រាជធានីភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ហាមមន្ត្រីនគរបាលអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ទាំងអស់ ដាច់ខាតមិនត្រូវឃាត់អ្នកបើកបរ ដើម្បីត្រួតពិនិត្យឯកសារឡើយ លើកលែងតែមានអំពើល្មើសជាក់ស្ដែងប៉ុណ្ណោះ ដូចជា មិនមានស្លាកលេខ មិនពាក់មួកសុវត្ថិភាព មិនពាក់ខ្សែក្រវ៉ាត់ និយាយទូរស័ព្ទពេលបើកបរ ជាដើម ។ល។ នេះបើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
សូមជម្រាបថា នៅព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយវិធានការពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅអគ្គស្នងការដ្ឋាននគបាលជាតិ ។ កិច្ចប្រជុំដ៏មានសារសំខាន់នេះ មានការចូលរួមពីអគ្គស្នងការរង ប្រធាន-អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្នងការ-ស្នការរងទទួលផែនចរាចរណ៍ និងសណ្តាប់ធ្នាប់ទាំង២៥រាជធានី-ខេត្ត ។
យោងតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ បានអោយដឹងថា ក្នុងរយៈពេល១០ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មានយានយន្ត ចំនួន ១៨,៤៥០គ្រឿង ល្មើសច្បាប់ ស្មើនឹង ១៩,១៦០ករណី ត្រូវបានផាកពិន័យ តាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស ។
របាយការណ៍ដដែលបានបង្ហាញថា ក្នុងចំណោមយានយន្ដទាំង ១៨,៤៥០គ្រឿងនេះ មានម៉ូតូចំនួន ១៣,៦០៣គ្រឿង ល្មើសច្បាប់ស្មើនឹង១៤,៣៤០ករណី និងរថយន្ដ ចំនួន៤៨,៤៧គ្រឿង ល្មើសច្បាប់ ស្មើនឹង៤,៨២០ករណី ។
ក្នុងនោះអំពើល្មើសភាគច្រើន អត់មួកសុវត្ថិភាព, អត់កញ្ចក់ និងជិះបញ្ជ្រាស់ ។ ដោយឡែក សម្រាប់អ្នកបើករថយន្ដ អំពើល្មើសរួមមាន មិនពាក់ខ្សែក្រវ៉ាត់, ល្មើសល្បឿន, បណ្ណបើកបរ, ដឹកលើសចំណុះ, ផ្ទុកទំនិញលើស, ស្លាកលេខ និងភ្លើង ៕