ឌុច មានឈ្មោះដើមថា កាំង ហ្កេចអ៊ាវ កើតនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៤២ នៅភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ កាំង ហ្កេចអ៊ាវ ជាកូនកាត់ចិន មានបងប្អូនបង្កើត ៥នាក់ នៅក្នុងត្រកូលជាកសិករក្រីក្រ។
ការសិក្សា និងអាជីពជាគ្រូបង្រៀន
ក្រោយពីប្រឡងជាប់បាក់អង នៅកំពង់ធំ កាំង ហ្កេចអ៊ាវ បានមករៀននៅវិទ្យាល័យដ៏ល្បីល្បាញមួយ ក្នុងក្រុងភ្នំពេញ គឺវិទ្យាល័យព្រះស៊ីសុវត្ថិ ហើយបានស្នាក់នៅវត្តឧណ្ណាឡោម។
នៅឆ្នាំ១៩៦៤ កាំង ហ្កេចអ៊ាវ បានប្រឡងជាប់បាក់ឌុប ដោយជាប់ជាសិស្សឆ្នើមទូទាំងប្រទេសផ្នែកគណិតវិទ្យា។ បន្ទាប់មក កាំង ហ្កេចអ៊ាវ បានទៅចូលរៀននៅវិទ្យាស្ថានគរុកោសល្យ នៅជិតវិមានឯករាជ្យ។
នៅឆ្នាំ១៩៦៥ កាំង ហ្កេចអ៊ាវ បានចេញទៅធ្វើគ្រូបង្រៀនផ្នែកគណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យា នៅវិទ្យាល័យស្គន់ ខេត្តកំពង់ធំ។ អ្នកដែលធ្លាប់រៀនជាមួយ កាំង ហ្កេចអ៊ាវ បានឲ្យដឹងថា កាំង ហ្កេចអ៊ាវ គឺជាគ្រូម្នាក់ដែលមានចរិតស្លូតបូត រាក់ទាក់ មិនចេះវាយឫក និងស្និទ្ធស្នាលជាមួយសិស្ស ដែលជាហេតុធ្វើឲ្យសិស្សស្រលាញ់ ចូលចិត្តគ្រប់ៗគ្នា។
ការចូលបក្សកុម្មុយនិស្ត
ពេលស្នាក់នៅរៀនក្នុងក្រុងភ្នំពេញ កាំង ហ្កេចអ៊ាវ ដែលជាកូនចៅកសិករក្រីក្រ បានមើលឃើញពីគម្លាតយ៉ាងឆ្ងាយរវាងអ្នកក្រ និងអ្នកមាន។ ពេលនោះហើយ ដែល កាំង ហ្កេចអ៊ាវ ចាប់ផ្តើមមានគំនិតស្អប់ខ្ពើមវណ្ណៈសក្តិភូមិ ហើយស្រឡាញ់ចូលចិត្តគំនិតកុម្មុយនិស្ត។
ម្យ៉ាងទៀត កាលពីពេលកំពុងរៀននៅវិទ្យាស្ថានគរុកោសល្យ កាំង ហ្កេចអ៊ាវ បានស្គាល់ជនកុម្មុយនិស្តដ៏សំខាន់ម្នាក់ គឺ សុន សេន ដែលពេលនោះជានាយកវិទ្យាស្ថាន ហើយដែលក្រោយមកបានក្លាយជារដ្ឋមន្រ្តីក្រសួងការពារជាតិនៃរបបខ្មែរក្រហម។
នៅឆ្នាំ១៩៦៧ នៅពេលធ្វើជាគ្រូបង្រៀននៅកំពង់ធំ កាំង ហ្កេចអ៊ាវ ក៏បានចូលជាសមាជិកបក្សកុម្មុយនិស្តកម្ពុជា ហើយបានស្គាល់ ទង់ សេងហឿន ដែលក្រោយមកបានក្លាយទៅជាជំនួយការរបស់ ឌុច នៅគុកទួលស្លែង។
