មហាសង្ក្រាន្ត នឹង​មក​ដល់​នៅ​ថ្ងៃ​សុក្រ ទី​១៤ មេ​សា ២០១៧ ត្រូវ​នឹង​ថ្ងៃ ៣​រោច ខែ​ចែ​ត្រ នព្វស័ក ព​.​ស ២៥៦១ វេលា​ម៉ោង៣ និង​១២​នាទី​រំលងអធ្រាត្រ ។ ​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំរកា មាន​ព្រះ​នាម “​កិ​មិ​រា​ទេវី​” ជា​បុត្រី​ទី​៦ របស់​កបិល​មហាព្រហ្ម គង់​ផ្ទុំ​បិទ​ព្រះ​នេត្រ​លើ​ខ្នង​ម​ហឹ​ង្សា (​សត្វ​ក្របី​) ដោយ​ព្រះ​ហ​ស្ថ​ស្ដាំ កាន់​ព្រះ​ខ័ន និង​ព្រះ​ហ​ស្ថ​ឆ្វេង​កាន់​ពិណ ហើយ​ទ្រង់​សោយ​ចេកណាំវ៉ា ជា​ភត្តាហារ ។

យោង​តាម​ក្បួនខ្នាត​ខ្មែរ​យើង​ពី​បរម​បុរាណ​មក រណ្តាប់​ទទួល​ទេវតា​ឆ្នាំរកា រួម​មាន​បាយសី​៩​ថ្នាក់ មួយគូ​, បាយសី​៧​ថ្នាក់ មួយគូ​, បាយសី​៥​ថ្នាក់ មួយគូ​, បាយសី​៣​ថ្នាក់​មួយគូ​, បាយសី​ប៉ាឆា​ម​មួយគូ​, ស្លាធម៌​មួយគូ​, ទឹកអប់​មួយគូ​, ទៀន​៥, ធូ​ន​៥, លាជ​៥, ផ្កា​៥​នៅ​លើ​ជើងពាន​មួយគូ​, ចេកណាំវ៉ា​ដាក់​លើ​ជើងពាន​មួយគូ​, ផ្លែ​ឈើ​១១​មុខ​ដាក់​លើ​ជើងពាន ១១​គូ​, ដូង​ឡៅ មួយគូ និង​ទឹក​ស្អាត​ពីរ​កែវ​ផង ។

តាម​រឿងព្រេង​និទាន ដែល​នាំ​ឲ្យ​មាន​បុណ្យចូលឆ្នាំ នៅ​ក្នុង​គម្ពីរ​ព្រះពុទ្ធ​សាសនា​មាន​តំណាល​ថា នៅ​ដើម​ភទ្ទកប្ប​នេះ ព្រះ​បរម​ពោធិសត្វ (​សត្វ​ដែល​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ ពោល​គឺ​ព្រះពុទ្ធ​ក្នុង​កាល​កើត​ក្នុង​កំណើត​ផ្សេង​ៗ កាល​មិន​ទាន់​បាន​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ ) បាន​យោនយកកំណើត ឈ្មោះ​ធម្មបាល​កុមារ ជា​បុត្រ​របស់​សេដ្ឋី​ម្នាក់ ។ ធម្មបាល​កុមារ មាន​ប្រាជ្ញា​លើស​អស់​មនុស្ស​ទាំងពួង សិក្សា​ចេះ​ចប់​ត្រៃវេទ (​គម្ពីរ​ពិសិដ្ឋ​របស់​ព្រហ្មញ្ញសាសនា ដូច​ជា​គម្ពីរ​ព្រះ​ត្រៃ​បិដក​ក្នុង​ព្រះពុទ្ធ​សាសនា គម្ពី​បាយ​ប​ល នៃ​គ្រិស្តសាសនា ឬ​គម្ពីរ​កូ​រ៉ា​ន់​នៃ​អ៊ី​ស្លា​ម​សាសនា​) តាំងពី​អាយុ ៧ ឆ្នាំ​មក​ម្ល៉េះ​។

