រាជធានី​ភ្នំពេញ ៖ កាលពី​ម្សិលមិញ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈបាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជម្រាប​ជូន​សាធារណជន ឱ្យ​បាន​ជ្រាប​ថា បន្ទាប់​ពី​បាន​ដាក់​បញ្ចូល​ចាប៉ី​ដង​វែង​ខ្មែរ​នៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​ណេ​ស្កូ កាលពី​ថ្ងៃ​ទី​៣០ វិច្ឆិកា ​២០១៦​រួច​មក ក្រុមបច្ចេកទេស​របស់​ក្រសួង​បាន​បន្ត​សិក្សា​រៀបចំ​ឯកសារ​ល្ខោនខោល​ខ្មែរ ដើម្បី​ស្នើ​សុំ​ចុះ​ក្នុង​បញ្ជី​​បេតិកភណ្ឌពិភព​លោក​ ។

ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បញ្ជាក់​ថា តាម​គោលការណ៍ និង​នីតិវិធី​របស់​អង្គការ​យូ​ណេ​ស្កូ ឯកសារ នីមួយ​ៗ​ដែល​ដាក់​ស្នើ​សុំ ត្រូវ​ឆ្លងកាត់​ការ​ពិនិត្យ​វាយតម្លៃ​ជា​ច្រើន​ដំណាក់​កាលពី​ក្រុម​ជំនាញ​អន្តរជាតិ មុន​នឹង​ដាក់​ជូន​ការ​ពិនិត្យ​សម្រេច​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​នៃ​អង្គការ​យូ​ណេ​ស្កូ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ចុងឆ្នាំ​២០១៨​ខាង​មុខ ។

ក្រសួង​វប្បធម៌​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ខាងលើ​នេះ​បន្ទាប់​ពី​កាលពី​ថ្មី​ៗ​កន្លង​ទៅ​នេះ ប្រទេស​ថៃ​បាន​ស្នើ​សុំ​ដាក់​ល្ខោន​ខូ​ន​របស់​ខ្លួន ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទៅ​កាន់​អង្គការ​យូ​ណេ​ស្កូ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ មានការ​ចាប់អារម្មណ៍​ទៅ​លើ​រឿង​នេះ​ជា​ខ្លាំង ។ ក្រសួង​វប្បធម៌​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ​ថា ល្ខោនខោល​ដែល​ជា​សម្បត្តិ​វប្បធម៌​ជាតិខ្មែរ គឺ​ត្រូវ​បាន​ដាក់​ស្នើ​សុំ​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទៅ​កាន់​អង្គការ​យូ​ណេ​ស្កូ រួចរាល់​ហើយ​តាំងពី​ថ្ងៃ​ទី ២៩​ខែមីនា ឆ្នាំ ២០១៧​មក​ម្ល៉េះ និង​បាន​ទទួល​ការ​ឆ្លើយ​តប​ជា​ផ្លូវការ​ពី​អង្គការ​យូ​ណេ​ស្កូ​នៅ​រសៀល​ថ្ងៃ​ដដែល។

លោក ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងប្រាប់​គេហទំព័រ​ក្នុងស្រុក​មួយ​កាលពី​ថ្ងៃទី៤ មេសា ម្សិលមិញ​នេះ​ថា ក្រសួង​បាន​ខិតខំ​យ៉ាង​សកម្ម​បំផុត ក្នុង​ការ​ស្នើ​សុំ​ដាក់​ល្ខោនខោល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ទៅ​កាន់​អង្គការ​យូ​ណេ​ស្កូ ទៅ​តាម​លំដាប់លំដោយ និង​ទាន់​ពេលវេលា ។