នៅឆ្នាំដដែលនោះ កាំង ហ្កេចអ៊ាវ ត្រូវបានប៉ូលិសនៃរដ្ឋាភិបាលសង្គមរាស្រ្តនិយមចាប់ខ្លួន យកទៅដាក់គុកព្រៃស នៅភ្នំពេញ។ នៅក្នុងគុក កាំង ហ្កេចអ៊ាវ បានជួបជាមួយ ម៉ម ណៃ ហៅ ចាន់ ដែលក្រោយមកបានក្លាយទៅជាអនុប្រធានរបស់ ឌុច នៅគុកទួលស្លែង។
នៅឆ្នាំ១៩៧០ ក្រោយពីត្រូវបានគេដោះលែងពីពន្ធនាគារ កាំង ហ្កេចអ៊ាវ បានរត់ទៅចូលរួមតស៊ូជាមួយខ្មែរក្រហម នៅក្នុងព្រៃ ស្ថិតនៅតាមបណ្តោយជួរភ្នំក្រវ៉ាញ។ កាំង ហ្កេចអ៊ាវ បានចាប់ផ្តើមប្រើឈ្មោះបដិវត្តន៍ថា ឌុច ហើយត្រូវបាន វ៉ន វ៉េត តែងតាំងឲ្យធ្វើជាមេគុក ដែលមានលេខសម្ងាត់ថា ម១៣ ស្ថិតនៅឃុំអមលាំង ខេត្តកំពង់ស្ពឺ។ ក្រោយមក ឌុច បានបង្កើតគុកមួយទៀត ដែលមានលេខសម្ងាត់ថា ម៩៩ ស្ថិតនៅជើងភ្នំឱរ៉ាល់។
បើទោះជាពេលនោះ ពួកខ្មែរក្រហមនៅមិនទាន់ឡើងកាន់អំណាចក៏ដោយ តែគុកដែល ឌុច កាន់កាប់ មានទីតាំងស្ថិតនៅក្នុងតំបន់រំដោះ ដូចនេះស្ថិតនៅក្រោមអំណាចខ្មែរក្រហមពេញទី។ មានអ្នកទោសរាប់ម៉ឺននាក់បានជាប់នៅគុកទាំងពីរខាងលើនេះ។ គឺចាប់ពេលនោះហើយដែល ឌុច បានចាប់ផ្តើមដកពិសោធន៍របៀបធ្វើទារុណកម្មសួរចម្លើយអ្នកទោស។
ក្នុងពេលនៅតស៊ូក្នុងព្រៃ ឌុច បានរៀបការជាមួយនឹង ឈឹម សុផល ហៅ រ៉ុម ដែលរស់នៅក្នុងភូមិមួយ ក្បែរកន្លែង ឌុច ធ្វើការ។
នៅក្រោមរបបកម្ពុជាប្រជាធិបតេយ្យ
ក្រោយពេលដែលខ្មែរក្រហមបានឡើងកាន់អំណាច នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ឌុច ត្រូវបានតែងតាំងឲ្យធ្វើជាប្រធានមន្ទីរសន្តិសុខ ស២១ ហៅ គុកទួលស្លែង នៅក្រុងភ្នំពេញ។
យោងតាមឯកសារនៅគុកទួលស្លែង ដែលបច្ចុប្បន្នរក្សាទុកដោយ មជ្ឈមណ្ឌលឯកសារកម្ពុជា ថ្នាក់លើរបស់ ឌុច គឺ សុន សេន ហៅ ខៀវ អតីតគ្រូបង្រៀនរបស់ ឌុច នៅវិទ្យាស្ថានគរុកោសល្យ និង នួន ជា ហៅ បងនួន អនុលេខាបក្សកុម្មុយនិស្តកម្ពុជា។ នៅក្នុងឯកសារទាំងនេះ គេឃើញមានហត្ថលេខារបស់ ឌុច លើកំណត់ហេតុបញ្ជូនទៅថ្នាក់លើ និងចំណាររបស់ ឌុច បញ្ជាឲ្យអ្នកនៅក្រោមបង្គាប់ ធ្វើទារុណកម្ម និងសម្លាប់អ្នកទោសជាដើម។
នៅចន្លោះឆ្នាំ១៩៧៨ ដល់ដើមឆ្នាំ១៩៧៩ គឺជារយៈពេលដែលខ្មែរក្រហមបង្កើនប្រតិបត្តិការបោសសំអាតផ្ទៃក្នុង បក្សខ្លាំងក្លាជាងគេ។ ក្នុងពេលនោះ មន្រ្តីកម្មាភិបាលខ្មែរក្រហមយ៉ាងច្រើនត្រូវបានចាប់បញ្ជូនទៅឲ្យ ឌុច ធ្វើទារុណកម្មសួរចម្លើយនៅគុកទួលស្លែង។ ឌុច បានរៀបចំចងក្រងឯកសារជាច្រើនស្តីពីប្រវត្តិរូប និងចម្លើយសារភាពរបស់អ្នកទោស។ គឺឯកសារទាំងនេះហើយ ដែលបានក្លាយទៅជាភស្តុតាងយ៉ាងសំខាន់ ក្នុងការស៊ើបអង្កេតរបស់តុលាការ ខ្មែរក្រហម។
