រាជធានី​ភ្នំពេញ ៖ អ្នកចូលរួម​ទស្សនា​ផ្ទាល់​ក្នុង​ការ​ប្រកួត​នៅ​ទីស្នាក់ការ NOCC កាលពី​ម្សិលមិញ​នោះ មានការ​ភ្ញាក់ផ្អើល​ខ្លាំង​បំផុត​នៅ​ពេល​ស្តេច​អុក​ប្រចាំឆ្នាំ​មុន លោក ហូ​យ សូ​ណា បាន​ធ្លាក់​ចេញពី​ការ​ប្រកួត​កីឡា​អុកចត្រង្គ​កម្ពុជា​ឆ្នាំ​២០១៧ ត្រឹម​វគ្គ​ជម្រុះ​១០ នាក់​ចុង​ក្រោយ​ប្រចាំ​ក្រុម (​គ​) ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត នៅ​ពេល​ប្រកួត​ចាញ់​កីឡាករ​ជើង​ថ្មី កែវ វ​ឌ្ឍ​នា ជា​កីឡាករ​ជើង​ថ្មី​ទៅ​វិញ ព្រោះ​កីឡាករ​ខ្លាំង​បែប​ណា​ក៏​ដោយ​ឲ្យ​តែ​ភ្លាត់​គឺ​ចាញ់​គេ​ហើយ​។

ស្តេច​អុក​ឆ្នាំ ២០១៦ លោក ហូ​យ សូ​ណា បាន​និយាយ​ថា​៖ «​ការ​ប្រកួត​កីឡា​តែង​មាន​ឈ្នះ និង​ចាញ់ អ៊ីចឹង​ខ្ញុំ​មិន​សោកស្តាយ​ខ្លាំង​ទេ ពីព្រោះ​ថ្ងៃនេះ​ខ្ញុំ​វ៉ៃ​អត់​សូវ​បាន​ល្អ​ដោយសារ​សុខភាព​មិនល្អ​ផង គឺ​ខ្ញុំ​ទល់​ដង្ហើម​ធ្វើ​ឲ្យ​ខ្ញុំ​មាន​បញ្ហា​ភ្លេចភ្លាំង​ខ្លះ​ៗ ។ ប៉ុន្តែ​អ្នក​ទម្លាក់​ខ្ញុំ មិនជា​ខ្លាំង​ប៉ុន្មាន​ឡើយ គ្រាន់តែ​គេ​មាន​ភាព​វៃឆ្លាត​គួរសម ហេតុនេះ​ខ្ញុំ​គិត​ថា អ្នក​ឈ្នះ​តំណែង​ស្តេច​អុក​ឆ្នាំ​នេះ អាច​ជា ឈាវ បូ​រ៉ា​» ។

លោក ហុយ សុ​ណា បាន​បញ្ជាក់​ហេតុផល​ថា «​ចំពោះ​ការ​ការពារ​តំណែង​ជើងឯក​ស្តេច​អុក កាលពី​ឆ្នាំ​២០១៦ គឺ​ខ្ញុំ​មាន​សង្ឃឹម​ត្រឹម​៥០​ភាគ​ទេ ដោយសារ​ឆ្នាំ​នេះ​មាន​កីឡាករ​ល្អ​ចូលរួម​ច្រើន ដែល​មាន​សមត្ថភាព​សុទ្ធតែ​ប្រហាក់ប្រហែល​គ្នា មិន​លើស​គ្នា​ច្រើន​ទេ​»​។
លោក​បាន​ធ្វើការ​ប្រៀបធៀប​យ៉ាង​ដូច្នេះ​ថា «​ឥឡូវ​កីឡាករ​ក្មេង​ៗ​របស់​យើង​ល្អ ព្រោះ​ពួក​គាត់​បាន​ហ្វឹកហាត់​តាម online ចំណែក​កីឡាករ​វ័យ​ចំណាស់​របស់​យើង មិន​បាន​លេង​តាម online ទេ គឺ​លេង​តាម​ផ្ទាល់​នឹង​ក្តា​តែ​ម្តង អ៊ីចឹង​ការ​គិត​របស់​ក្មេង​ៗ​អាច​លឿន​ជាង​អ្នក​វ័យចាស់ ហើយ​ពួក​គេ​ក៏​អាច​ដណ្តើម​តំណែង​ជើងឯក​ស្តេច​អុក នៅ​ឆ្នាំ​នេះ​ផង​ដែរ ប៉ុន្តែ​ខ្ញុំ​ក៏​សប្បាយចិត្ត​ដែរ បើសិនជា​ក្មេង​ៗ អាច​យក​តំណែង​ជើងឯក​ស្តេច​អុក​បាន​មែន​នោះ​»​។

