិពល​ខ្លាំងក្លា​ក្នុង​សង្គម​ខ្មែរ ដោយ​ផ្សាយ​នូវ​ការ​គោរព​កោតខ្លាច ។ ដូច្នេះ​ហើយ​បាន​ភ្ញៀវ​ដែល​ចូល​ផ្ទះ​នីមួយ​ៗ ត្រូវ​ដើរ​កាត់​រាន​ព្រះ​ភូមិ​ជា​ទូទៅ​ដោយ​ដៃ​បក់ ឬ​ក៏​អុជ​ធូប​ទាន សូម​សេចក្តី​អនុញ្ញាត​ជាដើម ជា​សញ្ញា​នៃ​ភារកិច្ច​ដ៏​ជ្រាលជ្រៅ ។ ដូច្នេះ​ជុំវិញ​ករណី​សារសំខាន់​របស់​ព្រះ​ភូមិ​នេះ ទោះបី​មាន​ប្រភព​ខុស​ប្លែក​គ្នា​បន្តិច និង​ម្នាង​ផ្ទះ​ក៏​ដោយ ក៏​យើង​អាច​និយាយ​បាន​ថា ព្រះ​ភូមិ គឺជា​ព្រលឹង​ដូនតា​រក្សា​ភូមិ​-​ស្រុក ផ្ទះសម្បែង​មិន​ឲ្យ​ពួក​ព្រាយ​បិសាច ឬ​ចោរ​ចូល​ឆាឆៅ​ក្នុងផ្ទះ​សម្បែង​របស់​ពួក​គេ​ដែល​ជា​កូនចៅ ។

– ជំនាងផ្ទះ ឬ​ម្នាង​ផ្ទះ ៖ ទំនៀមទំលាប់​មួយ​ជា​ប្រពៃណី​ខ្មែរ​តាំងពី​ដូនតា គឺ​ជំនឿ​លើ​ជំនាងផ្ទះ ដែល​ប្រហែលជា​ស្លាកស្នាម​គ្រប់គ្រង​តាម​បែប​មាតា​ធិ​ប​តេ​យ្យ ។ ម្ល៉ោះហើយ​ជនជាតិ​ខ្មែរ​ជឿ​ថា ផ្ទះ​នីមួយ​សុទ្ធសឹងតែ​មាន​ម្នាង​ផ្ទះ នៅ​តាម​ថែរក្សា​ជា​និច្ចកាល ។ ខ្មែរ​ជឿ​ថា ផ្ទះ​ថ្មី​ដែល​ទើបនឹង​សាងសង់​រួច គឺ​មាន​ទេវតា​ផ្ទះ​មក​តាម​ថែរក្សា ។ ជំនាងផ្ទះ ជួយ​រក្សា​មិន​គ្រាន់តែ​កំណប់ទ្រព្យ​មាសប្រាក់​មិន​ឲ្យ​បាត់បង់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ទប់ទល់​ការពារ និង​ខ្មោច​បិសាច មិន​ឲ្យ​មក​បៀតបៀន​ម្ចាស់ផ្ទះ​ផង ។ ព្រោះថា ជំនាងផ្ទះ គឺជា​ប្រភព​ខ្មោច ឬ​ជា​វិញ្ញាណ​មាន​រិ​ទ្ធា​នុ​ភាព ជាង​ខ្មោច​បិសាច​ផ្សេង​ៗ​ឯទៀត ហើយ​សាង​តែ​អំពើ​ល្អ​ក្នុង​ជាតិ​មុន ។ លក្ខណៈ​សំគាល់​មួយទៀត គឺ​ជំនាងផ្ទះ ស្លៀកពាក់​ស្អាតបាត មាន​រូបរាង​ប្រៀប​ដូច​ទេវតា ប្រកបដោយ​សីលធម៌​ខ្ពស់​ផង ។ ជា​ឧទាហរណ៍​ជាក់ស្តែង ទោះបី​ម្ចាស់ផ្ទះ​ណាមួយ​ត្រូវ​បង្ខំចិត្ត​ចាក​ចេញពីផ្ទះ​ដោយ​ប្រកា​ណាមួយ​ក៏​ដោយ តែ​ម្នាង​ផ្ទះ​មិន​បោះបង់​ផ្ទះ​នេះ​ជា​ដាច់ខាត ហើយ​រង់ចាំ​ដោយ​បន្ត​ថែរក្សា​រហូត​ដល់​ពេល​មាន​ម្ចាស់ផ្ទះ​ថ្មី មក​រួមរស់​ជាមួយ​មនុស្ស​តទៅ​ទៀត ។

– ម្រេញគង្វាល ៖ ម្រេញគង្វាល​ដែល​ជា​ប្រភេទ​ខ្មោច ដែល​មាន​រូបរាង​តូច​ដូច​កូន​ក្មេង ចូល​ចិត្ត​ស្លៀកពាក់​ក្រហម ហើយ​រួមរស់​ជាមួយ​មនុស្ស​នៅ​តាម​ផ្ទះ ។ តួនាទី​រក្សា​ម្ចាស់ផ្ទះ កុំ​ឲ្យ​ចោរលួច​ប្លន់ ឬ​ជនពាល​មក​បៀតបៀន ធ្វើទុក្ខបុកម្នេញ​ឡើយ ។ វត្តមាន​របស់​ម្រេញគង្វាល​អាច គូសបញ្ជាក់​តាម​រយៈ​រាន​មួយ ធ្វើ​អំពី​ឈើ​កូន​ផ្ទះ ឬក​ញ្ជ្រែ​ង​មួយ ដែល​មាន​ព្យួរ​ឯកសណ្ឋាន​មួយ​ឈុត​ពណ៌​ក្រហម ។ ខ្មោច​ប្រភេទ​នេះ ចូល​ចិត្ត​ស្ករ​គ្រាប់​ណាស់ ដូច្នេះ​ហើយ​បានជា​រៀងរាល់ថ្ងៃ នៅ​ពេល​ល្ងាច ម្ចាស់ផ្ទះ​រមែងតែ​ដាក់​ស្ករ​គ្រាប់​នៅ​ក​ញ្ជ្រែ​ង ព្រមទាំង​ទឹក​ផឹក​យ៉ាង​ទៀងទាត់ នៅ​លើរាន​របស់​ពួក​គេ ព្រោះ​កុំ​ឲ្យ​ឆាឆៅ នៅ​ពេល​ស្រេកឃ្លាន ។ ម្យ៉ាងវិញទៀត អ្នកស្រុក​ជឿ​ថា ពួក​ម្រេញគង្វាល​រាល់​យប់ តែងតែ​ចេញ​មក​លេង ល្បែង​ខ្លា​ធ្លាក់​អណ្តូង ហើយ​ទន្ទឹម​នឹម​នេះ រូបគេ​ក៏​ចូល​ចិត្ត​ពង្វក់​ក្មេង​ៗ ឲ្យ​លេង​ជាមួយ​វា​ដែរ ។ ដោយសារ​បាន​ទទួល​ចំណីអាហារ​ទៀងទាត់ ពពួក​ខ្មោច​ម្រេញគង្វាល មាន​ទឹកចិត្ត​ស្រឡាញ់​បីបាច់​ថែរក្សា​ម្ចាស់ផ្ទះ​ណាស់ ដោយ​ភក្តីភាព​ជាទី​បំផុត ជា​ហេតុ​នាំ​ឲ្យ​ម្ចាស់ផ្ទះ​របស់​ខ្លួន​រកស៊ី​មានបាន​ដូច​ក្តី​ប្រាថ្នា ៕

blue spirit house

Comments

comments