ធម្មបាល​កុមារ ចេះ​ស្តាប់​ទាំង​ភាសាសត្វ​បក្សី និង​ភាសាសត្វ​នានា ជា​ច្រើន​ដោយពេល​នោះ​សេដ្ឋី​ជា​បិតា បាន​សាង​ប្រាសាទ​មួយ​នៅ​ក្បែរ​នឹង​ដើម​ជ្រៃ​ធំ​មួយ​ដើម ដែល​ជាទី​ស្នាក់​នៅ នៃ​បក្សាបក្សី សម្រាប់​ឲ្យ​ធម្មបាល​កុមារ​រស់នៅ ហើយ​ប្រាសាទ​នោះ ក៏​ជាទី​ដែល​ធម្មបាល​កុមារ ដោះស្រាយ​នូវ​រាល់​ប្រា​ស្នា បញ្ហា​ទាំងឡាយ និង បង្រៀន​ប្រៀនប្រដៅ​ដល់​ជនានុជន អំពី​ហេតុ​ដែល​នាំ​ឲ្យ​បាន​សុខ ឬ ទុក្ខ​ផង​ដែរ​។ តាម​កិត្តិនាម​របស់​ធម្មបាល​កុមារ កាន់តែ​រន្ទឺ​ខ្លាំង​ទៅ​ៗ សូ​ម្បី​តែ​ទេវតា ក៏​ពោល​សរសើរ​ដល់​ប្រាជ្ញា ធម្មបាល​កុមារ​នោះ​ដែរ​។

តាម​តំណាល​រឿង​បន្ត​ថា អស់​រយៈ​រាប់​ពាន់​ឆ្នាំ​មក​ហើយ មនុស្ស និង ទេវតា តែងតែ​គោរព​បូជា តែ​កបិល​មហាព្រហ្ម​មួយ​អង្គ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ពេល​នេះ បែរជា​មាន​មនុស្ស និង​ទេវតា ច្រើន​ទៅ​ៗ ងាក​ទៅ​គោរព​ធម្មបាល​កុមារ​ទៅ​វិញ​។ ប្រការ​នេះ បាន​ធ្វើ​ឲ្យ​កបិល​មហាព្រហ្ម កើត​ទោមនស្ស​យ៉ាង​ក្រៃ​លែង ក៏​គិត​ថា “​ត្រូវ​តែ​បង្ក្រាប ឬ បំបាក់​ធម្មបាល​កុមារ​នេះ​ចេញ ទើប​មនុស្ស​និង​ទេវតា ងាក​មក​គោរ​បូជា​អាត្មាអញ​វិញ​“ ។ នៅ​ថ្ងៃមួយ​កបិល​មហាព្រហ្ម ក៏​បាន​ប្រកាស​ចុះ​ទៅ​ភ្នាល់​ប្រាជ្ញា ជាមួយ​ធម្មបាល​កុមារ ដោយ​ដាក់​ប្រស្នា​ដល់​ធម្មបាល​កុមារ​ថា ” តើ​សិរី ៣ ប្រការ ឋិត​នៅ​ត្រង់​ណា “​ដោយ​ទុក​ពេលវេលា​៧​ថ្ងៃ ឲ្យ​ធម្មបាល​កុមារ សម្រាប់​ស្វែងរក​ចម្លើយ​នោះ​។

