ប្រធានការិយាល័យប្រឆាំងភេរវកម្មអាម៉េកាំភ្លើងគំរាមបាញ់សម្លាប់ថៅកែហាងគុយទាវ

ប្រធាន​ការិយាល័យ​ប្រឆាំង​ភេរវកម្ម​នៃ​ក្រសួងមហាផ្ទៃ លោក ថ្លាង ភិន​រ៉ា ត្រូវ​បាន​ម្ចាស់​ហាង​គុយទាវ​អង្គរជុំ​សាខា​ទួល​គោក រាជធានី​ភ្នំពេញ បាន​ដាក់​ពាក្យ​ប្តឹង​ដោយ​ចោទ មន្ត្រី​នគរបាល​រូប​នេះ​បាន​ដក​កាំភ្លើង​គំរាម​បាញ់​សម្លាប់​លោក និង​ភរិយា​។​

​យោង​តាម​ពាក្យបណ្តឹង ហេតុការណ៍​ខាងលើ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២០​។​

​ឈ្មោះ ជុ​យ សុខ​ហេង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ទីលំនៅ​សព្វថ្ងៃ​ផ្ទះ​លេខ​៩១ ផ្លូវ​៥៩២ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ជា​ម្ចាស់​ហាង​គុយទាវ​អង្គរជុំ​សាខា​ទួល​គោក និង​អះអាង​ថា​ជា​ជន​រង​គ្រោះ​បាន​ប្ដឹង​លោក ថ្លាង ភិន​រ៉ា ទៅ​កាន់​ស្ថាប័ន​ចំនួន​៣៖

​ទី​១៖ ប្តឹង​ទៅ​កាន់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​
​ទី​២៖ ប្តឹង​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​
​ទី​៣៖ ប្តឹង​ទៅ​កាន់​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ការ​ប្ដឹង​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​នគរបាល​ខាងលើ បាន​ជេរ​ប្រមាថ និង​គំរាម​បាញ់​សម្លាប់​ជន​រង​គ្រោះ និង​ភរិយា ដោយ​ដក​កាំភ្លើង​ពី​ចង្កេះ​អា​មេ​បញ្ចូល​គ្រាប់​តម្រង់ ទៅ​លើ​ជន​រង​គ្រោះ និង​ភរិយា ដែល​កំពុង​ហូប​អាហារ​ថ្ងៃត្រង់​នៅ​ក្នុង​ហា​គុយទាវ​អង្គរជុំ សាខា​ទួល​គោក​ផ្ទាល់​តែ​ម្ដង​។​

​លោក ជុ​យ សុខ​ហេង បាន​រៀបរាប់​នៅ​ក្នុង​ពាក្យបណ្តឹង​ថា នៅ​ថ្ងៃ​កើតហេតុ​ថ្ងៃ​ទី​២០ ខែកញ្ញា វេលា​ម៉ោង​ប្រមាណ ១២​ថ្ងៃត្រង់ លោក​បាន​រៀបចំ​ការ​ហូប​ចុក​ជុំ​ជាមួយ​មិត្តភក្តិ​ប្រមាណ​៨​នាក់​ជា​លក្ខណៈ​មិត្តភាព នៅ​ទីតាំង​ហាង​គុយទាវ​របស់​ខ្លួន ព្រោះ​មិន​មានការ​បើក​លក់​នោះ​ទេ​ជា​ថ្ងៃ​បុណ្យ​ភ្ជុំ​។​

​លោក សុខ​ហេង រៀបរាប់​ទៀត​ថា លុះ​ការ​ហូប​ចុក​បាន​មួយសន្ទុះ ក៏​លោក ថ្លាង ភិន​រ៉ា ដើរ​ចូល​កន្លែង​ហូប​ចុក​របស់​លោក​ដោយ​មិន​មានការ​អញ្ជើញ​នោះ​ឡើយ តែ​ដោយសារ​ធ្លាប់​ស្គាល់គ្នា​ទើប​អ្នក​រួម​តុ​អនុញ្ញាត​ឱ្យ​លោក ថ្លាង ភិន​រ៉ា រួម​តុ​តែ​ម្តង​។​

