ស្ករត្នោតក្លែងក្លាយចំនួន៣៤៨គីឡូក្រាម ត្រូវបានសមត្ថកិច្ចរឹបអូសទុកជាវត្ថុតាង នៅក្នុងការចុះបង្ក្រាបជាលើកទី៦ កាលពីល្ងាចថ្ងៃម្សិលមិញ ។
បើតាមសមត្ថកិច្ចម្ចាស់ទីតាំងឈ្មោះ ជុន មុំ ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរផលិតកែច្នៃស្ករត្នោតក្លែងក្លាយ នៅក្នុងភូមិរំលិច ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល។
នៅក្នុងការបង្ក្រាបរបស់ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចសហការជាមួយសមត្ថកិច្ចមូលដ្ឋាននៅទីតាំងខាងលើដែរ សមត្ថកិច្ចក៍រឹបអូសបានស្ករសរចំនួន៣បាវ ស្មើ១៥០គីឡូក្រាម ប្រេងឆាមួយពីដុងកន្លះស្មើនឹង៧.៥លីត្រ
ម៉ូទ័រកូស្ករ ចំនួន១ និងឆ្នាំងខ្ទះចំនួន៣ ។
បើតាមសមត្ថកិច្ច ម្ចាស់ទីតាំងដែលមិនកោតខ្លាចសមត្ថកិច្ចនិងច្បាប់ បន្តធ្វើសកម្មភាពដដែលៗនេះ នឹងត្រូវសាលាដំបូងខេត្តកណ្ដាល បង្គាប់ឱ្យចូលខ្លួនដោះស្រាយចំពោះមុខច្បាប់នាពេលឆាប់ៗខាងមុខ។
យ៉ាងណាក៍ដោយ ម្ចាស់ទីតាំងរូបនេះ បានអះអាងនៅក្នុងខ្សែវីដេអូថា ការផលិតស្ករត្នោតនេះ គាត់បានសុំច្បាប់អនុញ្ញាតត្រឹមត្រូវពីមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកណ្ដាល ដោយការផលិតនេះ មានលាយវត្ថុធាតុដើមដូចជាសារធាតុស្ករ ទឹក និងស្ករអំពៅ ដើម្បីច្នៃចេញជាស្ករត្នោត ។
ចាំមើលថាតើ ស្ត្រីជើងចាស់និងជើងយូរខាងបំពានច្បាប់ និងជំនាញខាងផលិតស្ករត្នោតក្លែងក្លាយឈ្មោះ ជុន មុំនេះ នឹងត្រូវតុលាការផ្តន្ទាទោស ឬ ពិន័ួតាមច្បាប់យ៉ាងណា ?៕