រវល់តែហែកហួរគ្នា វៀតណាមសង់សំណង់រឹងលើដីមិនទាន់ឯកភាពគ្នាឡើងដល់១០

អាជ្ញាធរ​ខេត្តកណ្ដាល អះអាង​ថា ភាគី​វៀតណាម​បាន​សង់​សំណង់​រឹង​ឡើង​ដល់​ទៅ​១០​ទីតាំង​ហើយ​នៅ​តាម​បណ្តោយ​ព្រំដែន​ដែល​ប្រទេស​ទាំង​ពីរ​មិន​ទាន់​ឯកភាព​គ្នា ស្ថិត​ក្នុង​ខេត្តកណ្តាល ខណៈ​ជាង​១០​ទីតាំង​ផ្សេង​ទៀត​ជា​តង់​កៅស៊ូ​។​

​ស្នងការ​នគរបាល​ខេត្តកណ្ដាល បាន​រាយការណ៍​កាលពី​ចុងខែ​សីហា​ថា វៀតណាម​បាន​សាងសង់​ជម្រក​រឹង​មាំ​ធ្វើ​ពី​ឈើ​សសរថ្ម កម្ពស់​៣​ម៉ែត្រ ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៤​ម៉ែត្រ ដំបូល​ប្រក់​ស័ង្កសី ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​១២០​ម៉ែត្រ​ពី​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម​ដែល​មិន​ទាន់​ឯកភាព​គ្នា​។​

​ក្នុង​បទ​សម្ភាស​កាលពី​ដើមខែ​នេះ អភិបាលខេត្ត​កណ្ដាល លោក គង់ សោ​ភ័​ណ្ឌ បាន​ប្រាប់​ថា សំណង់​រឹង​ចំនួន​៦​កន្លែង ស្ថិត​នៅ​តាម​បណ្ដោយ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​ខេត្តកណ្ដាល ត្រូវ​បាន​ភាគី​វៀតណាម​កែប្រែ​ពី​ជម្រក​តង់​។​

​ប៉ុន្តែ​លោក គង់ សោ​ភ័​ណ្ឌ ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា វៀតណាម​បាន​សាងសង់​សំណង់​រឹង​មាំ​បែប​នេះ​ឡើង​ដល់​១០​ទីតាំង ហើយ​សម្រាប់​ជម្រក​ជា​តង់​វិញ​មាន​ចំនួន​១៧​ទីតាំង នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ដែល​មិន​ទាន់​ឯកភាព​គ្នា​។​

​លោក គង់ សោ​ភ័​ណ្ឌ ប្រាប់​ថា​៖ «​ជាក់ស្ដែង គាត់​រើ​អា​តង់​កៅស៊ូ​គាត់​ហ្នឹង កន្លែង​ដែល​គាត់​ធ្វើ​ជា​តង់​កៅស៊ូ​ប្ដូរ​ទៅ​ជា​ប្រក់​ស័ង្កសី តង់​កៅស៊ូ​វា​ទាប​ៗ គាត់​ប្ដូរ​ទៅ​ជាស​សរ ហើយ​សសរ​ខ្លះ​ជា​ឈើ សសរ​ខ្លះ​ជា​ថ្ម ហើយ​ប្រក់​ស័ង្កសី​»​។​

​អភិបាលខេត្ត​រូប​នេះ​បន្ត​ថា ភាគី​កម្ពុជា​នៅ​តែ​ទទូច​ឱ្យ​វៀតណាម​រុះរើ​សំណង់​រឹង​មាំ​និង​តង់​ទាំង​២៧​ទីតាំង នៅ​តាម​បណ្ដោយ​ខ្សែបន្ទាត់​ព្រំដែន ស្ថិត​ក្នុងស្រុក​លើក​ដែក និង​ស្រុក​កោះធំ​ចេញ​វិញ ប៉ុន្តែ​ភាគី​វៀតណាម​តែងតែ​ស្នើ​សុំ​ឱ្យ​កម្ពុជា​ទុក​ពេល​មួយ​រយៈ​ទៀត ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩​។​