ជាមួយនឹង​សំណួរ​ដែល​មនុស្ស​និង​ទេវតា មិន​ដែល​ធ្លាប់​បានដឹង​ឬ​ពី​មុន​មកនេះ កបិល​មហាព្រហ្ម​ក៏​បាន​ភ្នាល់​ផង​ដែរ​ថា ” ប្រសិនបើ​ធម្មបាល​កុមារ ឆ្លើយ​នឹង​សំណួរ​នេះ​មិន​រួច​ទេ​នោះ នឹង​ត្រូវ​ប្រគល់​ក្បាល (​របស់​ធម្មបាល​កុមារ​) ទៅ​ឲ្យ​កបិល​មហាព្រហ្ម​។ ផ្ទុយ​ទៅ​វិញ បើ​ធម្មបាល​កុមារ អាច​ដោះប្រស្នា​នេះ​រួច​នោះ កបិល​មហាព្រហ្ម នឹង​កាត់​ក្បាល​របស់​ខ្លួន ប្រគល់​ទៅ​ឲ្យ​ធម្មបាល​កុមារ​វិញ​”​។ ធម្មបាល​កុមារ មិន​ចង់​ភ្នាល់​ដ៏​ធំ​បែប​នេះ ជាមួយ​កបិល​មហាព្រហ្ម​ដ៏​មហិមា ដែល​មនុស្ស​និង​ទេវតា សូ​ម្បី​តែ​ធម្មបាល​កុមារ​ខ្លួនឯង ក៏​គោរព​កោតសរសើរ​ដែរ​នោះ​ទេ​។ ប៉ុន្តែ​បញ្ជា​របស់​កបិល​មហាព្រហ្ម ពិតជា​មិន​អាច​ប្រកែក​បាន​ឡើយ ទើប​ទទួលយក​ការ​ភ្នាល់​នេះ​ទាំង​ទើសទាល់​។

ចាប់តាំងពី​ពេល​នោះ​មក ធម្មបាល​កុមារ តែងតែ​ខំប្រឹង​ប្រែង​គិតពិចារណា យ៉ាង​អស់ពី​លទ្ធភាព អស់​រយៈពេល​៦​យប់​៦​ថ្ងៃ ក៏​នៅ​តែ​រក​មិនឃើញ​ពន្លឺ នៃ​ចម្លើយ​ចំពោះ​ប្រស្នា​របស់​កបិល​មហាព្រហ្ម​។ នៅ​ពេល​យប់​ស្ងាត់​នៃ​រាត្រី​ថ្ងៃ​ទី​៦ ធម្មបាល​កុមារ​នៅ​តែ​មិន​អាច​រក​ចម្លើយ ចំពោះ​ប្រស្នា​នោះ​បាន​ទៀត ដែល​បាន​សេចក្តី​ថា សេចក្តីស្លាប់ កំពុង​រង់ចាំ​ធម្មបាល​កុមារ​នៅ​ព្រឹកស្អែក​នេះ​ហើយ​។

នា​រាត្រី​ដដែល​នោះ ធម្មបាល​កុមារ បរម​ពោធិសត្វ បាន​ចុះ​ចាក​ប្រាសាទ​ទៅ​អង្គុយ​ក្រោម​ដើម​ត្នោត (​ឯកសារ​ជា​ទូទៅ​និយាយ​ថា ធម្មបាល​កុមារ​អស់សង្ឃឹម ទើប​ចង់ទៅ​សម្លាប់​ខ្លួន ឬ​នឹង​រត់​ចោល​ប្រាសាទ សុខចិត្ត​ទៅ​ស្លាប់​ឲ្យ​ផុត​ពី​ភ្នែក​គេ កុំ​ឲ្យ​មហាព្រហ្ម​សម្លាប់​នាំ​ខ្មាស​គេ​។ ប៉ុន្តែ​គេ​យល់​ថា នេះ​គឺជា​ការ​បរិយាយ​មួយ មិន​សមរម្យ​ចំពោះ​សារជាតិ នៃ​ព្រះ​ពោធិសត្វ​ទាំងឡាយ​ឡើយ​) ទៅ​សញ្ជប់សញ្ជឹង​រំពឹងគិត អំពី​ចម្លើយ​ចំពោះ​ប្រស្នា​របស់​មហាព្រហ្ម​។

ពេល​នោះ មាន​សត្វ​ឥន្ទ្រី​យ៍ ញី ឈ្មោល មួយគូ សន្ទនា​គ្នា​អំពី​អត្ថន័យ នៃ សិរី​សួរ​ស្តី ៣ ប្រកា​រថា ទី ១. ពេល​ព្រឹក សិរី​សួស្តី​ឋិត​នៅ​លើ​មុខ (​ទើប​មនុស្ស​យក​ទឹក​លាងមុខ​), ទី ២. ពេល​ថ្ងៃ​សិរី​សួរ​ស្តី ឋិត​នៅ​ទ្រូង (​ទើប​មនុស្ស​យក​ទឹក​លាង​ទ្រូង​) និង​ទី ៣. ពេល​ល្ងាច​សិរី​សួស្តី ឋិត​នៅ​ត្រង់​ជើង (​ទើប​មនុស្ស​យក​ទឹក​លាង​ជើង​)​។

