សាកសពអតីតមេគុកទួលស្លែងកាំងហ្គិចអ៊ាវ ហៅ ឌុច ត្រូវបានបញ្ជូនដល់វត្តចាក់អង្រែក្រោម ស្ថិតក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាវេលាម៉ោងជិត២រសៀលនេះ ដើម្បីបូជា ។
អតីតប្រធានមន្ទីរស២១ ឬ គុកទួលស្លែងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(ខ្មែរក្រហម) កាំង ហ្គិចអ៊ាវ ហៅ ឌុច បានទទួលមរណភាពហើយកាលពីម៉ោងជិត១ រំលងអធ្រាត្រទី០២កញ្ញានេះ នៅក្នុងមន្ទីរពេទ្យរុស្ស៊ី ។
អតីតមេគុកទួលស្លែង កាំង ហ្គិចអ៊ាវ ហៅឌុច អាយុ ៧៨ឆ្នាំ មានស្រុកកំណើតនៅភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ លោកត្រូវបានចាប់ខ្លួន កាលពីឆ្នាំ១៩៩៩ និងត្រូវបានឃុំខ្លួននៅមន្ទីរឃុំឃាំង តុលាការយោធា រហូតដល់ថ្ងៃបញ្ជូនខ្លួន មកកាន់មន្ទីរឃុំឃាំងរបស់សាលាក្តីខ្មែរក្រហមនៅថ្ងៃទី៣១ កក្កដា ឆ្នាំ២០០៧។ ឌុចមាន តួនាទីជាអនុលេខា បន្ទាប់មកជាលេខាគណៈ កម្មាធិ ការមន្ទីរ ស-២១ (មន្ទីរសន្តិបាល ដែលគេស្គាល់ ជាទូទៅថា គុកទួលស្លែង) នៅក្នុងរបប ខ្មែរក្រហម។
កាំង ហ្គិចអ៊ាវ ហៅឌុច ត្រូវបានផ្តន្ទាទោសដោយអង្គជំនុំជម្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក) នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០ ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តនៅគុកទួលស្លែង ដោយសម្រេចដាក់ពន្ធនាគាររយៈពេល ៣៥ឆ្នាំ សងការជាប់ឃុំខុសច្បាប់ ១០ឆ្នាំ និងសំណងលើការសហការចំនួន ៦ឆ្នាំ ទោសដែលត្រូវអនុវត្តគឺ ១៩ឆ្នាំ។ ប៉ុន្តែព្រះរាជអាជ្ញាប្តឹងសាទុក្ខជំទាស់ ហើយអង្គជំនុំជម្រះតុលាការកំពូលបានសម្រេចសេចក្តី នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ដោយផ្តន្ទាទោសឌុច ដាក់ពន្ធនាគារអស់មួយជីវិត ។
សូមបញ្ជាក់ថា មកដល់ពេលនេះ អតីតមេដឹកនាំកំពូលៗនិងជាអ្នកទទួលខុសត្រូវខ្ពស់បំផុតក្នុងរបបខ្មែរក្រហម គឺនៅសល់តែ ខៀវ សំផន អាយុ៨៩ឆ្នាំ តែម្នាក់ប៉ុណ្ណោះដែលនៅមានជីវិតនិងកំពុងឃុំខ្លួននៅក្នុងតុលាការខ្មែរក្រហម ។
ក្រុមអ្នកតាមដាននយោបាយនិងសង្គមមួយចំនួនបានលើកឡើងក្នុងនាមផ្ទាល់ខ្លួនថា សព ឌុច មិនគួរយកទៅបូជាភ្លាមៗនោះទេ គួរតែយកសាកសព ឌុច ញាត់ចូលកក្នុងថង់ផ្លាស្ទិក រួចរុំធ្វើយ៉ាងណាកុំឲ្យធុំក្លិនចេញមកក្រៅ រួចហើយយកទៅទុកក្នុងបរិវេណសារមន្ទីរគុកទួលស្លែង ឲ្យសមនឹងទង្វើឆ្កួតលីលារបស់មេឃា ត ក រ រូបនេះ ដែលត្រូវបានគេអះអាងថា ជាមនុស្សសាហាវព្រៃផ្សៃបំផុតនៅអំឡុង ឌុច ជាមេគុកទួលស្លែងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ៕