លោក ថៃ នរៈ​សត្យា បន្ត​ថា កន្លង​មក​ក្រសួង​វប្បធម៌​បាន​ខិតខំ​ជា​ខ្លាំង​ទៅ​លើ​កិច្ចការ​វប្បធម៌​នេះ ជាក់ស្ដែង ចាប៉ី​ដង​វែង​ខ្មែរ ដែល​ជា​សម្បត្តិ​វប្បធម៌​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​សម្រាប់​មនុស្សជាតិ ។ លោក​បន្ត​ទៀត​ថា ចំពោះ​ល្ខោនខោល​វិញ ក្រសួង​ត្រូវ​រៀបចំ​ឯកសារ​ជា​ច្រើន​ដំណាក់កាល និង​ត្រូវ​ឆ្លងកាត់​ការ​វាយតម្លៃ​ពី​ក្រុមការងារ​អន្តរជាតិ មុន​នឹង​ដាក់​ជូន​ការ​ប្រជុំ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​នៃ​អង្គការ​យូ​ណេ​ស្កូ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ចុងឆ្នាំ ២០១៨​ខាង​មុខ ។ ដូច្នេះ​ហើយ​សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ទាន់​មាន​ប្រតិកម្ម​ណាមួយ​តាម​គ្នា ដែល​មិន​ទាន់​ដឹង​ព័ត៌មាន​ច្បាស់លាស់ ។

សូមបញ្ជាក់ថា បើ​តាម​អត្ថបទ​ស្រាវជ្រាវមួយបាន​បង្ហាញ​ថា ល្ខោនខោល ឬ​ល្ខោន​ពាក់​របាំងមុខ គឺជា​ល្ខោន​មួយ ដែល​មាន​លក្ខណៈ​ចំណាស់​របស់​កម្ពុជា មាន​ដើម​កំណើត​នៃ​ការ​សម្ដែង​មុន​សម័យ​អង្គរ ។ ល្ខោន​នេះ​ត្រូវ​បាន​គេ​ជឿជាក់​ថា បាន​ចាប់ផ្ដើម​ក្នុង​អំឡុង​សតវត្ស​ទី​៩ តាម​រយៈ​ចម្លាក់​លឹប នៅ​តាម​ជញ្ជាំង​អង្គរ ។

ក្នុង​សម័យ​អង្គរ ល្ខោនខោល​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​បុរស​ទាំងស្រុង ក្នុង​ការ​រាំ​ប្រចាំ​នៅ​ព្រះរាជវាំង​បុរាណ​ខ្មែរ ។ ហេតុផល​ដែល​ពិតប្រាកដ​នៅ​តែ មិន​ទាន់​ដឹង​ច្បាស់ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​បង្ហាញ​ថា ដោយសារ​ការ​រីក​ចម្រើន​នៃ​សាសនា​ធ្វើ​ឲ្យ​សាសនាព្រាហ្មណ៍ មាន​ជម្លោះ​ជាមួយ​សាសនាព្រះពុទ្ធ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ (១២៤៣- ១២៩៥) ។

រឿង​មួយទៀត​ដែល​ជាក់លាក់​អំពី​ការ​សម្ដែង​ដោយ​ល្ខោនខោល​គឺ រឿង​រាមកេរ្តិ៍ ដែល​ជា​រឿងព្រេង​របស់​ខ្មែរ សម័យ​រាមាយណៈ ។ ការ​សម្ដែង រួម​បញ្ចូល​នូវ​ការ​ប្រាប់​អំពី​អ្នក​និទានរឿង ដែល​ដើរតួ​សំខាន់​ក្នុង​ការ​សម្ដែង និង​វង់ភ្លេង​បុរាណ​គឺ វង់ភ្លេង​ពិណពាទ្យ ។

ចំណែក​ឯកសារ​ដែល​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​សារព័ត៌មាន​ថៃ bangkokpost បញ្ជាក់​ថា ល្ខោនខោល ត្រូវ​បាន​សម្ដែង​លើក​ដំបូង​ក្នុង​សម័យ​អាណាចក្រ​អយុធ្យា អំឡុង​ឆ្នាំ​១៣៥០ គឺ​ក្នុង​សតវត្ស​ទី​១៥ ចំណែក​ល្ខោនខោល​ខ្មែរ មាន​សម្ដែង​នៅ​សម័យ​អង្គរ (​សតវត្ស​ទី​9) និង​មាន​ចារិក​នៅ​លើ​ជញ្ជាំង​ប្រាសាទអង្គរវត្ត ៕

 

Comments

comments