រាជធានីភ្នំពេញ ៖ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ បង្ហាញប្រតិកម្មយ៉ាងខ្លាំងក្លា និងមិនអាចទទួលយកបានជាដាច់ខាត ចំពោះការលើកឡើងរបស់លោក ខាន់ សុវណ្ណ ដែលចង់ឱ្យមានការផ្សឹកព្រះសង្ឃព្រះជន្នក្រោម ៥៦វស្សា ដើម្បីយកកម្លាំងពលកម្មទៅបម្រើវិស័យសំណង់កំពុងខ្វះខាត ។
សូមជម្រាបថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០កន្លងទៅ លោក ខាន់ សុវណ្ណ បានសរសេរនៅលើ ហ្វេសប៊ុក របស់ខ្លួនដែលឈ្មោះថា«សុវណ្ណ ខាន់ អពប» យ៉ាងដូច្នេះថា «កម្ពុជាកំពុងខ្វះខាតកម្លាំង ពលកម្មក្នុងវិស័យសំណង់ និងត្រូវការកម្មករ ជំនាញ និងគ្មានជំនាញជាច្រើនម៉ឺននាក់ដើម្បីបង្គ្រប់ទីផ្សារ ។ 1/ ចាត់ការផ្សឹកលោកសង្ឃដែលកំពុងពេញកម្លាំងក្រោម អាយុ៥៦ឆ្នាំចោលឲ្យអស់ ។ 2/ ចាត់ការតម្លើងប្រាក់ឈ្នួលរបស់កម្មករសំណង់នោះឲ្យបានស្មើតម្លៃពលកម្មរបស់ប្រទេសថៃ ។ តើអាចទៅរួចដែរទេ ? »
ក្រោយពីការបង្ហោះសាររបស់លោកខាន់ សុវណ្ណ ប្រមាថមាក់ងាយមកលើព្រះសង្ឃពុទ្ធសាសនាគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេសបែបនេះ នៅថ្ងៃទី២០ ឧសភា ២០២០ គណៈសង្ឃនាយក បានចេញសេចក្តីថ្លែងការណ៍ ធ្វើការបដិសេធយ៉ាងដាច់អហង្ការចំពោះគំនិតយោបល់នេះ ហើយពុំអាចទទួលយកបានជាដាច់ខាត ។
សេចក្តីថ្លែងការណ៍ របស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា មានដូចខាងក្រោមនេះ ៖