ម៉ូស្គូ ៖ ប្រទេសរុស្ស៊ី បានរាយការណ៍ករណី រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ១១.៦៥៦ករណីបន្ថែម ក្នុងរយៈពេល២៤ម៉ោង ដែលនាំឲ្យចំនួនអ្នកឆ្លងសរុប កើនដល់ ២២១.៣៤៤ ករណី នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ ចេញផ្សាយនៅថ្ងៃទី១១ ឧសភានេះ ។
ទិន្នន័យរបស់មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងរបស់រុស្ស៊ី បានបង្ហាញថា ការកើនឡើងមួយថ្ងៃៗ មានជាង១ម៉ឺនករណី ក្នុងរយៈពេល ៩ថ្ងៃជាប់ៗគ្នា នៅក្នុងប្រទេសរុស្ស៊ី ពោលគឺចាប់ពីថ្ងៃទី០៣ ឧសភាមក ។
ចំនួនអ្នកស្លាប់ បានកើនឡើងចំនួន៩៤ នាក់បន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ នាំឲ្យចំនួនអ្នកស្លាប់សរុបឡើងដល់ ២.០០៩ នាក់ហើយ ។
ទីក្រុងមូស្គូ ដែលជាតំបន់រងគ្រោះខ្លាំងជាងគេរបស់ប្រទេសរុស្ស៊ី បានបញ្ជាក់ថា មានករណីឆ្លងថ្មីចំនួន ៦.១៦៩បន្ថែម ដែលសរុបនៅទូទាំងទីក្រុង មានអ្នកឆ្លងចំនួន ១១៥.៩០៩ករណី ។
តាមរបាយការណ៍សុខាភិបាលរុស្ស៊ី អោយដឹងថា ការធ្វើតេស្តមន្ទីរពិសោធន៍ ជាង៥.៦លាន សម្រាប់អ្នកសង្ស័យឆ្លងវីរុស ត្រូវបានធ្វើឡើងនៅទូទាំងប្រទេស រហូតមកដល់ពេលនេះ ៕