ក្រោយការដួលរលំនៃរបបខ្មែរក្រហម
នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ឌុច ស្ថិតក្នុងចំណោមមន្រ្តីកម្មាភិបាលខ្មែរក្រហមចុងក្រោយគេបង្អស់ ដែលបានរត់ចេញពីភ្នំពេញ។ ឌុច បានទៅដល់ប្រទេសថៃនៅអំឡុងខែឧសភា ឆ្នាំ១៩៧៩។ នៅក្នុងអំឡុងពេលនោះ មិនសូវមានព័ត៌មានច្បាស់លាស់សរសេរពីជីវិតរបស់ ឌុច នោះទេ។ នៅក្នុងឯកសារខ្លះ ដូចជា សៀវភៅរបស់លោក Nic Danlop ដែលមានចំណងជើងថា “The Lost Executioner” ឬ ពេជ្ឈឃាតបាត់ខ្លួន បានសរសេរថា ឌុច បានទៅនៅជួបជុំគ្រួសាររបស់គាត់នៅក្នុងព្រៃ ស្ថិតក្នុងស្រុកសំឡូត។ ឌុច ត្រូវបាន បងទីពីរ នួន ជា ដកតំណែងក្នុងហេតុផលថា ឌុច មិនបានកម្ទេចឯកសារនៅគុកទួលស្លែងឲ្យអស់មុននឹងរត់ចេញពីភ្នំពេញ។ ក្រោយមក ឌុច បានទៅធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស និងគណិតវិទ្យា នៅសាលារៀនមួយ ក្នុងជំរំជនភៀសខ្លួនស្ថិតក្នុងទឹកដីថៃ។
នៅឆ្នាំ១៩៨៦ ឌុច ត្រូវបានមេដឹកនាំខ្មែរក្រហមបញ្ជូនឲ្យទៅធ្វើជាគ្រូបង្រៀនភាសាខ្មែរ នៅវិទ្យាស្ថានភាសាបរទេសក្រុងប៉េកាំង ប្រទេសចិន។ មួយឆ្នាំក្រោយមក ឌុច បានវិលត្រឡប់មកប្រទេសថៃវិញ ហើយបានដូរឈ្មោះទៅជា ហង្ស ពិន វិញ។ ឌុច បានទៅបម្រើការនៅការិយាល័យរបស់ ប៉ុល ពត ដែលស្ថិតនៅក្នុងជំរំ៥០៥។
ក្រោយកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ២៣ តុលា ១៩៩១ ឌុច បាននាំគ្រួសារទៅរស់នៅភូមិផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ឌុច បានវិលត្រឡប់ទៅប្រកបរបរជាគ្រូបង្រៀនវិញ។ នៅឆ្នាំ១៩៩៥ ក្រោយពី រ៉ុម ជាប្រពន្ធបានស្លាប់ដោយសង្រ្គាម ឌុច បានសុំផ្លាស់ទៅបង្រៀននៅអនុវិទ្យាល័យស្វាយចេកវិញ។ គឺនៅពេលនោះហើយ ដែល ឌុច បានថ្វាយខ្លួនជឿព្រះយេស៊ូវ ហើយទទួលពិធីជ្រមុជទឹក។ បន្ទាប់មក ឌុច បានក្លាយទៅជាគ្រូគង្វាលជំនួយ នៅក្នុងព្រះវិហារមួយឈ្មោះ Golden Western Cambodian Christian Church។