​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹ​ម​ហុង ប្រាប់​ថា ស្ថាប័ន​លោក​មិន​ទាន់​មាន​សេចក្ដីសម្រេច​ថ្មី​ឆ្លើយ​តប​ទៅ​វៀតណាម​នៅឡើយ​ទេ ។​

​លោក វ៉ា គឹ​ម​ហុង ប្រាប់​ថា​៖ «​ខ្ញុំ​មិន​ទាន់​មាន​វិធានការ​អី​នៅឡើយ​ទេ យើង​កំពុង​សិក្សា​ពី​ដំណើរការ​ទៅ​មុខ​ទៀត​»​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា លោក កុយ គួ​ង ប្រាប់​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​នៅ​ថ្ងៃនេះ​ថា ក្រសួង​កំពុង​រង់ចាំ​ការ​បញ្ជាក់​ពី​ទីតាំង​សំណង់​ទាំងនោះ​ពី​គណៈកម្មការ​ព្រំដែន​ចម្រុះ​សិន​។​

​ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា មាន​មូលដ្ឋាន​នៅ​ក្រៅប្រទេស លោក ម៉ែ​ន ណាត យល់​ថា វៀតណាម​នៅ​តែ​ប្រព្រឹត្ត​ទ​ង្វើ​ដដែល​នេះ ដោយសារ​តែ​កម្ពុជា​មិន​បាន​យក​ករណី​នេះ​ប្ដឹង​ទៅ​សហគមន៍​អន្តរជាតិ​នោះ​ឡើយ​។​

​លោក ម៉ែ​ន ណាត ប្រាប់​ថា​៖ «​លោក ហ៊ុន សែន ជា​អធិបតី ត្រូវ​ហៅ​គណៈកម្មាធិការ​និង​ក្រសួងការបរទេស ត្រូវ​ជំនុំ​គ្នា ដើម្បី​ធ្វើ​ពាក្យបណ្ដឹង​វៀតណាម​ពី​ការ​រំលោភ​បូរណភាព​ទឹកដី​និង​ការ​គំរាមកំហែង​កម្ពុជា ទោះបីជា​សង់​សំណង់​រឹង​ក៏​ដោយ ទន់​ក៏​ដោយ ដើម្បី​ឱ្យ​ស្រប​ទៅ​គោលការណ៍​សមាគម​អាស៊ាន ស្រប​តាម​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស និង​ស្រប​យន្ត​កាល​អន្តរជាតិ ដែល​មាន​តុលាការ​យុត្តិធម៌​អន្តរជាតិ​ជា​មូលដ្ឋាន​។ ដូច្នេះ បើ​យើង​ធ្វើ​ច្បាប់​អន្តរជាតិ ប្ដឹង​តាម​យន្ត​កាល​អន្តរជាតិ យើង​ធានា​បាន​នូវ​ការ​គ្មាន​សង្គ្រាម​រវាង​ប្រទេស​»​។​

​កន្លង​ទៅ កម្ពុជា​ធ្លាប់​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​កម្ពុជា​ឱ្យ​បំភ្លឺ ក្រោយ​ពី​យោធា​វៀតណាម​បាន​ចល័ត​ទីតាំង​ឈរជើង​បោះ​តង់​តាម​បណ្តោយ​ព្រំដែន​ក្នុង​តំបន់​មិន​ទាន់​ឯកភាព​គ្នា​។​

​ចំណែក​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា ក៏​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​១១ ខែមិថុនា​ដែរ​ថា ចាប់តាំងពី​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩​មក ភាគី​វៀតណាម​បាន​បោះ​តង់​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម ទាំង​តំបន់​មិន​ទាន់​ឯកភាព​និង​តំបន់​ឯកភាព​គ្នា​រួច មាន​ចំនួន​២៥៦​ទីតាំង​៕

ប្រភព ៖ VOD