ពេល​បានដឹង​ចម្លើយ​ដូច្នេះ​ហើយ ធម្មបាល​កុមារ ក៏​បាន​ត្រឡប់​ទៅ​ប្រាសាទ​របស់​ខ្លួន​វិញ​។ លុះ​ស្អែក​ឡើង​ក៏​យក​ចម្លើយ ដែល​ខ្លួន​បាន​ចេះ​កាលពី​យប់ ទៅ​ឆ្លើយ​ប្រាប់​កបិល​មហាព្រហ្ម​។ កបិល​មហាព្រហ្ម ក៏​សុខចិត្ត​ព្រម​ចុះចាញ់ ធម្មបាល​កុមារ មហាពោធិ​សត្វ ហើយ​បាន​ធ្វើ​តាម​ការ​សន្យា គឺ​បាន​កាត់​ព្រះ​សិរសា (​ក្បាល​) របស់​ខ្លួន​ប្រគល់​ទៅ​ឲ្យ​ធម្មបាល​កុមារ​។

ប៉ុន្តែ​ធម្មបាល​កុមារ ក៏​បាន​ប្រគល់​សិរសា​កបិល​មហាព្រហ្ម ទៅ​ឲ្យ​បុត្រី​ទាំង​៧ របស់​កបិល​មហាព្រហ្ម​វិញ ព្រោះថា ប្រសិនបើ​រក្សា​ទុក​នៅ​ឋានមនុស្ស នឹង​បោះចោល​ទៅ​ក្នុង​ចក្រ​វា​ឡ នឹង​បោះ​ទៅ​ក្នុង​មហាសមុទ្រ ឬ កប់​ក្នុង​ដី​ជាដើម​នោះ ទី​ឬ ឋាន​ទាំងនោះ នឹង​ដល់​នូវ​ក្តី​វិនាស​អន្តរាយ ព្រោះតែ​កម្ដៅ​កើត​ចេញពី​ព្រះ​សិរសា កបិល​មហាព្រហ្ម​នោះ​ឯង​។

ដោយហេតុ​នេះ ព្រះ​បុត្រី​ទាំង​៧​អង្គ របស់​កបិល​មហាព្រហ្ម ក៏​បាន​ទទួលយក​ព្រះ​សិរសា របស់​កបិល​មហាព្រហ្ម ទៅ​ដាក់​លើ​ជើងពាន​មាស តម្កល់​ទុក​នៅ​ឯ​ភ្នំ​កៃលាស ដោយ​ផ្លាស​វេន​គ្នា​យាម​ការពារ​មួយ​អង្គ មួយអន្លើ​ដោយ​ពពួក​ទេវតា​រាប់​កោដិ​អង្គ ក្នុង​មួយ​ឆ្នាំ​ម្តង​វិល​ជុំ​។
ក្នុង​ពេល​ដែល​ទេពធីតា ផ្លាស់​វេន​គ្នា​ក្នុង​ការ​មើលថែ​ព្រះ​សិរសា កបិល​មហាព្រហ្ម​នោះ​ឯង គឺជា​ពេល​ឆ្លង​ឆ្នាំ​ចាស់ ផ្លាស់​ចូល​ឆ្នាំ​ថ្មី ឬ ថា​ជា​ពេល​ចូល​ឆ្នាំ​ថ្មី​នោះ​ឯង​។ ដូច្នេះ លុះ​ក្រោយមក​ធម្មបាល​កុមារ បាន​ក្លាយជា​ព្រះសម្មាសម្ពុទ្ធ សមណៈគោត្តម បរម​សាស្តា នៃយើង​នេះ​ហោង​៕

Comments

comments