នៅឆ្នាំ១៩៩៧ ក្រោយពីមានការបែកបាក់នៅក្នុងចំណោមជួរថ្នាក់ដឹកនាំខ្មែរក្រហម ឌុច បានរត់ចេញពីស្វាយចេក ទៅកាន់ប្រទេសថៃ។ ឌុច បានបម្រើការក្នុងអង្គការមនុស្សធម៌ផ្នែកសុខាភិបាលមួយ នៅក្នុងជំរំ Ban Ma Muang។ រហូតដល់ឆ្នាំ១៩៩៨ ទើប ឌុច ត្រឡប់មកប្រទេសកម្ពុជាវិញ ប៉ុន្តែ ដោយខ្លាចគេស្គាល់អត្តសញ្ញាណរបស់ខ្លួនថាជាអតីតមេគុកទួលស្លែង ឌុច មិនបានត្រឡប់ទៅស្រុកស្វាយចេកវិញទេ។ ឌុច បានទៅធ្វើការឲ្យអង្គការគ្រីស្ទានមួយ ឈ្មោះ World Vision នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ការចាប់ខ្លួន
នៅឆ្នាំ១៩៩៩ អ្នកកាសែតបរទេសពីររូប គឺ Nate Thayer និង Nic Dunlop បានទៅជួបសម្ភាសជាមួយ ឌុច។ ក្រោយពីបទសម្ភាសន៍នេះត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្តី សេដ្ឋកិច្ចចុងបូព៌ា (ឬតាមភាសាអង់គ្លេសថា Far Eastern Economic Review) ឌុច ក៏បានចូលសារភាព ប្រគល់ខ្លួនឲ្យអាជ្ញាធររដ្ឋាភិបាលកម្ពុជា។ ចាប់ពីពេលនោះមក ឌុច ត្រូវបានគេចាប់ឃុំខ្លួននៅក្នុងមន្ទីរឃុំខ្លួននៃតុលាការយោធា ក្នុងក្រុងភ្នំពេញ។
នៅថ្ងៃទី៣១ កក្កដា ឆ្នាំ២០០៧ ឌុច ត្រូវបានផ្ទេរពីមន្ទីរឃុំឃាំងនៃតុលាការយោធា ទៅឲ្យអង្គជំនុំជម្រះវិសាមញ្ញ ទទួលបន្ទុកជំនុំជម្រះអតីតមេដឹកនាំខ្មែរក្រហមវិញ។ ឌុច ត្រូវបានតុលាការពិសេសធ្វើការចោទប្រកាន់ជាផ្លូវការពីបទ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ថ្វីដ្បិតតែ ឌុច មិនមែនជាអតីតមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុន្តែ ក្នុងឋានៈជាប្រធានគុកទួលស្លែង ដែលជាកន្លែងធ្វើទារុណកម្ម និងសម្លាប់មនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់នោះ ឌុច ត្រូវបានចាត់បញ្ជូលក្នុងចំណោម “អ្នកដែលមានការទទួលខុសត្រូវខ្ពស់បំផុត ចំពោះឧក្រិដ្ឋកម្ម នៅក្នុងរបបខ្មែរក្រហម“ ដូចដែលមានចែងនៅក្នុងមាត្រា១ នៃច្បាប់ស្តីពីការបង្កើតអង្គជំនុំជម្រះវិសាមញ្ញ។
ឌុច សារភាពកំហុស តុលាការសម្រាលទោសត្រឹមជាប់គុក ៣៥ឆ្នាំ
