រាជធានីភ្នំពេញ ៖ នាយឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានថ្លែងថា លទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស គិតត្រឹមរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែឧសភា គឺបានត្រួតពិនិត្យរកឃើញករណីល្មើសមានដល់ ១៩,០០៤ករណី ក្នុងនោះ ករណីល្មើសដោយម៉ូតូមានចំនួន ១៤,២៧១ករណី ចំពោះករណីល្មើស លើរថយន្ដ ឬយានយន្ដគ្រប់ប្រភេទមានចំនួន ៤,៧៣៣ករណី ។
នាយឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន ថ្លែងអោយដឹងបែបនេះ ក្នុងសន្និសីទសារព័ត៌មានស្ដីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ។
នាយឧត្ដមសេនីយ៍ លោកបានបញ្ជាក់ថា ក្នុងចំណោមបទល្មើសដោយម៉ូតូ មានករណីយានយន្ដអត់ស្លាកលេខ មានចំនួន១០ភាគរយ និងករណីល្មើសភ្លើងសញ្ញា ស្លាកសញ្ញាចរាចរណ៍ មានចំនួន៨ភាគរយ និងបញ្ហាស្រវឹង មានចំនួន ២ភាគរយ និងករណីមិនពាក់មួកសុវត្ថិភាពក្នុងការបើកបរម៉ូតូ គឺមានប្រមាណ ៧៦ភាគរយ ក្នុងចំណោមអ្នកជិះម៉ូតូទាំងអស់ ។ ក្រៅពីនេះ មានករណីទូរស័ព្ទ ពេលកំពុងបើកបរ ការដឹកលើសចំណុះជាដើម ។
ចំពោះរថយន្ដវិញ បទល្មើសដែលច្រើនជាងគេ គឺការមិនពាក់ខ្សែក្រវ៉ាត់ គឺមានរហូតដល់៤៨ភាគរយ និងល្មើសល្បឿនមាន២៦ភាគរយ ល្មើសសញ្ញាចរាចរណ៍មាន៦ភាគរយ ដឹកលើសចំណុះ៦ភាគរយ ទូរស័ព្ទក្នុងពេលបើកបរមានចំនួន៦ភាគរយ ។ ដោយឡែកករណីគ្មានប័ណ្ណបើកបរ មានចំនួន៤ភាគរយ អត់ស្លាកលេខ និងប្រើប្រាស់គ្រឿងស្រវឹងមានចំនួន ៣ភាគរយ ៕