បើគ្មានការប្រែប្រួលនោះទេ នៅទីបញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្នុងក្រុងតាខ្មៅ នាថ្ងៃទី២៥ កញ្ញា ២០២០ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស លោកនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នឹងទទួលសញ្ញាបត្រ «បណ្ឌិតកិត្តិយសផ្នែកសន្តិសុខសេដ្ឋកិច្ច» ពីសាកលវិទ្យាល័យកម្ពុជា (UC)
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់សាកលវិទ្យាល័យកម្ពុជាមូលហេតុ៣ ដែល UC សម្រេចប្រគល់សញ្ញាបត្រ«បណ្ឌិតកិត្តិយសផ្នែកសន្តិសុខសេដ្ឋកិច្ច» គឺ
ទី១៖ លោកបានបម្រើការជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស ដែលក្នុងនោះលោកបានបម្រើ និងការពារថ្នាក់ដឹកនាំ និងស្ថាប័ននានានៃប្រទេសកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំនៃប្រទេសនានា ក្នុងពេលដែលពួកគាត់បានមកបំពេញទស្សនកិច្ច និងចូលរួមប្រជុំនៅក្នុងប្រទេសកម្ពុជា។
ទី២៖ លោកបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាព សន្ដិសុខ ស្ថិរភាពនយោបាយ ដែលមានសារសំខាន់សម្រាប់កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា។
ទី៣៖ លោកបានគាំទ្រយ៉ាងសកម្មដល់ការអភិវឌ្ឍ និងការជំរុញទំនាក់ទំនងស៉ីវិល និងយោធា តាមរយៈការជួយដល់ការងារដែលទាក់ទងនឹងគ្រោះមហន្តរាយធម្មជាតិ និងការអភិវឌ្ឍសហគមន៍៕