ពីព្រំដែនខេត្តស្ទឹងត្រែងមានសេចក្តីរាយការណ៍មកថា កងកម្លាំងទាហានឡាវបានបញ្ជូនកម្លាំងជាច្រើនរយនាក់ដើម្បីរារាំងការសាងសង់ប៉ុស្តិ៍របស់ភាគីខ្មែរនៅលើបូរណភាពទឹកដីខ្មែរនៅចំក្នុងឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ប៉ុន្តែកងកម្លាំងខ្មែរនៅតែឈរជើងយ៉ាងរឹងមាំនិងត្រៀមលក្ខណៈរួចហើយ ដើម្បីការពារទឹកដីខ្លួន។
ប្រភពបន្តថា ភាពតានតឹងបានកើតឡើងរយៈពេលខ្លីកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧ ហើយថាក្រោយកើតមានសភាពការណ៍យោធាតានតឹង តំណាងភាគីទាំងពីរបានជួបចរចាគ្នាកាលពីថ្ងៃទី០៣ ខែមេសាម្សិលមិញ ប៉ុន្តែពុំទទួលបានលទ្ឋផលជាដុំកំភួននោះទេ ។
យ៉ាងណាមកទល់នឹងវេលាម៉ោង២រសៀលថ្ងៃទី០៤ ខែមេសានេះសភាពការណ៍នៅព្រំដែនខ្មែរ-ឡាវចំណុចមានជម្លោះ មិនមានអ្វីប្រែប្រួលទេ ប៉ុន្តែកងកម្លាំងទាំងពីរនៅតែប្រុងជើងការណ៍រៀងៗខ្លួន ។
ភាពតានតឹងរវាងកងកម្លាំងទាំងពីរបានកើតឡើងតាំងពីដើមខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីទាហានឡាវបានសង់ប៉ុស្តិ៍នៅចំណុចដុងក្រឡចាស់បង្គោលលេខ ០៣៣ ហើយត្រូវបានកងកម្លាំងខ្មែរហាមឃាត់ តែភាគីឡាវបាន បញ្ឍប់ការសាងសង់ប៉ុស្តិ៍រយៈពេលប៉ុន្មានថ្ងៃក្រោយការចរចាគ្នាប៉ុណ្ណោះ ពោលនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ទាហានឡាវបានបន្តស្ថាបនាប៉ុស្តិ៍ នៅចំណុចច្រកទ្វារអន្តរជាតិណងណុកខៀន ខេត្តចម្ប៉ាសាក់ ឈមនឹងច្រកត្រពាំងក្រៀល ខេត្តស្ទឹងត្រែងរបស់ខ្មែរ ។
ក្រោយមកភាគីកងកម្លាំងខ្មែរបានសាងសង់ប៉ុស្តិ៍នៅលើទឹកដីរបស់ខ្លួន ស្ថិតក្នុងភូមិសាស្ត្រឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បែរជាទាហានឡាវមកហាមឃាត់ ធ្វើឲ្យមានសភាពការណ៍យោធាតានតឹងកើតឡើងតែម្តង៕