អាជ្ញាធរ​ឡាវ បាន​សង់​ប៉ុស្តិ៍​ព្រំដែន​ថ្មី​មួយទៀត​ឋិត​នៅ​តំបន់​ដែល​ពុំ​ទាន់​វាស់វែង​កំណត់​បង្គោល​ព្រំដែន​ជា​ផ្លូវការ នៃ​ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខែត្រ​ស្ទឹង​ត្រែង​។ នគរបាល​ព្រំដែន​កម្ពុជា ចាត់​ទុក​ការ​សង់​ប៉ុស្តិ៍​ព្រំដែន​របស់​យោធា​ឡាវ បំពាន​ស្មារតី​កិច្ចប្រជុំ​រវាង​យោធា​ប្រទេស​ទាំង​ពីរ​កាលពី​ពេល​ថ្មី​ៗ​នេះ ដែល​បាន​ឯកភាព​គ្នា​ហាម​មិន​ឲ្យ​បន្ថែម​កងទ័ព​តាម​ព្រំដែន និង​ហាម​មិន​ឲ្យ​សាងសង់​សំណង់​នៅ​តំបន់​នោះ​ទេ ដោយ​រង់ចាំ​គណៈកម្មការ​ព្រំដែន​ប្រទេស​ទាំង​ពីរ​ឯកភាព​គ្នា​ជា​មុន​សិន​។

បើ​តាម RFA បាន​ឲ្យ​ដឹង​ទៀត​ថា ទាហាន​ឡាវ បាន​កសាង​ប៉ុស្តិ៍​ព្រំដែន​ប្រក់​ស័ង្កសី​ទទឹង ៥​ម៉ែត្រ បណ្តោយ ៦​ម៉ែត្រ នៅ​ចំណុច​ឆ្ងាយ​ពី​ដើម​ល្វា ១០០​ម៉ែត្រ នៃ​ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខែត្រ​ស្ទឹង​ត្រែង កាលពី​ថ្ងៃ​ទី​៦ មេ​សា​។ ក្រោយ​ពី​សាងសង់​ប៉ុស្តិ៍​រួច អាជ្ញាធរ​ឡាវ បាន​បញ្ជូន​នគរបាល​ព្រំដែន​ឈរជើង​នៅ​តំបន់​នោះ​។

កាលពីដើម​ឆ្នាំ​២០១៦ ទាហាន និង​នគរបាល​ការពារ​ព្រំដែន​របស់​កម្ពុជា បាន​ហាម​មិន​ឲ្យ​ឡាវ សាងសង់​ប៉ុស្តិ៍​ព្រំដែន​មិន​ទាន់​មានការ​ឯកភាព​គ្នា​បោះបង្គោល​ព្រំដែន​ជា​ផ្លូវការ ឋិត​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​០៣៣ ដល់​លេខ​០៣៤ ឬ​ជាប់​ផ្លូវជាតិ​លេខ​៧ នៅ​ភូមិ​ដុ​ង​ក្រឡ សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង​។ ចំណែក​ឡាវ បាន​ផ្អាក​ការ​សាងសង់​មួយ​រយៈពេល ក៏​ប៉ុន្តែ​កាលពី​ពេល​ថ្មី​ៗ​នេះ ឡាវ បាន​ស្ថាបនា​ផ្លូវ​ចូល​តំបន់​នោះ ពោល​គឺ​ផ្លូវ​ឆ្ពោះទៅ​កាន់​ប៉ុស្តិ៍​ដុ​ង​ក្រឡ​ចាស់ បំណង​ដឹក​សម្ភារ​សាងសង់​ប៉ុស្តិ៍​ព្រំដែន​នៅ​តំបន់​នោះ​ជា​ថ្មី​ទៀត ហើយ​ភាគី​កម្ពុជា បាន​ផ្តល់​ដំណឹង​ទៅ​ថ្នាក់​ជាតិ​រួច​ហើយ ដើម្បី​រក​មធ្យោបាយ​ដោះស្រាយ​។

ប្រទេស​កម្ពុជា មាន​ព្រំដែន​គោក​ជាប់​ជាមួយ​ប្រទេស​ឡាវ ប្រវែង ៥៤០​គីឡូម៉ែត្រ ក្នុង​នោះ​មាន​បង្គោល​ព្រំដែន​ដែល​ត្រូវ​បោះ​ចំនួន ១៤៥​បង្គោល​។ បច្ចុប្បន្ន រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​បោះបង្គោល​រួច​ចំនួន ១២១​បង្គោល ដែល​ស្មើ​ប្រមាណ ៨៤​ភាគរយ​។ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដឹង​ថា ចំណុច​ដែល​សេសសល់​មិន​ទាន់​បោះ​រួច គឺ​ឋិត​ក្នុង​ខែត្រ​ព្រះ​វិហារ និង​ខែត្រ​ស្ទឹង​ត្រែង​៕

Comments

comments