សូម​បញ្ជាក់​ថា អតីត​ស្តេច​អុក​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥ ឈាវ បូ​រ៉ា និង​ជើងឯក​រង​ស្តេច​អុក​ឆ្នាំ​២០១៥ សុខ ភា​រ៉ា ដែល​ឈរ​នៅ​ក្នុង​ក្រុម​(​ខ​) ក៏​បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​២០​នាក់ ដើម្បី​ទៅ​ប្រកួត​នៅ​វគ្គ​ជម្រុះ​១០​នាក់​ចុង​ក្រោយ​ប្រចាំ​ក្រុម​នេះ ដោយ​ក្នុង​នោះ ឈាវ បូ​រ៉ា ត្រូវ​ជួប ទី គី​ម​ហេង ខណៈ សុខ ភា​រ៉ា ត្រូវ​ប្រកួត​ជាមួយ​កីឡាករ សុខ សំបូរ ជាមួយ​គ្នា​នោះ​ដែរ អតីត​ស្តេច​អុក​ឆ្នាំ​២០១០ ឆ​យ វី​រ៉ា ដែល​ឈរ​នៅ​ក្រុម​(​ឃ​) ក៏​បាន​ឡើង​ទៅ​វគ្គ​១០​ចុង​ក្រោយ ហើយ​ត្រូវ​ប្រកួត​ជម្រុះ​១០​នាក់​ចុង​ក្រោយ​ប្រចាំ​ក្រុម​នេះ នៅ​រសៀល​ថ្ងៃនេះ​ផង​ដែរ ដោយ​លោក​ត្រូវ​ជួប​កីឡាករ ថូ គី​ម​ថៃ ដើម្បី​រក​អ្នក​ឈ្នះ​ចំនួន​៥​នាក់ នៅ​តាម​ក្រុម​ទាំង​៤​សរុប​២០​នាក់ ឡើង​ទៅ​ប្រកួត​នៅ​ថ្ងៃ​ពុធ​ជា​ថ្ងៃ​ចុង​ក្រោយនេះ ។

ចំណែកឯ​វគ្គ​នេះ​តម្រូវ​ឲ្យ​អ្នក​ឈ្នះ​ទាំង​៥ ក្នុង​ក្រុម​នីមួយ​ៗ ត្រូវ​ប្រកួត​វិល​ជុំ រួច​បូក​សរុប​លទ្ធផល​យកឈ្នះ​ល្អ​ចំនួន ២​នាក់ ក្នុង​ក្រុម​នីមួយ​ៗ​សរុប​ចំនួន ៨ នាក់ សម្រាប់​ឡើង​ទៅ​ប្រកួត​ជុំ​ផ្តាច់ព្រ័ត្រ ដែល​ធ្វើ​នៅ​ថ្ងៃ​មហាសង្ក្រាន្ត ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ពី​ថ្ងៃ​ទី ១៤ ដល់ទី ១៦ ខែមេសា នៅ​មុខ​អង្គរតូច លើ​ទឹកដី​ខេត្តសៀមរាប ។ ចំណែក​អ្នក​ឈ្នះ​ក្នុង​វគ្គ​ជម្រុះ ៤០​នាក់​ចុង​ក្រោយ តាម​ពូ​ល​ទាំង​៤ កាលពី​ម្សិលមិញ​នោះ​ដែរ​សម្រាប់​ក្រុម​(​ក​) មាន​កីឡាករ ឃី​ម ឌី​ណា​, រស់ រិ​ទ្ធី​យ៉ា​, សុខ លី​ម​ហេង​, គាត សម​បណ្តូល និង​ប៊ិ​ន គា​សេង ឯ​ក្រុម​(​ខ​) មាន​កីឡាករ លី​ម ផល្លា​, គី​ម ជុន និង ជា ស៊ី​ណាត ហើយ​ក្រុម​(​គ​) មាន​កីឡាករ ម៉ី កែវ​និម្មិត​, ហេង រ៉ា​វី​, សេង ពៅ និង កាំ​ង ហេង ខណៈ​ក្រុម​(​ឃ​) មាន​កីឡាករ ប៉ាវ សុខ​ណា​, ហេង សៅ​ឌី​, ឃី ចំរើន និង ស៊ា​ន តូ​ណៃ អ្នក​ឈ្នះ​ទាំង ២០ នាក់​ខាងលើ​នេះ នឹង​ត្រូវ​ធ្វើការ​ប្រកួត​ជម្រុះ​វគ្គ​ចុង​ក្រោយ​តាម​ក្រុម​រៀង​ៗ​ខ្លួន នៅ​ថ្ងៃ​ពុធ​នេះ ៕

Comments

comments