ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ចេញទស្សនៈផ្ទាល់ខ្លួនថា សំណើរបស់សង្គមស៊ីវិល ដែលចង់ឲ្យធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល គឺចង់បានតែសិទ្ធិសេរីភាព ដោយខ្វះការទទួលខុសត្រូវ។ លោក ថ្លែងថា៖«ការចង់បានសេរីភាព គិតប្រយោជន៍ផ្ទាល់ខ្លួន មិនធ្វើរបាយការណ៍ដល់រដ្ឋាភិបាល ដូចជារបាយការណ៍ហិរញ្ញវត្ថុ គឺខ្វះការទទួលខុសត្រូវ។ កន្លងមកអាចធ្វើរបាយការណ៍ឲ្យម្ចាស់ជំនួយបាន ហេតុអ្វីរបាយការណ៍ដល់រដ្ឋាភិបាលមិនបាន!»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លើកឡើងថា របាយការណ៍ហិរញ្ញវត្ថុនិងរបាយការណ៍ផ្សេងៗដែលត្រូវរាយការណ៍ឲ្យក្រសួងមហាផ្ទៃ ធ្វើឡើងដើម្បីការពារសន្តិសុខជាតិ។
លោក លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាពបានដែលផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទដែរនោះ បកស្រាយតបទៅវិញថា កន្លងមកក្នុងការជួបពិភាក្សាគ្នា ឬនៅក្នុងសំណើក្ដី ភាគីសង្គមស៊ីវិល មិនដែលទាមទារប្រការណាមួយដើម្បីប្រយោជន៍ផ្ទាល់ខ្លួនឡើយ។
លោក យង់ គិមអេង អធិប្បាយថា៖«សង្គមស៊ីវិលស្នើលុបមាត្រាចំនួន២ គឺមាត្រ២៤ និងមាត្រា៣២។ មាត្រាទាំង២នេះ ពាក់នឹងអព្យាក្រឹតភាពនិងការដាក់ទោសទណ្ឌ វាមិនទំនង ពាក់ព័ន្ធការជូនដំណឹង លក្ខខណ្ឌនៃសកម្មភាព ការផ្លាស់ប្ដូរប្រធាន ទីតាំង និងផ្នែកហិរញ្ញវត្ថុជាដើម…។ បើអត់ជូនដំណឹងគឺអាចមានទោសទណ្ឌ ហើយលុបសមាគមឬអង្គការចេញ វាជារឿងធ្ងន់ធ្ងរ ហើយវាជារឿងផ្ទៃក្នុងរបស់អង្គការសុទ្ធ។ បើមិនជូនដំណឹងវាខូចតែផលប្រយោជន៍របស់ផ្ទៃក្នុងនៃអង្គការហ្នឹងទៅ កាលណារដ្ឋលូកដៃផ្ទៃក្នុងអ៊ីចឹង វាធ្វើឲ្យសមាគម អង្គការក្រៅរដ្ឋាភិបាល បាត់ឯករាជ្យភាព»។
លោក បន្ថែមថា បើរដ្ឋសង្ស័យអង្គការណាមួយមានភាពមិនប្រក្រតី ពិសេសផ្នែកហិរញ្ញវត្ថុ រដ្ឋាភិបាលអាចឲ្យតុលាការស៊ើបអង្កេតបាន ដោយមិនចាំបាច់តម្រូវឲ្យមានការជូនដំណឹងផ្ទៃក្នុងគ្រប់រឿងរបស់អង្គការសង្គមស៊ីវិលទៅរដ្ឋឡើយ។
លោក សង្កត់ធ្ងន់ថា អង្គការសង្គមស៊ីវិលមិនដែលបានគិតផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ គឺគិតតែប្រយោជន៍សាធារណៈ ធ្វើយ៉ាងដើម្បីឲ្យពលរដ្ឋនៅមូលដ្ឋានដែលបង្កើតអង្គការឬសមាគមអាចចូលរួមធ្វើកិច្ចការងារជាមួយរដ្ឋាភិបាល។ យ៉ាងណាក៏ដោយ លោក សង្ឃឹមថា ភាគីរដ្ឋាភិបាលនឹងអនុញ្ញាតឲ្យសង្គមស៊ីវិល ចូលរួមពិភាក្សាក្នុងដំណើរការវិសោធនកម្មច្បាប់នេះ។
លោក ប៊ុន ហុន រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ អះអាងថា ក្រសួងបានពិនិត្យសំណើរបស់អង្គការសង្គមស៊ីវិលហើយ ប៉ុន្តែនៅត្រូវការពេលវាលាបន្ថែមទៀត ដើម្បីឲ្យក្រុមការងារជជែកគ្នាបន្ថែម។ លោក មានប្រសាសន៍ថា៖«ក្រុមការងារនឹងជជែកគ្នាបន្តទៀត ហើយពិនិត្យថាត្រូវយកមាត្រាណាខ្លះមកវិសោធនកម្ម។ នៅពេលចេញសេចក្ដីកែប្រែចំណុចណាហើយ [ក្រសួង] នឹងដាក់ជាសាធារណៈ ដើម្បីឲ្យមានជជែកគ្នាបន្តទៀត ទើបបញ្ជូនទៅសម្រេចចេញជាច្បាប់ផ្លូវការ»៕
ប្រភព ៖ Thmey Thmey