នៅថ្ងៃទី២៦ កក្កដា ២០១០ អង្គជំនុំជម្រះវិសាមញ្ញ ទទួលបន្ទុកជំនុំជម្រះមេដឹកនាំខ្មែរក្រហមបានប្រកាសសាលក្រម សម្រេចឲ្យ កាំង ហ្កេចអាវ ហៅ ឌុច ជាប់ពិរុទ្ធពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩។ ក៏ប៉ុន្តែ ដោយ ឌុច បានសារភាពកំហុស និងបានសហការជាមួយតុលាការ ចៅក្រមបានសម្រេចផ្តន្ទាទោស ឌុច ឲ្យជាប់ពន្ធនាគារតែ ៣៥ឆ្នាំប៉ុណ្ណោះ។
ពីរយៈពេល ៣៥ឆ្នាំនេះ ត្រូវកាត់បន្ថយ ៥ឆ្នាំ បន្ថែមទៀត ដោយតុលាការយល់ឃើញថា ការឃុំខ្លួនឌុច នៅក្នុងតុលាការយោធាកម្ពុជា ពីឆ្នាំ១៩៩៩ គឺជាការឃុំខ្លួនខុសនីតិវិធី។ ទីបញ្ចប់ ទោសរបស់ ឌុច នៅសល់តែ ៣០ឆ្នាំប៉ុណ្ណោះ ដោយគិតចាប់ពីថ្ងៃចាប់ខ្លួន ពោលគឺពីឆ្នាំ១៩៩៩មក។
បើរាប់ពីថ្ងៃប្រកាសសាលក្រម ឌុច នឹងត្រូវជាប់ពន្ធនាគាររយៈពេលតែជាង ១៨ឆ្នាំទៀតប៉ុណ្ណោះ។ ដល់ពេលផុតទោស ឌុច នឹងមានអាយុ ៨៦ឆ្នាំ។ ប្រសិនបើ ឌុច អាចនៅរស់លើសពី ៨៦ឆ្នាំ ឌុច នឹងអាចដើរចេញពីគុក ហើយអាចរស់នៅដោយមានសេរីភាពវិញបាន។
ហេតុនេះហើយបានជាជនរងគ្រោះបាននាំគ្នាសម្តែងការមិនពេញចិត្តចំពោះការសម្រេចទោសនេះ។ នៅក្រោយពេលប្រកាសសាលក្រម ឌុច ភ្លាម លោក ជុំ ម៉ី អតីតអ្នកទោសគុកទួលស្លែងបានផ្ទុះកំហឹងយ៉ាងខ្លាំងចំពោះការសម្រេចទោសលើ ឌុច។ លោក ជុំ ម៉ី ទាមទារឲ្យតុលាការកាត់ទោសឲ្យ ឌុច ជាប់គុកអស់មួយជីវិតគាត់សុខចិត្ត។
ដើម្បីជំទាស់នឹងការសម្រេចទោសលើ ឌុច ដោយសាលាដំបូង សហព្រះរាជអាជ្ញា ព្រមទាំងដើមបណ្តឹងរដ្ឋប្បវេណី ក៏បានដាក់ពាក្យបណ្តឹងសាទុក្ខទៅកាន់តុលាការកំពូលជាបន្តទៀត។ ក្រោយពីបានបើកសវនាការជំនុំជម្រះ កាលពីចុងខែមីនា ឆ្នាំ២០១១ តុលាការកំពូលគ្រោងនឹងប្រកាសសាលក្រមលើបណ្តឹងសាទុក្ខលើសំណុំរឿង ឌុច នៅមុនដំណាច់ឆ្នាំ។ សេចក្តីសម្រេចរបស់តុលាការកំពូលនេះ គឺជាសេចក្តីសម្រេចបិទផ្លូវតវ៉ា។
ក៏ប៉ុន្តែ លោក វ៉ាន់ ណាត អតីតអ្នកទោសមួយរូប ដែលធ្លាប់ជាប់ឃុំក្នុងគុកទួលស្លែង ប្រាកដជាមិនបានស្តាប់ការសម្រេចចុងក្រោយនេះទេ ដោយលោកបានទទួលមរណភាពដោយជំងឺ កាលពីថ្ងៃ៥ កញ្ញា ២០១១។ ទោះជាយ៉ាងណា លោក វ៉ាន់ ណាត ធ្លាប់បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិថា ចំនួនឆ្នាំដែល ឌុច ជាប់គុកមិនសំខាន់ទេ សម្រាប់រូបលោក។ អ្វីដែលសំខាន់ គឺនៅត្រង់ថា តើ ឌុច ខ្លួនឯងដឹងខ្លួនខុស ឬអត់?