រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិតព្រមានដល់មន្ទីរសម្រាកព្យាបាល និងសម្ភព សុធារិទ្ធបែកចាន ករណីព្យាបាលប្តីប្រពន្ធ២នាក់ ដែលបានជួបថ្នាក់ចរាចរណ៍ រងរបួសរលាត់ដៃជើង និងមុខមាត់ ត្រឹមលាងរបួស និងព្យួរសេរ៉ូមម្នាក់១ប្លោក តម្រូវឲ្យបង់ប្រាក់ដល់ទៅជិត១ពាន់ដុល្លារ ធ្វើឲ្យជនរងគ្រោះទាំង២ រន្ធត់ចិត្ត ស្ទើរដួលសន្លប់ ។
លិខិតរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ បានព្រមានចំពោះលោកវេជ្ជបណ្ឌិត គូរ គីបហៀក ប្រធានមន្ទីរសម្រាកព្យាបាល និងសម្ភព សុធារិទ្ធបែកចាន និងលោកវេជ្ជបណ្ឌិត ស្រស់ សុភ័ក្ត្រ ម្ចាស់ទុនមន្ទីរសម្រាកព្យាបាល និងសម្ភព សុធារិទ្ធបែកចាន ដែលមានទីតាំងនៅផ្ទះលេខ៤១ ផ្លូវជាតិលេខ៤ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ទៅលើករណីដែលបានយករថយន្ត គិលានសង្គ្រោះ ទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ មកព្យាបាលនៅក្នុង មន្ទីរសំរាកព្យាបាលរបស់ខ្លួន ខុសទៅនឹងសារាចរណែនាំរបស់ក្រសួងសុខាភិបាល ។
លើសពីនេះ មន្ទីរសម្រាកព្យាបាល និងសម្ភព សុធារិទ្ធបែកចាន ក៏យកតម្លៃសេវាព្យាបាលច្រើនលើសពីប្រក្រតី ដែលមិនមានតារាងតម្លៃច្បាស់លាស់ ដាក់នៅក្នុងមន្ទីរសំរាកព្យាបាល សម្រាប់ឱ្យអតិថិជន ឬអ្នកជំងឺបានដឹងជាមុន ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ។ បន្ថែមលើការព្រមាននេះ ក្រសួងបានធ្វើការផាកពិន័យស្របតាមច្បាប់ដែលមានជាធរមាន ។
ក្រោយពីចេញលិខិតនេះទៅលោកប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល ត្រូវអនុវត្តតាមដានរាល់សកម្មភាពត្រួតពិនិត្យរបស់លោកវេជ្ជបណ្ឌិត គូរ គឹមហៀក និងលោកវិជ្ជបណ្ឌិត ស្រស់ សុភ័ក្ត្រា ជាប្រចាំ ដើម្បីធ្វើរបាយការណ៍ផ្ញើមកក្រសួងសុខាភិបាល ។
សូមជម្រាបថា ប្តីប្រពន្ធ២នាក់បានជួបថ្នាក់ចរាចរណ៍ រងរបួសរលាត់ដៃជើង និងមុខមាត់ មន្ទីរសម្រាកព្យាបាល និងសម្ភព សុធារិទ្ធបែកចាន បានចេញរថយន្តគិលានសង្គ្រោះ ទៅដឹកអ្នករងរបួស នាំយកមកចូល ទៅលាងរបួស និងព្យួរសេរ៉ូមម្នាក់១ប្លោក នៅមន្ទីរសម្រាកនេះ ។ លុះពេលខាងមន្ទីរ ចេញវិក័យបត្របង់លុយស្រាប់តែ អស់ជិត១ពាន់ដុល្លារ ធ្វើឲ្យប្តីប្រពន្ធរងគ្រោះហួសចិត្ត ស្ទើរទន់ជង្គង់ដួលសន្លប់ ។
ជនរងគ្រោះជាប្តីឈ្មោះ បឿង បុល អាយុ ៤៣ឆ្នាំ និងប្រពន្ធឈ្មោះ ណា រ៉ាវី អាយុ ៤១ ឆ្នាំ រស់នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅវេលាយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ។ ចំណែកឯ មន្ទីរសម្រាកព្យាបាល និងសម្ភព សុធារិទ្ធបែកចាន ស្ថិតនៅផ្ទះលេខ៤០ ផ្លូវជាតិលេខ៤ ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គឈ្នួល ខេត្តកណ្តាល ។
ប្តីប្រពន្ធជនរងគ្រោះ បានប្រាប់ឲ្យដឹងថា ក្រោយពីពួកគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ មានរថយន្តទៅដឹក ហើយក៏បាននាំចូលមកលាងមុខរបួសរុំដៃជើង និងព្យួរសេរ៉ូមអស់ម្នាក់១ប្លោក លុះពេលខាងមន្ទីរពេទ្យចេញវិក័យបត្របង់លុយចំនួន ២សន្លឹកសរុបចូលគ្នា មានចំនួនទឹកប្រាក់ដល់ ៧៥០ដុល្លារ ធ្វើឲ្យពួកគាត់រន្ធត់ចិត្តជាខ្លាំង ហើយពេលនោះ ខាងមន្ទីរពេទ្យ បានបង្ខំឲ្យពួកគាត់យកលុយមកបង់ថ្លៃពេទ្យជាបន្ទាន់ បើដោះស្រាយមិនទាន់នោះទេ ត្រូវទុកម៉ូតូនៅទីនោះសិន ចាំយកលុយមកគ្រប់ចំនួនចាំដោះស្រាយគ្នា ។
ប្តីប្រពន្ធជនរងគ្រោះ បានបញ្ជាក់ថា ពួកគាត់មានជីវភាពក្រីក្រណាស់ ពោលគឺរកមួយថ្ងៃសម្រាប់ហូបមួយថ្ងៃ ហើយគ្រាន់តែចូលលាងមុខរបួសរលាត់ដៃជើង និងព្យូរសេរ៉ូមម្នាក់១ប្លោកសោះ ហេតុអ្វីខាងមន្ទីរសម្រាកព្យាបាល និងសម្ភព សុធារិទ្ធបែកចាន គិតលុយថ្លៃបែបនេះ ? តើពួកគាត់រកប្រាក់ឯណាបានឲ្យនោះ ។
ក្រោយពីមានការតវ៉ាពីក្រុមសាច់ញាតិ និងអ្នកជំងឺទើបប្រធានមន្ទីរពេទ្យលោកវេជ្ជបណ្ឌិត គូរ គីបហៀក ចុះមកត្រឹម៤៥០ដុល្លារវិញ ចំណែកជនរងគ្រោះ មិនចង់មានរឿងវែងឆ្ងាយ ក៏ព្រមបង់លុយតាមហ្នឹង ៕