​លោក សុខ​ហេង បន្ត​ថា ការ​ហូប​ចុក​បាន​បន្ត​រហូត​ដល់​ម៉ោង​ប្រមាណ​២​រសៀល មិត្តភក្តិ​មួយ​ចំនួន​បាន​ត្រឡប់​ទៅ​ផ្ទះ​អស់ នៅ​សល់​មនុស្ស​ប្រមាណ​តែ​៥​នាក់​ប៉ុណ្ណោះ រួម​មាន​រូប​លោក និង​ភរិយា​ផង អង្គុយ​ហូប​ចុក​មួយ​តុ​រួម​គ្នា​។ ពេល​នោះ​លោក ថ្លាង ភិន​រ៉ា ដែល​មាន​អាកា​រៈ​ស្រវឹងស្រា​ផង​នោះ ក៏​បាន​ចាប់ផ្តើម​ប្រើ​ពាក្យ​សម្តី​ព្រមាន​ពី​ការ​បិទ​ហាង ឬ​ដាក់​នគរបាល​ចាំ​ត្រួតពិនិត្យ​ជាតិ​អាល់កុល​នៅ​មុខ​ហាង​គុយទាវ​ជាដើម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក ថ្លាង ភិន​រ៉ា ថែម​ទាំង​បាន​អួតអាង​ថា ខ្លួន​អាច​ទូរស័ព្ទ​ទៅ​នាយ​ឧត្តមសេនីយ៍ ស ថេ​ត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឱ្យ​បិទ​ហាង​គុយទាវ​អង្គរជុំ​ពេល​ណា​ក៏​បាន​ថែម​ទៀត​ផង​។​

​នៅ​ក្នុង​ពាក្យបណ្តឹង​លោក សុខ​ហេង បាន​រៀបរាប់​ថា ក្រោយ​មានការ​លើក​ឡើង​បែប​នេះ លោក​ក៏​បាន​តមាត់​ទៅ​វិញ​ថា ហាង​របស់​លោក​លក់​គុយទាវ កាហ្វេ មិន​បាន​លក់​គ្រឿងញៀន​អី​នោះ​ទេ ហេតុ​អ្វី​ក៏​ចង់​បិទ​ហាង​របស់​លោក​។​

​បើ​តាម​ការ​រៀបរាប់​របស់​លោក សុខ​ហេង ក្រោយ​ពី​ប៉ះ​សម្តី​គ្នា​បែប​នេះ លោក ថ្លាង ភិន​រ៉ា ប្រធាន​ការិយាល័យ​ប្រឆាំង​ភេរវកម្ម​ក្រសួងមហាផ្ទៃ បាន​ដក​កាំភ្លើង​ពី​ចង្កេះ​រួច​អា​មេ​បញ្ចូល​គ្រាប់​ភ្ជង់​ទៅ​លើ​រូប​លោក និង​ភរិយា​។ លោក សុខ​ហេង បាន​បន្ត​ថា មិន​ត្រឹមតែ​បាន​ដក​កាំភ្លើង​មក​ភ្ជង់​នោះ​ទេ លោក ភិន​រ៉ា បាន​ប្រើស​ម្តី​ធ្ងន់​ៗ​គំរាម​សម្លាប់​រូប​លោក និង​ភរិយា​ថែម​ទៀត​ផង​។​

​ក្នុង​ពាក្យបណ្ដឹង​ដដែល​នេះ​ជន​រង​គ្រោះ​បាន​ទាមទារ​សំណង​ជំងឺ​ចិត្ត ១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក និង​បាន​ស្នើ​សូម​ឲ្យ​ច្បាប់​ផ្តន្ទាទោស​លើ​មន្ត្រី​នគរបាល​នោះ​ធ្ងន់ធ្ងរ​ជាទី​បំផុត មិន​អាច​លើកលែង​បាន ។​

​លោក ថ្លាង ភិន​រ៉ា មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​តប​បាន​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ កញ្ញា​នេះ ។ យ៉ាងណា​សំណុំរឿង​នេះ ត្រូវ​បាន​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បញ្ជា​ឲ្យ​កោះហៅ​លោក ថ្លាង ភិន​រ៉ា មក​សួរនាំ​និង​ធ្វើ​កំណត់​ចាត់ការ​តាម​ច្បាប់​ហើយ ។ នេះ​បើ​យោង​តាម​លោក​ឧត្តមសេនីយ៍ឯក អ៊ី សុខ​ឃី អគ្គស្នងការ​រង​នគរបាល​ជាតិ ដែល​ប្រាប់​បណ្តាញ​ព័ត៌មាន Fresh News នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា​នេះ ៕